ទិវារត់ប្រណាំងទីក្រុងអរិយក្សត្រលើកទី១នឹងរៀបចំឡើងនៅថ្ងៃទី១២ ខែកុម្ភៈខាងមុខនេះ

0

ដោយ: សហការី

កណ្តាល: សហព័ន្ធខ្មែរអត្តពលកម្ម ស្ម័គ្រចិត្តបានប្រកាសថា ខ្លួននឹងរៀបចំទិវារត់ប្រណាំងក្រុងអរិយក្សត្រលើកទី១ (The 1st Areyksat Fun Run) ដែលនឹងធ្វើឡើងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ។

កម្មវិធីរត់ប្រណាំងនេះ នឹងរៀបចំឡើងនៅបរិវេណសាលាបឋមសិក្សាសុវណ្ណសាគរ ស្ថិតនៅក្នុងឃុំល្វាឯម ស្រុកអរិយក្សត្រ ខេត្តកណ្តាល។

លោក ពៅ ហុក ប្រធានចាត់ការទូទៅ នៃទិវារត់ប្រណាំងក្រុងអរិយក្សត្រលើកទី១ បានបញ្ជាក់ឲ្យដឹងនាព្រឹកថ្ងៃទី៣ កុម្ភៈនេះថា ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយសហព័ន្ធ ក្នុងគោលបំណងរួមចំណែកលើកកម្ពស់សុខភាព បរិស្ថានស្អាត និងបំផុសវិស័យកីឡាអត្តពលកម្ម ឈានឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ប្រធានចាត់ការទូទៅរូបនេះបានលើកឡើងថា ចំពោះទិសដៅបន្តនៃព្រឹត្តិការណ៍នេះ សហព័ន្ធនឹងរៀបចំគណៈកម្មការប្រកួត មានយុទ្ធសាស្ត្រប្រមូលផ្តុំដៃគូគៀងគរឧបត្ថម្ភ មកជួយជ្រោមជ្រែង ដើម្បីជំរុញវិស័យកីឡា​អត្តពលកម្ម ឲ្យមានការរីកចម្រើនបន្ថែមទៀត ដោយពង្រីកសមាជិកចូលរួមឲ្យបានច្រើន ហើយសហព័ន្ធនឹងជួយឱ្យអ្នកចូលរួមមានក្លឹបហាត់ មានគ្រូបង្វឹកកីឡា ដែលមានវិជ្ជាជីវៈ។

លោកបន្តថា សហព័ន្ធនឹងស្វែងរកដៃគូសហការឧបត្ថម្ភ ដើម្បីអាចជួយទៅកាន់ពួកគាត់វិញ។ ហើយសម្រាប់ផែនការទៅមុខ យើងនឹងមានការរៀបចំការប្រកួតជាច្រើន ដែលនឹងមានចំនួន២លើកក្នុងមួយខែ ព្រមទាំងមានការប្រកួតប្រចាំត្រីមាស និងឆមាសទៀតផង ដើម្បីវាស់វែងសមត្ថភាព ដើម្បីជ្រើសរើសកីឡាករ កីឡាការិនីខ្លាំងៗឲ្យបានច្រើន ដើម្បីអភិរក្សប្រភេទកីឡាឲ្យដើរទៅមុខ។

ទិវារត់ប្រណាំងក្រុងអរិយក្សត្រលើកទី១នេះ ធ្វើឡើងលើ ៣ វិញ្ញាសារ រួមមាន ៤គ.ម ៨គ.ម ១៦គ.ម។

ទន្ទឹមនឹងនេះ សហព័ន្ធខ្មែរអត្តពលកម្ម បានអំពាវនាវដល់ប្រជាជន ជាពិសេសយុវជន ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ ឲ្យបានច្រើនកុះករ ដើម្បីសុខភាពផង និងដើម្បីបំផុសវិស័យអត្តពលកម្ម ឲ្យបានខ្លាំងក្លាផង ដើម្បីលើកកម្ពស់អ្នកកីឡាជំនាញ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត សម្រាប់ត្រៀមលក្ខណៈចូលរួមប្រកួតស៊ីហ្គេមនៅឆ្នាំ២០២៣៕

LEAVE A REPLY

Please enter your comment!
Please enter your name here