មកស្គាល់កូនស្រីដ៏ឆ្នើមទាំង៣របស់អ្នកឧកញ៉ា សុខ គង់ដែលកំពុង ដឹកនាំអាជីវកម្មជាច្រើន

0

ដោយៈ សុផារី

ភ្នំពេញៈ អ្នកឧកញ៉ា សុខ គង់ ដែលជាមហាសេដ្ឋីមានជំនួញជាច្រើននៅក្នុងដៃនៅក្នុងប្រទេសកម្ពុជា មិនថាអាជីវកម្មប្រេងសាំង សណ្ឋាគារលំដាប់ផ្កាយប្រាំ ក្រុមហ៊ុនអចលនទ្រព្យ សុខាភិបាល និងគម្រោងអភិវឌ្ឍធំៗជាច្រើន។​​

សព្វថ្ងៃនេះ ការងារមួយចំនួនធំរបស់អ្នកឧកញ៉ា សុខ គង់ បានប្រគល់ឱ្យកូនៗរបស់លោក ដើម្បីសម្រាលបន្ទុកផង និងដើម្បីជាការបណ្តុះបណ្តាលកូន លើការគ្រប់គ្រង ដឹកនាំមុខជំនួញធំៗផង។

តាមរយៈសៀវភៅអាថ៌កំបាំង នៅពីក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ាបណ្ឌិត សុខ គង់ បានឱ្យដឹងថា អ្នកឧកញ៉ា សុខ គង់ មានបុត្រាបុត្រីទាំងអស់មានចំនួន៦នាក់ រួមមាន ប្រុសចំនួន ៣នាក់ (កូនទី១ ទី២ ទី៣) និងស្រី៣នាក់ (កូនទី៤ ទី៥ និងទី៦)។

កូនស្រីទាំង៣នាក់របស់អ្នកឧកញ៉ា សុទ្ធតែមានតំណែង និងតួនាទីជាថ្នាក់ដឹកនាំជាន់ខ្ពស់ របស់ក្រុមហ៊ុនជាច្រើនរបស់អ្នកឧកញ៉ា។

ថ្ងៃនេះគេហទំព័រPropertyarea.asia សូមណែនាំឱ្យស្គាល់បុត្រីឆ្នើមទាំងបីរូបរបស់អ្នកឧកញ៉ា ដែលម្នាក់ៗមានប្រវត្តិការសិក្សា ចប់មកពីក្រៅប្រទេស និងបាននិងកំពុងចូលរួមជាអ្នកកាច់ចង្កូត អាជីវកម្មជាច្រើនរបស់ឳពុក រួមមាន៖

បុត្រីច្បង (កូនទី៤)៖ លោកជំទាវឧកញ៉ា សុខ ចន្ថា ជាកូនស្រីទី៤ បានសិក្សានៅប្រទេសសិង្ហបុរី និងបន្តការសិក្សានៅប្រទេសអូស្ត្រាលី ផ្នែកគ្រប់គ្រង ហើយបានរៀបអាពាហ៍ពិពាហ៍ ជាមួយឧកញា ណាំង សុភាត អាណិកជនខ្មែររស់នៅសហរដ្ឋអាមេរិកនៅឆ្នាំ២០០៧។

បន្ទាប់ពីបានរៀបអាពាហ៍ពិពាហ៍មួយរយៈ បានចាកចេញពីក្រុមគ្រួសា រ ទៅរស់នៅសហរដ្ឋអាមេរិក អស់រយៈពេលជាងដប់ឆ្នាំ។ លោកជំទាវឧកញ៉ា សុខ ចន្ថា មានបុត្រាបុត្រីចំនួន៥នាក់ គឺប្រុសពីរនាក់និងស្រីបីនាក់។

នៅឆ្នាំ២០១៩ បន្ទាប់ពីអ្នកឧកញ៉ាបណ្ឌិត សុខ គង់ ទទួលការវះកាត់ព្យាបាលបានដោយជោគជ័យ លោកជំទាវឧកញ៉ា សុខ ចន្ថា បានសម្រេចចិត្តវិលត្រឡប់ មកប្រទេសកម្ពុជាវិញទាំងគ្រួសារ ដើម្បីរស់នៅក្បែរគ្នា និងជួយការងារលោក។

ការសម្រេចចិត្តនេះ ធ្វើឱ្យអ្នកឧកញ៉ាបណ្ឌិត និងភរិយាមានការសប្បា​យចិត្ដយ៉ាងខ្លាំង ព្រោះកូនចៅរបស់គាត់មិនពិបាក ធ្វើដំណើរឆ្ងាយមកលេងគាត់ ឬគាត់មិនចាំបាច់ធ្វើដំណើរក្នុងចម្ងាយផ្លូវដ៏វែងឆ្ងាយ ដើម្បីទៅលេងកូន និងចៅជាទីស្រឡាញ់រៀងរាល់ឆ្នាំទៀតនោះទេ។

លោកជំទាវឧកញ៉ា សុខ ចន្ថា មានតួនាទីជា អនុប្រធានក្រុមហ៊ុនសូគីម៉ិច អ៊ុនវេសមេន គ្រុប ប្រធានក្រុមហ៊ុនសុខារៀលអេស្តេត ឯ.ក និងអនុប្រធាន ក្រុមហ៊ុនសុខាអូតែល និងជានាយកប្រតិបត្តិក្រុមហ៊ុនបូកគោហ្វាម ឯ.ក ។

បុត្រីទី២ (កូនទី៥) លោកជំទាវឧកញ៉ាសុខ ចន្ធី ជាកូនទី៥ បានសិក្សានៅប្រទេសសិង្ហបុរី និងបន្តការសិក្សានៅប្រទេសអូស្ត្រាលី ហើយបានបញ្ចប់ការសិក្សាផ្នែកទីផ្សារ នៅប្រទេសអូស្ត្រាលី ព្រមទាំងបានរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ២០០៦ ជាមួយលោកឧកញ៉ាសាយ សុភ័ត្រា ដែលជាអតីតនិស្សិតសិក្សា នៅប្រទេសអូស្ត្រាលីដែរ។

ក្រុមគ្រួសារនេះ មានបុត្រីចំនួនបីនាក់។ លោកជំទាវឧកញ៉ា សុខ ចន្ទី ព្រមទាំងស្វាមី បានបម្រើការងារនៅក្នុងក្រុមហ៊ុនសូគីម៉ិច អិនវេសមេន គ្រុប មានតួនាទីជាអនុប្រធាន ក្រុមហ៊ុនសុខារៀលអីស្តេត ឯ.ក ។

បុត្រីទី៣ (កូនពៅ)  ជំទាវឧកញ៉ា សុខ ចន្ធូ ជាកូនទី៦ បានបញ្ចប់ការសិក្សានៅប្រទេស អូស្ត្រាលីខាងផ្នែកគណនេយ្យនិងហិរញ្ញវត្ថុ។ ជំទាវឧក​ញ៉ា សុខ ចន្ធូ ជាភរិយា របស់ឯកឧត្តមឧត្តមសេនីយ៍ឯកបណ្ឌិត ងិន បាណាល់ អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ។

លោកជំទាវមានបុត្រា បុត្រីចំនួន៣នាក់ ប្រុស១នាក់ និងស្រី២នាក់។ លោកជំទាវឧកញ៉ា សុខ ចន្ធូ មានតួនាទីជា អនុប្រធានក្រុមហ៊ុនសូគីម៉ិច អ៊ុនវេសមេន គ្រុប ទទួលកិច្ចការផ្នែកហិរញ្ញវត្ថុ។

កន្លងមក អ្នកឧកញ៉ាបណ្ឌិតសុខ គង់ បានរំឭកជារឿយៗថា លោកបានតម្រង់ទិស នៃការសិក្សារបស់កូនស្រីទាំងបីនាក់ ដើម្បីមកជួយការងាររបស់លោកទៅថ្ងៃក្រោយ ដោយកូនស្រីទី១ ឱ្យរៀនផ្នែកគ្រប់គ្រង ហើយកូនស្រីទី២ ឱ្យរៀនផ្នែកទីផ្សារ រីឯកូនស្រីទីបីឱ្យរៀនផ្នែកគណនេយ្យ។

អ្នកឧកញ៉ាបណ្ឌិតបន្តថា នៅពេលរៀនចប់ ពួកគេអាចធ្វើការរួមគ្នាជួយគាត់ជំរុញក្រុមហ៊ុន ឱ្យកាន់តែរីកចម្រើន ព្រោះអ្នកឧកញ៉ាបណ្ឌិតតែម្នាក់ឯង លោកគ្រប់គ្រងការងារ មិនឈ្នះនោះទេ ពិសេសពេលដែលវ័យរបស់លោកកាន់តែច្រើន មុខជំនួញកាន់តែធំ។

ប៉ុន្តែដោយក្តីស្រឡាញ់ចំពោះកូនៗ ទោះជាបំណងប្រាថ្នារបស់លោកដូច្នេះក៏ដោយ ក៏លោក និងភរិយាតែងគោរព តាមការសម្រេចចិត្តរបស់កូនៗដែរ ដូចករណីលោកជំទាវឧកញ៉ា សុខ ចន្ថា ចង់ទៅរស់នៅសហរដ្ឋអាមេរិកជាមួយស្វាមី ក៏លោកសុខចិត្តអនុញ្ញាត តាមការសម្រេចរបស់កូនស្រីដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here