ដោយ: គង់ លាងហួរ
ប៉េកាំង: យោងតាមការស្ទង់មតិរបស់វិស័យឯកជន បានបង្ហាញថា វិស័យសេវាកម្មរបស់ប្រទេសចិន ក្នុងខែមករាបានកើនឡើងជាលើកដំបូង ក្នុងរយៈពេល៥ខែ ដោយសារកំណើននៃការចំណាយ និងការធ្វើដំណើរ។
សន្ទស្សន៍អ្នកគ្រប់គ្រងការទិញសេវាកម្មរបស់ Caixin/S&P Global បានកើនឡើងដល់៥២,៩ ក្នុងខែមករា ធៀបនឹង៤៨ក្នុងខែធ្នូ ឆ្នាំ២០២២។
ការលុបចោលវិធានការសូន្យកូវីដ១៩ ជាបន្ទាន់របស់ទីក្រុងប៉េកាំង និងការឆ្លងរាលដាលលឿនជាងការរំពឹងទុក ដែលជំរុញឱ្យមានតម្រូវការសេវាកម្ម ជាពិសេសក្នុងអំឡុងពេលថ្ងៃឈប់សម្រាក បុណ្យចូលឆ្នាំចិនពេញមួយសប្តាហ៍ បានកំណត់ដំណាក់កាល សម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចយ៉ាងលឿន និងពេញលេញ។
ការប្រារព្ធពិធីបុណ្យចូលឆ្នាំចិននៅឆ្នាំនេះ គឺជាលើកដំបូងហើយ ក្នុងរយៈពេល៣ឆ្នាំ ដោយគ្មានការទប់ស្កាត់ទម្រង់ណាមួយឡើយ។

ប្រទេសចិនបានបោះបង់ចោល គោលនយោបាយសូន្យកូវីដ១៩ដ៏តឹងរឹងរបស់ខ្លួន កាលពីដើមខែធ្នូ ដែលអនុញ្ញាតឱ្យប្រជាជនអាចធ្វើដំណើរចេញក្រៅឡើងវិញ បន្ទាប់ពីផ្ទុះការតវ៉ាប្រឆាំង នឹងវិធានការរបស់រដ្ឋាភិបាលនេះ។
លោក Wang Zhe សេដ្ឋវិទូជាន់ខ្ពស់នៃក្រុមហ៊ុន Caixin Insight Group បានមានប្រសាសន៍ថា “បន្ទាប់ពីរងការវាយប្រហារដោយរលកចុងក្រោយនៃជំងឺកូវីដ ការងារសេដ្ឋកិច្ចគួរតែផ្តោតលើ ការពន្លឿនការស្តារសេដ្ឋកិច្ច និងការលើកកម្ពស់ផលិតកម្មធម្មតា និងសណ្តាប់ធ្នាប់សង្គម”។
ការបើកដំណើរការឡើងវិញរបស់ប្រទេសចិន ក៏បានជំរុញការនាំចេញសេវាកម្មផងដែរ ដោយសន្ទស្សន៍រងនៃការបញ្ជាទិញ និងនាំចេញថ្មី បានកើនឡើងក្នុងខែមករា បើធៀបនឹងការធ្លាក់ចុះ នៅក្នុងខែធ្នូ ឆ្នាំ២០២២។
កាលពីខែមករាកន្លងទៅ បណ្តាក្រុមហ៊ុន ដែលត្រូវបានគេស្ទង់មតិ បានអះអាងថា “ពួកគេបានជួបប្រទះ នឹងការកើនឡើងនៃថ្លៃថាមពល វត្ថុធាតុដើម និងការកាត់បន្ថយបុគ្គលិក”។
ទោះជាយ៉ាងនេះក្តី ក្រុមហ៊ុនទាំងនោះ នៅតែមានសុទិដ្ឋិនិយមអំពីទស្សនវិស័យនៃការស្តារឡើងវិញ សម្រាប់រយៈពេល១២ខែខាងមុខ បន្ទាប់ពីទីក្រុងប៉េកាំង លុបចោលវិធានការសូន្យកូវីដរបស់ខ្លួន។
លោក Wang បានបន្ថែមថា “ការកែលម្អការរំពឹងទុក ការស្ដារឡើងវិញនូវទំនុកចិត្ត ការបង្កើនប្រាក់ចំណូល ការពង្រីកការប្រើប្រាស់ និងការជំរុញតម្រូវការក្នុងស្រុក នឹងស្ថិតក្នុងចំណោមអាទិភាពជាច្រើនផងដែរ”៕







