រដ្ឋមន្រ្តីការពារជាតិឥណ្ឌាសរសើរលោកបណ្ឌិតហ៊ុន ម៉ាណែតថាជាមេដឹកនាំប្រកបដោយថាមភាព

0

ដោយៈ ច្រាយ ចំណាន

ឥណ្ឌាៈ លោកRajnath Singh រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋឥណ្ឌា បានមានប្រសាសន៍ថា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត គឺជាថ្នាក់ដឹកនាំវ័យក្មេង ប្រកបដោយថាមភាពមួយរូប ដែលមានសារសំខាន់សម្រាប់អនាគតរបស់ប្រទេសកម្ពុជា។

ក្នុងជំនួបជាមួយ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីញូវដែលី សាធារណរដ្ឋឥណ្ឌា លោករចនា ស៊ីង រដ្ឋមន្ត្រីការពារជាតិឥណ្ឌា ក៏បានកត់សម្គាល់ផងដែរ អំពីកំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័សរបស់កម្ពុជា ព្រមជាមួយនឹងការកោតសរសើរ អំពីជោគជ័យរបស់កម្ពុជា ក្នុងយុទ្ធ​នាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ច របស់គណៈប្រតិភូកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទនាឱកាសនេះ ដែលពិតជាបានបង្ហាញអំពីចំណងមិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ជាពិសេសស្របពេលដែលកម្ពុជា-ឥណ្ឌា បានប្រារព្ធខួបលើកទី៧០ នៃចំណងការទូតផ្លូវការ ដោយមានការប្តេជ្ញាចិត្តរួមក្នុងការជំរុញឱ្យទំនាក់ទំនងទ្វេរភាគី បានឈានឡើងដល់កម្រិតខ្ពស់ឡើងបន្ថែមទៀត ជាពិសេសនៅក្នុងវិស័យវប្បធម៌ ការអភិវឌ្ឍធនធានមនុស្ស ការតភ្ជាប់ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងវិស័យយោធា។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជម្រាបជូន លោករចនា ស៊ីង នូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រួមជាមួយនឹងការចូលរួមអបអរសាទរ ចំពោះការប្រារព្ធទិវាសាធារណរដ្ឋ ខួបលើកទី៧៤ (74th Republic Day) របស់សាធារណរដ្ឋឥណ្ឌា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នាពេលថ្មីៗនេះ។

លោកក៏បានជម្រាបជូន លោករដ្ឋមន្ត្រីការពារជាតិឥណ្ឌា អំពីលទ្ធផល និងទិសដៅសហប្រតិបត្តិការមួយចំនួន ដែលគ្រោងនឹងលើកឡើងពិភាក្សាជាមួយនឹងមេបញ្ជាការកងទ័ពជើងគោកឥណ្ឌា ជាពិសេសគម្រោងនៃការចុះហត្ថលេខា លើឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ (TOR) រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ដែលជាជំហានថ្មីមួយទៀតក្នុងការភ្ជាប់ទំនាក់ទំនងក្នុងកម្រិតកងទ័ពជើងគោក និងជាការបើកច្រកឱ្យមានកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងអង្គភាព និងអង្គភាពថ្នាក់យុទ្ធវិធី។

ពាក់ព័ន្ធនឹងការលើកឡើងនេះ លោករដ្ឋមន្ត្រី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរួម របស់កងទ័ពជើងគោកនៃប្រទេសទាំងពីរ ក្នុងបន្តថែរក្សា និងលើកកម្ពស់ទំនាក់ទំនង រហូតសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើនក្នុងរយៈកាលកន្លងមកនេះ ព្រមជាមួយនឹងការគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ប្រទេសឥណ្ឌា ក្នុងការបន្តជួយឧបត្ថម្ភគាំទ្រដល់កងយោធពលខេមរភូមិន្ទ ជាពិសេសលើការ បណ្តុះបណ្តាលធនធានមនុស្ស សំដៅធ្វើយ៉ាងណា លើកកម្ពស់កិច្ចសហប្រតិបត្តិការយោធា នៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងឈានឡើងពីមួយដំណាក់កាលទៅមួយដំណាក់កាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here