ដោយៈ សុខុម
បាងកក: មជ្ឈមណ្ឌលស៊ើបការណ៍សម្ងាត់ ផ្នែកសេដ្ឋកិច្ចនៃធនាគារថៃ Siam Commercial Bank បានព្យាករថា សេដ្ឋកិច្ចរបស់កម្ពុជា ឡាវ វៀតណាម និងមីយ៉ាន់ម៉ា នឹងសម្រេចបកំណើនកាន់តែល្អប្រសើរ ក្នុងឆ្នាំ២០២៣ ទោះជាតិចជាងសក្តានុពល កំណើនរបស់ខ្លួននៅមុនវិបត្តិកូវីដ-១៩ យ៉ាងណាក្ដី។
ធនាគារដដែលឱ្យដឹងថា កំណើនសេដ្ឋកិច្ច នៅក្នុងប្រទេសទាំងនេះនឹងមានកម្រិតខុសៗគ្នា ដោយផ្អែកលើមូលដ្ឋានសេដ្ឋកិច្ច និងហានិភ័យជាក់លាក់ដែលប្រទេសនីមួយៗប្រឈម។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី៦ ខែកុម្ភៈ។
របាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃទី១ ខែកុម្ភៈ នេះរំពឹងថា ក្នុងឆ្នាំ២០២៣ នេះ ប្រទេសវៀតណាម នឹងសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់បំផុតក្នុងរង្វង់៦,២% បន្ទាប់មកគឺកម្ពុជា ជាមួយនឹងកំណើន៥,៥% ចំណែកឯឡាវ និងមីយ៉ាន់ម៉ា នឹងសម្រេចបានកំណើនក្នុងរង្វង់៣%។

តម្រូវការក្នុងស្រុកផ្នែកទំនិញ និងសេវាកម្មរួមជាមួយនឹងទេសចរណ៍គឺជាកត្តាដ៏សំខាន់ ដែលនឹងជំរុញការស្ទុះងើបឡើង នៃសេដ្ឋកិច្ចសម្រាប់ប្រទេសទាំងនេះក្នុងឆ្នាំ២០២៣។
ស្ថានភាពល្អប្រសើរឡើងនៅក្នុងទីផ្សារការងារ ក៏នឹងជួយរួមចំណែកធ្វើឱ្យតម្រូវការក្នុងស្រុកកើនឡើងផងដែរ ហើយអត្រាការងារនៅវៀតណាម ក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២២ បានកើនឡើងខ្ពស់បំផុតមិនធ្លាប់មានរបស់ខ្លួនចាប់តាំងពីផ្ទុះវិបត្តិកូវីដ-១៩ មក។
ក្រោយប្រទេសចិន បើកព្រំដែនរបស់ខ្លួនឡើងវិញ កាលពីខែមុន វិស័យសេវាកម្ម ក៏នឹងសម្រេចបានកំណើនផងដែរ ដោយសារភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើន មកដើរលេងកម្សាន្តនៅប្រទេសទាំងនេះ។ ក្នុងឆ្នាំ២០១៩ ភ្ញៀវទេសចរចិន មានប្រមាណពី៣០% ទៅ៣៥%នៃចំនួនភ្ញៀវទេសចរបរទេសសរុប។

ដំណើរទេសចរណ៍ ជាក្រុមចេញក្រៅប្រទេសមកកាន់កម្ពុជា និងឡាវ នឹងបន្តឡើងវិញចាប់ពីថ្ងៃទី៦ ខែកុម្ភៈ ហើយនឹងបន្តមកកាន់ប្រទេសជាច្រើនទៀតក្នុងពេលដ៏ខ្លីខាងមុខនេះ។
របាយការណ៍ដដែលរំពឹងថា ប្រទេសកម្ពុជា និងវៀតណាម នឹងទទួលបានអត្ថប្រយោជន៍ច្រើនបំផុត ពីកំណើនភ្ញៀវទេសចរនេះ ខណៈឧស្សាហកម្មទេសចរណ៍របស់កម្ពុជា គ្របដណ្ដប់១៨,២%នៃGDPរបស់ខ្លួន។ ចំនែកឯឧស្សាហកម្មទេសចរណ៍វៀតណាម គ្របដណ្ដប់៩,៨%នៃ GDP របស់ខ្លួន៕







