ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ ស្របពេលអាជីវកម្មមួយចំនួនកំពុងរងផលប៉ះពាល់ពីកំណែទម្រង់របស់Facebook អ្នកជំនាញនានា បានប្រាប់ពីវិធីសាស្ត្រដើម្បីដោះស្រាយបញ្ហានេះដើម្បីអាជីវកម្មរបស់ពួកគេអាចដំណើរការទៅបាន។
អ្នកជំនាញផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា មកពីសហរដ្ឋអាមេរិក លោក Toun Rithy Michael សហស្ថាបនិកនៃក្រុមហ៊ុន LVLs Media បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាថ្ងៃទី២២ វិច្ឆិកានេះថា ការកែទម្រង់របស់ Facebook ពិតជាមានផលប៉ះពាល់ច្រើនដល់អាជីវកម្មខ្នាតតូច ដោយសារបច្ចុប្បន្នម្ចាស់អាជីវកម្មមួយចំនួន បានមើលឃើញសារៈសំខាន់របស់វា ដើម្បីធ្វើជំនួញរបស់ខ្លួន និងពង្រីកសកម្មភាពទីផ្សាររបស់ពួកគេ ហេតុនេះយើងគួរផ្តោតលើគោលដៅរបស់ខ្លួនជាក់លាក់វិញ ជាជាងចំណាយប្រាក់ច្រើនលើបណ្តាញនេះ។
-->
លោកបន្តថា “ដើម្បីដោះស្រាយបញ្ហានេះ អ្នកធ្វើអាជីវកម្មលើប្រព័ន្ឋបណ្តាញទំនាក់ទំនងសង្គម Facebook គួរតែផ្តោតអាជីវកម្មរបស់ខ្លួន តែលើប្រជាជននិងអតិថិជនគោលដៅរបស់ខ្លួន ជាជាងចំណាយប្រាក់ច្រើនលើបណ្តាញនេះ។លោកបន្តថា “ខ្ញុំមិនដឹងវានឹងប៉ះពាល់រយៈពេលយូរឬឆាប់ ដល់បរិយាកាសអាជីវកម្មនៅកម្ពុជាទេ ប៉ុន្តែអ្វីសំខាន់យើងត្រូវកំណត់ទីផ្សាររបស់យើងជំនួសវិញ ដើម្បីឲ្យអាជីវកម្មរបស់យើងជោគជ័យ ដោយកុំពឹងផ្អែកខ្លាំងតែលើវាតែមួយមុខ។
លោក ជី សិលា អគ្គនាយកក្រុមហ៊ុន Sabay បានថ្លែងឲ្យដឹងផងដែរថា កន្លងមកមានអាជីវកម្មមួយចំនួន បានទទួលផលប្រយោជន៍ពីបណ្តាញទំនាក់ទំនងសង្គមនេះ ដោយម្ចាស់អាជីវកម្មមួយចំនួនបានបង្កើតគេហទំព័រ ដើម្បីទាញយកប្រយោជន៍ពីបណ្តាញទំនាក់ទំនងសង្គម មួយនេះ។លោកបន្តថា បច្ចុប្បន្នក្រុមហ៊ុនគ្រប់គ្រងលើបណ្តាញ ទំនាក់ទំនងសង្គមនេះ បានធ្វើកំណែទម្រង់នៅប្រទេសមួយចំនួន ប៉ុន្តែស្ថិតក្នុងដំណាក់កាលសាកល្បងនៅឡើយទេ ដោយពួកគេបានបង្កើត New Feed ឬ Explore Feed ដើម្បីដាក់ព៌តមានទាំងអស់ទៅក្នុងប្រព័ន្ឋនេះ ដែលធ្វើឲ្យចំនួនអ្នកមើលគេហទំព័រនានាបានធ្លាក់ចុះ ហើយបើម្ចាស់អាជីវកម្មចង់ឲ្យគេឃើញ អាជីវកម្មរបស់ខ្លួនច្រើន ត្រូវធ្វើការបង់ប្រាក់ជាដើម។
លោកបន្តថា “អាជីវកម្មមួយចំនួន ពិតជារងផលប៉ះពាល់ដោយសារការកែទម្រង់នេះ ប៉ុន្តែសម្រាប់រយៈពេលវែងមានចំណុចវិជ្ជមាន និងអវិជ្ជមាន ប៉ុន្តែយ៉ាងណាឥឡូវនេះអ្វីៗស្ថិតក្នុងដំណាក់កាលសាកល្បងនៅឡើយទេ។ លោកបន្តថា “អ្នកធ្វើជំនួញគួររកមធ្យោបាយផ្សេងៗទៀត ព្រោះការធ្វើជំនួញមិនអាចប្រើប្រាស់តែមួយនោះទេ។
លោកជី សិលាបានបន្តថា អ្នកធ្វើជំនួញគួរតែមានមធ្យោបាយផ្សេងទៀត ដូចជាប្រើប្រាស់ Instagram, Line, ឬប្រើប្រាស់យុទ្ឋសាស្ត្រទីផ្សារផ្សេងៗទៀត។ យើងក៏គួរត្រៀមប្រើប្រាស់មធ្យោបាយ ឬយុទ្ឋសាស្ត្រដទៃទៀត៕