ក្រុមហ៊ុនRoyal Group និងFUSIONEXស្វែងរកកិច្ចសហការលើការសម្របសម្រួលពាណិជ្ជកម្មច្រកចេញ ចូលជាមួយក្រសួងជំនាញ

0

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន FUSIONEX របស់ប្រទេសម៉ាឡេស៊ី។

លោកជំទាវរដ្ឋលេខាធិការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន FUSIONEX របស់ប្រទេសម៉ាឡេស៊ី ដែលអញ្ជើញមកពិភាក្សាការងារអំពី ប្រព័ន្ធសម្របសម្រួលពាណិជ្ជកម្ម ដែលគ្របដណ្តប់ទៅលើ ការសម្របសម្រួលច្រកចេញ-ចូលពាណិជ្ជកម្មតែមួយនៅកម្ពុជា។

ជាមួយគ្នានេះ លោកជំទាវប្រធានអង្គប្រជុំ បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ដែលកំពុងតែអនុវត្ត ក្នុងការគាំទ្រទៅលើការនាំចេញឱ្យកាន់តែប្រសើរឡើង រួមមាន ការធ្វើវិមជ្ឈការទៅកាន់ថ្នាក់ក្រោមជាតិ (មន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត) ក្នុងការសម្របសម្រួលជូនដល់អាជីវករចុះបញ្ជីពាណិជ្ជកម្ម និងបញ្ជាក់ប្រភពដើមទំនិញ(CO), ការអនុវត្តគម្រោងEIF ជាជំហានដំបូងផ្តោតលើ E-Commerce ចំពោះសហគ្រាសធុនតូច និងមធ្យម ដើម្បីបង្កើតទម្រង់ទីផ្សារបែប B2B & B2C ដល់សហគ្រិនកម្ពុជា ក្នុងការអនុវត្តសហគ្រិនភាពបែបឌីជីថល ដោយលទ្ធផលនៃការអនុវត្តនេះ នឹងធ្វើការបង្ហាញទៅកាន់ម្ចាស់ជំនួយគាំទ្រ គម្រោងវិញផងដែរ។

លោក Rami Sharaf អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានថ្លែងអំណរគុណចំពោះ លោកជំទាវប្រធានអង្គប្រជុំ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក ដើម្បីធ្វើការជួបពិភាក្សារការងារ ជាមួយក្រុមហ៊ុន FUSIONEX នៃប្រទេសម៉ាឡេស៊ី និងបានបញ្ជាក់ជូនពីគោលបំណងនៃកិច្ចប្រជុំនេះ។

ទន្ទឹមនឹងនេះ លោកក៏បានស្នើសុំឱ្យមានការ ចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ជាមួយក្រុមហ៊ុនFUSIONEXស្តីពី កិច្ចសហប្រតិបត្តិការក្នុងការបង្កើតឱ្យមាន DIGITAL TRADE HUB FOR CAMBODIA ដើម្បីធ្វើការសិក្សាបឋម (Pilot Study) លើការនាំចេញស្រូវអង្ករកម្ពុជា ផងដែរ។

លោកបានបញ្ជាក់ផងដែរថា ក្រុមហ៊ុនRoyal Group កំពុងតែរៀបចំសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នានេះ និងផ្ញើជូនក្រសួងពាណិ​ជ្ជកម្មធ្វើការពិនិត្យ និងសម្រេច មុនពេលឈានដល់ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាជាផ្លូវការ។

ជាមួយគ្នានេះដែរ លោក Raymond Lee នាយកកម្មវិធី នៃក្រុមហ៊ុន FUSIONEX បានធ្វើបទបង្ហាញអំពីប្រវត្តិ និងសកម្មភាពការងាររបស់ក្រុមហ៊ុន ដែលផ្តោតសំខាន់លើប្រព័ន្ធឌីជីថល ក្នុងការសម្រួលការងារជូនអតិថិជន ជាពិសេសការប្រតិបត្តិការគ្រប់គ្រង និងរក្សាទិន្នន័យទាក់ទងនឹងការនាំចេញ និងសម្រួលបែបបទពន្ធគយ ដើម្បីពន្លឿនការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ។

លោកបញ្ជាក់ថា ការប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន FUSIONEX នឹងផ្តល់ជូនដល់អ្នកប្រើប្រាស់ (រាជរដ្ឋាភិបាល ក្រុមហ៊ុន/ឧស្សាហកម្ម និងអតិថិជន) នូវអត្ថប្រយោជន៍ជាច្រើន រួមមាន៖ (១)កាត់បន្ថយពេលវេលានិងចំណាយ (២)គ្រប់គ្រង និងរក្សាទុកទិន្នន័យ (៣)បង្កើនការវិនិយោគ ទំហំពាណិជ្ជកម្មនាំចេញ និងការងារ (៤)បង្កើនប្រសិទ្ធភាព និងសុវត្ថិភាពនៃការនាំចេញ ដឹកជញ្ជូន និងសម្រួលបែបពន្ធគយ និង(៥)បង្ហាញពីដំណោះស្រាយជូនអតិថិជន៕

 

 

 

 

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here