ក្រុមហ៊ុនដ៏ល្បីរបស់អូទ្រីសគ្រោងវិនិយោគCable Carនៅកម្ពុជា ស្របពេលក្រសួងសាធារណៈការជម្រុញឲ្យសិក្សាលំអិត

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្រុមហ៊ុន Doppelmayr Groupរបស់អូទ្រីសបង្ហាញពីបំណងវិនិយោគលើCable Carនៅរាជធានីភ្នំពេញ ស្របពេលថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានជម្រុញឲ្យក្រុមហ៊ុននេះសិក្សាលំអិត។

ក្រុមហ៊ុន Doppelmayr Group ជាក្រុមហ៊ុនមួយរបស់ប្រទេសអូទ្រីស មានជំនាញរៀបចំផែនការអភិវឌ្ឍន៍ រចនា ផលិត សាងសង់ និងគាំទ្រគម្រោងច្នៃប្រឌិតទាក់ទង នឹងការដឹកជញ្ជូនអ្នកដំណើរ ដោយកន្រ្តកខ្សែកាប (Cable Car) ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ នៅក្នុងតំបន់ ទីក្រុង ទីប្រជុំជន និងតំបន់ទេសចរណ៍នានា។

ក្រុមហ៊ុននេះ បានបង្ហាញចំណាប់អារម្មណ៍ក្នុងការ វិនិយោគលើវិស័យដឹកជញ្ជូនសាធារណៈនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ព៌តមាននេះត្រូវបានលើកឡើងក្នុងជំនួបលើកទី២ រវាងលោកតូច    ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូនជាមួយលោកលោក Martin Ladner អ្នកគ្រប់គ្រងប្រចាំតំបន់នៃក្រុមហ៊ុន Doppelmayr Groupកាលពីថ្ងៃទី៧ កុម្ភៈកន្លងមកនេះ។

ក្នុងជំនួបនេះ លោករដ្ឋលេខាធិការប្រចាំការ បានផ្ដល់អនុសាសន៍ឱ្យក្រុមហ៊ុន រៀបចំឱ្យបានលម្អិតបន្ថែមទៀត ទាក់ទងនឹងសមត្ថភាព អត្ថប្រយោជន៍ និងលក្ខណៈពិសេសនៃគម្រោង“កន្រ្តកខ្សែកាប” (Cable Car) របស់ក្រុមហ៊ុនក្នុងលក្ខខណ្ឌប្រទេសកម្ពុជា បន្ទាប់ពីទទួលបានព័ត៌មានថ្មីៗដែលក្រសួង បានផ្ដល់ជូនរួចមក ដើម្បីគោរពស្នើសុំឯកឧត្តមទេសរដ្ឋមន្រ្តី ពិនិត្យសម្រេចលើគម្រោងការសិក្សា ដែលក្រុមហ៊ុនបានលើកឡើង។

ជំនួបពិភាក្សាការងារនេះ ធ្វើឡើងដើម្បីស្វែងយល់ព័ត៌មានសម្រាប់គម្រោងការសិក្សានានា ទាក់ទងនឹងសេវាដឹកជញ្ជូនសាធារណៈ សំដៅចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យនេះ ឱ្យកាន់តែមានការរីកចម្រើនថែមទៀត។

លោកតូច ចាន់កុសលបានបញ្ជាក់ថា ជំនួបនេះធ្វើឡើងក្នុងគោលបំណង ដើម្បីស្វែងយល់ព័ត៌មាន សម្រាប់គម្រោងការសិក្សានានា ទាក់ទងនឹងសេវាដឹកជញ្ជូនសាធារណៈ ក៏ដូចជាព័ត៌មានគម្រោងផ្សេងៗ ដែលកំពុងអនុវត្ត ជាពិសេសគម្រោងពាក់ព័ន្ធ វិស័យដឹកជញ្ជូនសាធារណៈ សំដៅអនុញ្ញាតឱ្យក្រុមហ៊ុន អាចសិក្សាតភ្ជាប់ប្រតិបត្តិការ របស់ក្រុមហ៊ុនជាមួយគម្រោងដែលមានស្រាប់ ឬគម្រោងកំពុងសិក្សាទាំងនោះ ដើម្បីចូលរួមចំណែកកាត់បន្ថយ ការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ និងទីប្រជុំជននានាក្នុងប្រទេសកម្ពុជា។

លើសពីនេះ លោករដ្ឋលេខាធិការ បានបង្ហាញនូវគម្រោងសិក្សាមួយចំនួន ដែលកំពុងស្ថិតក្នុងការសិក្សានៅឡើយ ដែលមានដូចជា៖ គម្រោងសាងសង់ផ្លូវដែកល្បឿនលឿន (High-speed Train) គម្រោងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) គម្រោងសិក្សាផ្លូវរថភ្លើងក្រោមដី (Subway) និងការសិក្សាផ្លូវរថភ្លើងលើអាកាស ដឹកអ្នកដំណើរធុនស្រាល (Monorail) ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here