សិង្ហបុរី​នឹង​ដើរ​តួនាទី​កាន់​តែ​ធំ​ក្នុង​កំណើន​នៃហេដ្ឋារចនាសម្ព័ន្ធ​នៅកម្ពុជា

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: សិង្ហបុរី ដែលជាប្រទេសមានសេដ្ឋកិច្ច ជឿនលឿនបំផុតនៅក្នុងតំបន់អាស៊ាន កំពុងតែដើរតួនាទីកាន់តែធំ ក្នុងការបំពេញចន្លោះប្រហោ ង លើផ្នែកហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា និងក្លាយជាដៃគូសម្រាប់បញ្ហានេះ។

លោក Lavan Thiru នាយកប្រតិបត្តិនៃក្រុមហ៊ុន Infrastructure Asia (InfraAsia) ដែលជាការិយាល័យ សម្របសម្រួលបង្កើតឡើងដោយ Enterprise Singapore ជាមួយនឹងការផ្តល់មូលនិធិពេញលេញ ដោយរដ្ឋាភិបាលសិង្ហបុរី ដើម្បីគាំទ្រដល់កំណើនសង្គម និងសេដ្ឋកិច្ចរបស់តំបន់អាស៊ី តាមរយៈការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ បានមានប្រសាសន៍ថា “ប្រ ទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំង៦ ដែលខ្លួនបានផ្តោតលើអស់រយៈពេលជាច្រើនឆ្នាំ”។

លោកបានបន្តថា “តំបន់អាស៊ានស្ថិតនៅលើចំណុចកំពូលនៃកំណើនដ៏ឆាប់រហ័ស ហើយកម្ពុជាជាប្រទេសមួយ ក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចដ៏រស់រវើក ក្នុងតំបន់មានការរីកចម្រើនជាលំដាប់ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ហើយការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ នៅតែមានសារៈសំខាន់”។

ជាក់ស្តែង គម្រោងមួយចំនួន រួមទាំងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ (PPLC) កំពុងត្រូវបានអភិវឌ្ឍ ដោយមានការគាំទ្រពីក្រុមហ៊ុន InfraAsia។

ដោយបើកដំណើរការពីសំណាក់ YCH Group ដែលជាក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូន និងខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ធំបំផុតមួយ របស់តំបន់អាស៊ី PPLC ត្រូវបានគេរំពឹងថា នឹងអាចអនុវត្តភស្តុភារ ប្រកបដោយនិរន្តរភាពល្អបំផុតនៅក្នុងតំបន់អាស៊ាន។

លោក Lavan Thiru បានបញ្ជាក់ថា “មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ (PPLC) ត្រូវបានបង្កើតឡើងជាមជ្ឈមណ្ឌលមួយ ហើយវានឹងត្រូវតភ្ជាប់ទៅមជ្ឈមណ្ឌលដឹកជញ្ជូនផ្សេងទៀតនៅក្នុងតំបន់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here