ដោយ: គង់ លាងហួរ
បាងកក: មូលនិធិបរទេសបានបន្តហូរចូល ទៅក្នុងទីផ្សារភាគហ៊ុនអាស៊ីក្នុងខែមករា ដែលគាំទ្រដោយការស្ទុះងើបនៃសេដ្ឋកិច្ច និងការបើកដំណើរការឡើងវិញរបស់ប្រទេសចិន។ នេះបើយោងតាមការសង្ខេបរបស់ផ្សារហ៊ុនថៃ (SET)។
ដោយតម្លៃប្រាក់បាតហក់ឡើងថ្លែ ក្រុមវិនិយោគិនបរទេសកាលពីខែមុនបានប្រកាសទិញផ្សារហ៊ុន និងសញ្ញាប័ណ្ណជាង៥៨ពាន់លានបាត(ប្រហែល១,៧៣ពាន់លានដុល្លារ)។
ទស្សនវិស័យដ៏វិជ្ជមាននេះ ត្រូវបានគាំទ្រដោយការកើនឡើងនៃចំនួនភ្ញៀវទេសចរណ៍ និងលទ្ធភាពដែលកំណើន នៃការនាំចេញអាចបន្តងើបឡើងវិញនាពេលខាងមុខ។
លោក Soraphol Tulayasathien អនុប្រធានប្រតិបត្តិជាន់ខ្ពស់របស់ SET បានមានប្រសាសន៍ថា “ការព្រួយបារម្ភរបស់វិនិយោគិនអំពីការធ្លាក់ចុះនៃសេដ្ឋកិច្ចបានធូរស្រាល ដោយសារអតិផរណាមានការថយចុះ ដែលអាចលើកទឹកចិត្ត ឱ្យធនាគារកណ្តាល បន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុលឿនជាងការរំពឹងទុក”។
លោក Soraphol បានបន្តថា “ដោយសារវិនិយោគិនមានជំនឿចិត្តលើសេដ្ឋកិច្ចថៃ គួបផ្សំនឹងការបើកព្រំដែនឡើងវិញ របស់ប្រទេសចិន មូលនិធិ បានបន្តហូរចូលទៅក្នុងទីផ្សារភាគហ៊ុនអាស៊ី ជាពិសេសផ្សារហ៊ុនថៃនៅក្នុងខែមករា”។
កាលពីខែមករា សន្ទស្សន៍ផ្សារហ៊ុនថៃ SET បានហក់ឡើង០,២ភាគរយ ធៀបនឹងខែធ្នូដល់១៦៧១,៤៦ពិន្ទុ ហើយសន្ទស្សន៍គោលបានហក់ឡើង៥,៦ភាគរយបើគិតជាប្រាក់ដុល្លារ៕
