ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើជប៉ុនជួយជំរុញកំណើន ទំហំពាណិជ្ជកម្មទ្វេភាគី ទន្ទឹមគ្នានឹងការជួយជំរុញអ្នកវិនិយោគជប៉ុន មកកាន់កម្ពុជាបន្ថែមទៀត។
សម្តេចតេជោលើកឡើងបែបនេះ ក្នុងពេលអនុញ្ញាត្តឲ្យលោក EUNO Atsushiឯកអគ្គរដ្ឋទូតជប៉ុនថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសមកាលពីថ្ងៃទី៨ កុម្ភៈកន្លងមកនេះ។
 
-->
 
 
លោកឯកអគ្គរដ្ឋទូតថ្មី ដែលធ្លាប់បានមកកាន់កម្ពុជា កាលពីឆ្នាំ១៩៩២ បានបញ្ជាក់ថា កម្ពុជាបច្ចុប្បន្ន មានការអភិវឌ្ឍយ៉ាងខ្លាំង មានស្ថិរភាព និងមានសន្តិភាព។ ទំនាក់ទំនងរវាងទាំងពីរកម្ពុជា និងប្រទេសជប៉ុន គឺល្អបំផុតនៅពេលនេះ ស្របពេលដែលប្រទេសទាំងពីរ បានជំរុញទំនាក់ទំនងទៅជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

លោកប្ដេជ្ញា និងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ឱ្យកាន់តែរឹងមាំថែមទៀត តាមរយៈជំរុញអ្នកវិនិយោគមកកាន់កម្ពុជា ជំរុញទេសចរណ៍មកកម្ពុជា និងជួយគាំទ្រកម្ពុជា លើការរៀបចំដំណើរការកីឡាស៊ីហ្គេម បោះឆ្នោតនាខែកក្កដាខាងមុខ ការងារដោះមីន កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងការងារដទៃទៀត។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ជប៉ុនអាចជួយគាំទ្រដំណើរការស៊ីហ្គេមរបស់កម្ពុជា តាមរយៈលើកទឹកចិត្តឱ្យមានអ្នកមកទស្សនា និងរៀបចំឲ្យមានការហោះហើរត្រង់ ឬ Chater Flight មកកាន់កម្ពុជា។ ដោយឡែកលើវិស័យសេដ្ឋកិច្ច និងវិនិយោគ សម្ដេចបានសុំឱ្យឯកឧ  ត្តមអគ្គរាជទូត ជួយជំរុញកំណើនទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ និងជួយជំរុញឱ្យអ្នកវិនិយោគ មកកាន់កម្ពុជាកាន់តែច្រើនឡើងថែមទៀត ។
បើតាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថាជប៉ុនជាវិនិយោគិន មានគម្រោងវិនិយោគច្រើនជាងគេមួយ ក្នុងចំណោមប្រទេសធំៗ ដែលបានដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយក្នុងនោះជប៉ុនបានបណ្ដាក់ទុនទៅលើវិស័យឧស្សាហកម្ម អចលនទ្រព្យ ហិរញ្ញវត្ថុជាដើម ៕
