ស្របនឹងកំណើនសេដ្ឋកិច្ចកើនឡើង ការគោរពសិទិ្ធមនុស្សនៅកម្ពុជាកំពុងមានភាពប្រសើរឡើងជាងមុន

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: លោក Joseph Scheuer អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ(UN)ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ការគោរពសិទ្ធិមនុស្សនៅកម្ពុជា មានភាពល្អប្រសើរជាងមុន ហើយលោកទន្ទឹងរង់ចាំធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជានាពេលអនាគត។

កាលពីថ្ងៃទី៦ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានទទួលលោក Joseph Scheuer ក្នុងជំនួបសម្តែងការគួរសម ក្នុងឱកាសនៃអាណត្តិថ្មីរបស់លោកនៅកម្ពុជា។

អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិរូបនេះ បានកោតសរសើរ និងថ្លែងអំណរគុណចំពោះ CHRC ដែលតែងតែសហការជាមួយការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស (OHCHR) ប្រចាំនៅកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ លោក Joseph Scheuer ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានយល់ព្រមឱ្យ OHCHR បន្តការងារនៅកម្ពុជាផងដែរ។

លោកបានសម្តែងនូវការវាយតម្លៃថា ការគោរពសិទ្ធិមនុស្សនៅកម្ពុជាមានភាពប្រសើរឡើងច្រើន ហើយលោកក៏បានជម្រាបអំពីផែនការសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រាប់រយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។

ជាការឆ្លើយតប លោក កែវ រ៉េមី បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការដ៏ល្អក្នុងវិស័យសិទ្ធិមនុស្ស រវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងការិយាល័យ អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ក៏ដូចជាការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស(OHCHR)ផងដែរ។

លោក​ កែវ រ៉េមី ក៏​បាន​បញ្ជាក់​ឡើងវិញជា​ថ្មី​ នូវ​ជំហរ​របស់​លោក​លើ​ការ​បន្ត​កិច្ច​សហប្រតិបត្តិការ​ទៅ​ថ្ងៃ​អនាគតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here