សេដ្ឋវិទូក្រូអាស៊ីៈ មហាយក្សចិនក្លាយជាក្បាលម៉ាស៊ីននៃសេដ្ឋកិច្ច ពិភពលោករួចទៅហើយ

0

ដោយៈ សុខុម

ក្រូអាស៊ី: អ្នកជំនាញជនជាតិក្រូអាស៊ី បានលើកឡើងក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន Xinhua កាលពីថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ថា ប្រទេសចិន នឹងវ៉ាដាច់សហរដ្ឋអាមេរិក ក្លាយជាមហាអំណាចសេដ្ឋកិច្ចទី១ របស់ពិភពលោកនៅថ្ងៃអនាគត។

លោក Ljubo Jurcic អតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចក្រូអាស៊ី និងដែលបច្ចុប្បន្នជាសាស្រ្តាចារ្យ នៅមហាវិទ្យាល័យសេដ្ឋកិច្ច នៃសាកលវិទ្យាល័យ University of Zagreb ក្នុងប្រទេសក្រូអាស៊ី បានគូសបញ្ជាក់ថា ដោយសារតែកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងទំហំសេដ្ឋកិច្ចដ៏ធំសម្បើមរបស់ខ្លួន ប្រទេសចិនបានក្លាយជា “ក្បាលម៉ាស៊ីន” នៃសេដ្ឋកិច្ចពិភពលោករួចទៅហើយ។

លោក Ljubo Jurcic ថ្លែងថា ក្នុងរយៈពេល២០ ទៅ៣០ឆ្នាំកន្លងមកនេះ សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ខណៈសេដ្ឋកិច្ចចិន បាននិងកំពុងកើនឡើងយ៉ាងឆាប់រហ័ស។ ផលទុនជាតិសរុប (GDP) របស់ប្រទេសចិន បានកើនឡើងរហូតដល់ ប្រមាណ១៨.០០០ពាន់ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ ដែលនេះមានន័យថា បច្ចុប្បន្នប្រទេសចិន គឺជាសេដ្ឋកិច្ចធំបំផុតទី២ ក្នុងពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក។

យោងតាមការព្យាករចុងក្រោយបង្អស់ ដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសចិន នឹងសម្រេចបានកំណើនបន្ថែមទៀតនៅឆ្នាំ២០២៣ នេះ ខណៈសកម្មភាពចល័តរបស់ប្រជាជន និងសកម្មភាពសេដ្ឋកិច្ចកើនឡើង បន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំង បានដកចេ​ញនូវវិធានការទប់ស្កាត់កូវីដដ៏តឹងរ៉ឹង ហើយចំណុចទាំងនេះ នឹងជួយជំរុញកំណើនសេដ្ឋកិច្ចពិភពលោក។

របាយការណ៍របស់ IMF បង្ហាញថា សេដ្ឋកិច្ចចិននឹងសម្រេចបានកំណើន៥,២%ក្នុងឆ្នាំនេះ បើធៀបនឹងកំណើន៣% ដែលសម្រេចបានក្នុងឆ្នាំ២០២២ ដោយហេតុនេះវារួមចំណែក១ ភាគ៤នៃកំណើនសេដ្ឋកិច្ចពិភពលោក។

លោក Ljubo Jurcic បានធ្វើការព្យាករដោយការជឿជាក់យ៉ាងមុតមាំថា នៅថ្ងៃអនាគតប្រទេសចិន នឹងវ៉ាដាច់សហរដ្ឋអាមេរិក ក្លាយជាសេដ្ឋកិច្ចធំបំផុតទី១ របស់ពិភពលោកដោយជៀសមិនផុត៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here