ក្រុមហ៊ុន​ផលិតសម្លៀក​បំពាក់​កីឡាខ្នាតយក្ស Adidas កំពុងប្តូរ​ផលិតកម្ម​ចេញ​ពី​ប្រទេស​ចិន​មកកម្ពុជា

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: ប្រទេសកម្ពុជាគឺជាទីតាំងរបស់ក្រុមហ៊ុនផលិតសម្លៀកបំពាក់ដ៏ធំបំផុត Adidas ក្នុងឆ្នាំ២០២១ ដោយវ៉ាដាច់ប្រទេសចិន ខណៈក្រុមហ៊ុនផលិតសម្លៀកបំពាក់កីឡាខ្នាតយក្សរបស់អាល្លឺម៉ង់ក៏បានងាកមកតំបន់អាស៊ីដើម្បីបំពេញតម្រូវការផលិតកម្មរបស់ខ្លួន។

យោងតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Bavaria បានឱ្យដឹងថា ប្រទេសកម្ពុជាបានផលិតសម្លៀកបំពាក់កីឡាចំនួន២១ភាគរយនៅឆ្នាំ២០២១ បន្ទាប់មកគឺប្រទេសចិនមានចំណែក២០ភាគរយ និងប្រទេសវៀតណាមមានចំណែក១៥ភាគរយ។

បើយើងត្រលប់ទៅមើលឆ្នាំ២០១៣ ប្រទេសចិនគឺជាអ្នកផលិតធំជាងគេដែលមានចំណែក៣៣ភាគរយបន្ទាប់មកប្រទេសឥណ្ឌូនេស៊ី១១ភាគរយនិងប្រទេសវៀតណាម១០ភាគរយ។

ការលក់របស់ក្រុមហ៊ុន Adidas ក៏កំពុងធ្លាក់ចុះនៅក្នុងប្រទេសចិន ក្នុងរយៈពេល៦ត្រីមាសជាប់ៗគ្នា ដោយសារតែជំងឺកូវីដ ការផ្លាស់ប្តូរចំណូលចិត្តរបស់អ្នកប្រើប្រាស់ និងការប្រកួតប្រជែង។

ក្រុមហ៊ុនសម្លៀកបំពាក់កីឡាខ្នាតយក្សនេះបានឱ្យដឹងកាលពីចុងឆ្នាំ២០២២ថាខ្លួននឹងកាត់បន្ថយចំនួនហាងនៅក្នុងប្រទេសចិនមកត្រឹម៨.០០០ហាង ពី១២.០០០ហាងនាពេលបច្ចុប្បន្ន។

ប្រទេសឥណ្ឌូណេស៊ីផលិតបានជាងមួយភាគបីនៃស្បែកជើងកីឡារបស់ ក្រុមហ៊ុន Adidas គឺស្មើនឹង៣៦ភាគរយ វៀតណាមផលិតបាន៣០ភាគរយ និងចិនផលិតបានត្រឹមតែ១៥ភាគរយប៉ុណ្ណោះ។

នេះជាស្ថានភាព​ស្រដៀង​គ្នា​នឹង​ក្រុមហ៊ុន Nike ដោយក្នុងនោះ ជាងពាក់កណ្តាលនៃស្បែកជើងកីឡារបស់ក្រុមហ៊ុន Nike ត្រូវបានផលិតនៅក្នុងប្រទេសវៀតណាម មួយភាគបួននៅឥណ្ឌូនេស៊ី និង២១ភាគរយនៅក្នុងប្រទេសចិន។

នៅក្នុងការស្វែងរកការចំណាយទាប ក្រុមហ៊ុនផលិតរបស់ចិនជាច្រើនកំពុងផ្លាស់ប្តូរផលិតកម្មរបស់ពួកគេទៅកាន់តំបន់អាស៊ីអាគ្នេយ៍។

ជាក់ស្តែង ក្រុមហ៊ុន Shenzhou International Group Holdings ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ដ៏ធំបំផុតមួយរបស់ក្រុមហ៊ុន Adidas កំពុងសាងសង់រោងចក្របន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា និងវៀតណាម។

បន្ថែមពីលើនេះទៀត ក្រុមហ៊ុនផលិតស្បែកជើង Huali Industrial Group ក៏បានប្រែក្លាយតំបន់អាស៊ីអាគ្នេយ៍ក្លាយជាមូលដ្ឋានផលិតកម្មដ៏សំខាន់ផងដែរ។

ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Zhongshan ខេត្ត Guangdong មួយនេះ បានផ្លាស់ប្តូររោងចក្រស្បែកជើងទាំងអស់របស់ខ្លួននៅក្រៅប្រទេស ហើយកំពុងសាងសង់រោងចក្រថ្មីនៅក្នុងប្រទេសឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា៕

LEAVE A REPLY

Please enter your comment!
Please enter your name here