ប្រទេសចិន ឡាវ និងថៃបើកដំណើរការរថភ្លើងដឹកទំនិញជា លើកដំបូងហើយ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ខ្សែរថភ្លើងដឹកទំនិញចិន-ឡាវ-ថៃ បានចាកចេញពីទីក្រុងគុនមីង ប្រទេសចិន កាលពីថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ដោយដឹកកុងតឺន័រខ្សែសង្វាក់ផ្គត់ផ្គង់ចំនួន៩ ដែលផ្ទុកបន្លែស្រស់ប្រហែល២៨០តោន សម្រាប់នាំចេញទៅកាន់ប្រទេសឡាវ និងប្រទេសថៃ។

យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ បានរាយការណ៍ឱ្យដឹងថា នៅក្នុងរយៈពេល៥៥ម៉ោង រថភ្លើងដឹកទំនិញនោះ នឹងធ្វើដំណើរមកដល់ទីក្រុងបាងកក បន្ទាប់ពីឆ្លងកាត់ប្រទេសឡាវរួច។

ខ្សែរថភ្លើងនេះ នឹងឈប់នៅស្ថានីយ៍ Vientiane Southern ប្រទេសឡាវ មុនពេលនឹងបន្តដំណើរទៅកាន់ទីក្រុងបាងកក លើផ្លូវដែកថៃ ដែលកាត់បន្ថយពេលវេលាធ្វើដំណើរមួយថ្ងៃ និងកាត់បន្ថយថ្លៃដឹកជញ្ជូនចំនួន២០ភាគរយផងដែរ។

នៅពេល​ត្រឡប់​មកពី​ប្រទេស​ថៃវិញ រថភ្លើង​នេះនឹង​ដឹក​ផ្លែឈើ​តាម​រដូវ​កាល​ដូចជាផ្លែ​មៀន និង​ទុរេន​ទៅ​កាន់ប្រទេស​ចិន។

គិតរហូតមកដល់ពេលនេះ ខ្សែរថភ្លើងដឹកជញ្ជូននេះឆ្លងកាត់ព្រំដែននានាលើផ្លូវដែកឡាវ-ចិន និងគ្របដណ្តប់លើប្រទេសឡាវ ថៃ មីយ៉ាន់ម៉ា និងប្រទេសមួយចំនួនទៀត ដែលតភ្ជាប់គ្នាតាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) របស់ប្រទេសចិន ជាមួយនឹងការដឹកជញ្ជូនទំនិញជាង១.២០០ប្រភេទ និងបរិមាណទំនិញជាង២,៥លានតោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here