ដោយ: គង់ លាងហួរ
វ៉ាស៊ីនតោន: ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានមានប្រសាសន៍ថា លោកបើកចំហរក្នុងការធ្វើការ ជាមួយប្រទេសចិន ដោយស្វែងរក “ការប្រកួតប្រជែង មិនមែនជាជម្លោះ” ប៉ុន្តែលោកថា ទីក្រុងវ៉ាស៊ីនតោននឹងចាត់វិធានការណ៍ ប្រសិនបើទីក្រុងប៉េកាំងគំរាមកំហែង ដល់សន្តិសុខជាតិរបស់ខ្លួន។
លោក ចូ បៃដិន បានព្យាយាមទាក់ទាញការយកចិត្ត ទុកដាក់ចំពោះសមិទ្ធិផលសេដ្ឋកិច្ចរបស់លោក ហើយលោកមិនបានលាក់បាំង ការប្រជែងរបស់អាមេរិកជាមួយប្រទេសចិននោះទេ។
-->

លោកសង្កត់ធ្ងន់ថា “ក្នុងអាណត្តិជាប្រធានាធិបតីបច្ចុប្បន្ន របស់លោក ការខិតខំប្រឹងប្រែងបន្ថែមទៀត ត្រូវបានយកចិត្តទុកដាក់ ដើម្បីការពារប ច្ចេកវិទ្យាទំនើប និងទំនើបកម្មយោធារបស់សហរដ្ឋអាមេរិក”។លោកបានបន្តថា “ខ្ញុំប្តេជ្ញាធ្វើការជាមួយប្រទេសចិន ដែលវាអាចជំរុញផលប្រយោជន៍អាមេរិក និងផ្តល់ផលប្រយោជន៍ដល់ពិភពលោក ប៉ុន្តែប្រសិនបើចិនគំរាមកំហែងអធិបតេយ្យភាពរបស់អាមេរិក យើងនឹងធ្វើសកម្មភាពដើម្បីការពារប្រទេសរបស់យើងផងដែរ”។
ការថ្លែងសុន្ទរកថាប្រចាំឆ្នាំ ទៅកាន់សម័យប្រជុំរួម នៃសភាបានធ្វើឡើង ខណៈលោក ចូ បៃដិន កំពុងរៀបចំសម្រាប់ការបោះឆ្នោត ឆ្នាំ២០២៤ និងស្របពេលមានភាពតានតឹងជាថ្មី ជាមួយប្រទេសចិន ក្រោយពីយោធាអាមេរិក បានបាញ់ទម្លាក់បាឡុងចារកម្មចិន ដែលបានហោះពីលើទីតាំងដ៏សំខាន់ នៅក្នុងសហរដ្ឋអាមេរិក។
ដោយហេតុថាគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋនៅក្នុងសភាបានជំរុញឱ្យលោក បៃដិន មានភាពតឹងតែងចំពោះប្រទេសចិន លោកបានឆ្លើយតបថា “ការឈ្នះការប្រកួតប្រជែងជាមួយប្រទេសចិន គួរតែយើងរួបរួមទាំងអស់គ្នា ហើយយើងបានប្រឈមមុខ នឹងបញ្ហាដ៏ធ្ងន់ធ្ងរនៅទូទាំងពិភពលោក”៕
