បណ្ដាផែស្ងួតនៅតំបន់ភ្នំស៊ីនជាំង ប្រទេសចិនមមាញឹកខ្លាំងលើការ ជម្រុញវិស័យពាណិជ្ជកម្ម

0

ដោយៈ សុខុម

ស៊ីនជាំង: រថភ្លើងមួយខ្សែដែលផ្ទុកទំនិញពេញ បានចាកចេញពីផែស្ងួតអន្តរជាតិនៃក្រុងអ៊ូយូមឈី (Urumqi) ប្រទេសចិន ឆ្ពោះទៅកាន់ប្រទេសកាហ្សាក់ស្ថាន កាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ។

នេះគឺជាការចេញដំណើររបស់រថភ្លើង ដឹកទំនិញចិន-អឺរ៉ុប ទី៦.៥០០ដែលបានចាកចេញពីផែស្ងួតនេះ។

បណ្ដាផែស្ងួតក្នុងតំបន់ភ្នំស្វយ័តស៊ីនជាំង (Xinjiang) នាភាគពាយ​ព្យនៃប្រទេសចិន ដែលមានជនជាតិភាគតិចវីហ្គួ (Uygur) រស់នៅនោះ ពេលនេះកំពុងតែមមាញឹកយ៉ាងខ្លាំង បន្ទាប់ពីប្រទេសនេះ បានដកចេញនូវវិធានការសូន្យ-កូវីដដ៏តឹងរ៉ឹងរបស់ខ្លួន និងបានកែសម្រួលគោលនយោ​បាយចេញ និងចូលប្រទេស។

ក្រុមមន្ត្រីគយបាននិងកំពុងមមាញឹកខ្លាំង ក្នុងការត្រួតពិនិត្យឯកសាររបស់អ្នកដំណើរអន្តរជាតិនៅឯផែស្ងួត Horgos ជាប់ព្រំដែនកាហ្សាក់ស្ថាន ចាប់តាំងពីខែមករា។

លោក Belik Zhanuzakov ដែលជាអ្នកជំនួញម្នាក់មកពីប្រទេសកាហ្សាក់ស្ថាន បានលើកឡើងថា គាត់ត្រូវបង្ខំចិត្តធ្វើអាជីវកម្ម តាមអនឡាញដោយសារវិបត្តិកូវីដ-១៩ អំឡុងពេលពីរបីឆ្នាំមកនេះ ហើយគាត់ពិតជារំភើបចិត្តយ៉ាងខ្លាំង ចំពោះការបើកដំណើរការផែស្ងួតនេះឡើងវិញ។

គាត់និយាយទៀតថា “ឥឡូវខ្ញុំអាចនិយាយជាមួយដៃគូអាជីវកម្មរបស់ខ្ញុំទល់មុខគ្នា ខ្ញុំសង្ឃឹមថា កិច្ចសហការរបស់យើងនឹងកាន់តែរឹងមាំ។ ចាប់តាំងពីទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំង២បានពង្រឹងមក ខ្ញុំរំពឹងថា អាជីវកម្មរបស់ខ្ញុំនឹងប្រសើរឡើង”។

ផែស្ងួត Alataw ដែលស្ថិតក្នុងចំណោមផែសំខាន់ៗ សម្រាប់រថភ្លើងដឹកទំនិញចិន-អឺរ៉ុប ក៏បានកើនឡើងចំនួនទំនិញផងដែរ ចាប់តាំងពីដើមឆ្នាំនេះ ដោយទំនិញជាង១,១១លានតោន ត្រូវបានដឹកជញ្ជូនក្នុងខែមករា ដោយកើនឡើង១២,៨%នៅឆ្នាំនេះ។

ទិន្នន័យផ្លូវការបង្ហាញថា រថយន្តដឹកទំនិញចេញចូលនៅផែស្ងួត Bakti បានកើនលើស៣.៨០០គ្រឿងក្នុងខែមករា ដោយកើនឡើងជាង១៥៦%។ ការនាំចេញ និងការនាំចូលនៅទីនោះបានកើនឡើង១២៥%ផងដែរឈានដល់ជាង៣៤.១០៦តោន៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here