ក្រុមហ៊ុនចិនគ្រោងវិនិយោគសាងសង់រថភ្លើងធុនស្រាលពីព្រលានយន្តហោះថ្មី ទៅកាន់ក្រុងសៀមរាប

0

  ដោយៈ ជេស៊ីកា

       ប៉េកាំងៈ ក្រុមហ៊ុនចិនធំមួយបានជម្រាបសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ពីគំរោងវិនិយោគរថភ្លើងធុនស្រាលថ្មីមួយខ្សែ តភ្ជាប់ពីព្រលានយន្តហោះក្នុងស្រុកសូទ្រនិគម ទៅកាន់ក្រុងសៀមរាប។

ព៌តមានដ៏មានសារៈសំខាន់នេះ ត្រូវបានបង្ហោះក្នុងបណ្តាញទំនាក់ទំនងសង្គមរបស់សម្តេចតេជោ ក្នុងពេលសម្តេចអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសចិនចាប់ពីថ្ងៃទី៩ ដល់១១ កុម្ភៈ និងបានអនុញ្ញាត្តឲ្យក្រុមហ៊ុនចិនធំៗចំនួនបីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជាមួយនឹងទិសដៅនៃការវិនិយោគ ក្រុមហ៊ុនវិនិយោគចិនទាំងនោះ បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ពីការវិនិយោគលើការដឹកជញ្ជូនផ្លូវទឹកសាប ការវិនិយោគលើការចំរ៉ាញ់ ទឹកកខ្វក់នៅខេត្តព្រះសីហនុ និងការសិក្សាពីផ្លូវរថភ្លឿងល្បឿនលឿនភ្នំពេញ ប៉ោយប៉ែត។ ក្រុមហ៊ុនក៏បានជំរាបជូនសម្តេចតេជោ ពីគម្រោងនៃការវិនិយោគផ្លូវរថភ្លើង ល្បឿនលឿនធន់ស្រាល ពីខេត្តសៀមរាប ទៅកាន់អាកាសយានអន្តរជាតិថ្មី នៅជីក្រែង ក្នុងខេត្តសៀមរាប។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានសំដែងនូវការវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុនវិនិយោគទាំងបី ដែលបានប្តេជ្ញារួមគ្នា ក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធផ្លូវប្រកបដោយគុណភាព នៅកម្ពុជាសម្រាប់ពេលខាងមុខ។ ទាក់ទិនទៅនឹងការវិនិយោគ ផ្លូវរថភ្លើងល្បឿនលឿនធុនស្រាល សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើឲ្យក្រុមហ៊ុន China Metro Group Limited សិក្សាពីគ្រោងវិនយោគ ផ្លូវល្បឿនលឿនធុនស្រាល ពីរាជធានីភ្នំពេញទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងផ្លូវរថភ្លើងល្បឿនលឿនធុនស្រាលក្នុងរាជធានីភ្នំពេញ ដែលកំពុងមានចរាចរណ៍យ៉ាងមមាញឹក។

ក្រុមហ៊ុនវិនិយោគទាំងបីរបស់ប្រទេសចិន ក៏បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ពីគម្រោងសិក្សាលើលទ្ធភាពវិនិយោគថ្មីៗ ក្នុងប្រទេ​សកម្ពុជាសម្រាប់ពេលខាងមុខ ពិសេសក្រោយលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ទៅកាន់រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិននាពេលនេះ។

នៅក្នុងកិច្ចពិភាក្សាគ្នានោះដែរ ក្រុមហ៊ុនចិន បានជំរាបជូនសម្តេចតេជោ ពីការបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាព គម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដី នៅរាជធានីភ្នំពេញ និងបានដាក់បញ្ចូននូវរបាយការណ៍សិក្សាជូនក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យ និងពិភាក្សាបន្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here