ប្រទេសចិនប្រកាសគាំទ្រគំរោងអភិវឌ្ឍន៍ផ្លូវដែក និងកិច្ចសហប្រតិបត្តិការពហុវិស័យ

0

 ដោយៈ គង់ សូរិយា

       ប៉េកាំងៈ ក្នុងដំណើរទស្សនកិច្ចប្រកបដោយផ្លែផ្កា ប្រទេសចិនបានប្រកាសគាំទ្រ និងពង្រីកសហប្រតិបត្តិការពហុវិស័យ រវាងប្រទេសទាំងពីរ ពិសេសភាគីចិន បានប្រកាសគាំទ្រគំរោងអភិវឌ្ឍន៍ផ្លូវដែករបស់កម្ពុជា។

បន្ទាប់ពីមានជំនួបជាមួយប្រធានាធិបតី និងប្រធានសភារបស់ចិន​រួច​ហើយនោះ ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ ​នៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ត្រូវបានធ្វើឡើងជាផ្លូវការនៅរសៀលថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅក្នុងសាលនៃមហាវិមានប្រជាជនចិន ក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិន។

ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ ត្រូវបានធ្វើឡើង ក្រោមវត្តមាននៃការធ្វើគារវកិច្ចវស្វាគមន៍យ៉ាងកក់ក្តៅ បំផុតពីសំណាក់ លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន។

កម្រាលព្រំពណ៌ក្រហមដ៏វែងអន្លាយ សំលេងត្រែទ័ពបន្លឺយ៉ាងកងរំពង អមដោយកងកិត្តិយស បានស្វាគមន៍វត្តមានសម្តេចតេជោ ប្រកបដោយកិត្តិយសយ៉ាងខ្ពង់ខ្ពស់។

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចផ្លូវការហើយនោះ សម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង បានអញ្ជើញជួបពិភាក្សាកំពូលទ្វេរភាគី ក្នុងបរិយាកាសស្និទ្ធស្នាលរ៉ាក់ទាក់បំផុត។

ក្នុងជំនួបកំពូលទ្វេភាគីនោះ ភាគីទាំងពីរទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព នៃមិត្តភាពរឹងមាណដូចដែកថែប និងឯកភាពបន្តជំរុញការផ្លាស់ប្តូរកម្រិតខ្ពស់ គ្រប់ទម្រង់ ដើម្បីការអភិវឌ្ឍទំនាក់ទំនងជាយុទ្ធសាស្រ្ត និងការជឿជាក់ផ្នែកនយោបាយ។

ភាគីទាំងពីប្រកាសសម្ពោធព្រឹត្តិការនានា នៃឆ្នាំមិត្តភាពកម្ពុជា-ចិន ដើម្បីអបអរសាទរខួប​លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន សំដៅជំរុញការកសាងសហគមន៍​វិសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាព និងកម្រិតខ្ពស់។

ភាគីចិនកោតសរសើរ ​ចំពោះ​សមិទ្ធផលសំខាន់ៗនានា ដែលកម្ពុជាសម្រេចបាន ក្នុងការកសាងស្ថេរភាពជាតិ វិបុលភាព ព្រមទាំងពង្រីកឥទ្ធិពលកម្ពុជាលើឆាកអន្តរជាតិ។

ភាគីចិន បានបង្ហាញការគាំទ្រពេញទំហឹងចំពោះ ១ ការជ្រើសរើសមាគ៌ា អភិវឌ្ឍន៍របស់កម្ពុជា ស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន ២ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការការពារអធិបតេយ្យ សន្តិសុខ និងផលប្រយោ ជន៍អភិវឌ្ឍន៍នានា ៣ ការអភិវឌ្ឍបន្តបន្ទាប់ តាមរបៀបវារៈនយោបាយកម្ពុជា និង៤ ប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

ដោយឡែកកម្ពុជាវិញ បានប្រកាសចេញនូវនយោបាយមួយចំនួនរួមមាន ទី១ ប្រកាន់នយោបាយចិនមួយ ទី២ ប្រឆាំងការជ្រៀតជ្រែកពីខាងក្រៅចូលកិច្ចការផ្ទៃក្នុងរបស់ចិន និងទី៣ គាំទ្រចិន ការពារផលប្រយោជន៍ស្នូល ព្រមទាំងការបង្រួបបង្រួមជាតិ។

ភាគីទាំងពីរកម្ពុជា-ចិន បានឯកភាពអភិវឌ្ឍក្របខណ្ឌកិច្ចសហប្រតិ​បត្តិការត្បូងពេជ្រ ផ្តោតសំខាន់ដូចខាងក្រោម៖

១ នយោបាយ

ប្រើប្រាស់តួនាទីរបស់គណៈកម្មាធិការ សម្របសម្រួលអន្តររដ្ឋា​ភិបាល​កម្ពុជា-ចិន ឱ្យបានពេញលេញ ពង្រឹងការផ្លាស់ប្តូរអន្តរភាគីគ្រប់កម្រិត ទាំងក្នុងក្រប​ខណ្ឌ​រដ្ឋ បក្ស និងយុវជន និងបន្តកសាងសហគមន៍វាសនារួមកម្ពុជា-ចិន។

២ សមត្ថភាពផលិតកម្ម

ពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្ត និងការបន្ស៉ីគ្នារវាង​គំនិត​ផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ និងយុទ្ធសាស្រ្តចតុកោណ។ អភិវឌ្ឍន៍ខេត្តព្រះសីហនុ ឱ្យក្លាយជាគំរូតំបន់សេដ្ឋកិច្ចពិសេសពហុបំណង និងបង្កើនកិច្ចសហប្រតិបត្តិការលើ​វិស័យ​ដឹកជញ្ជូន បណ្តាញអគ្គិសនី ខ្សែកាប្លិ៍អុបទិក ឃ្លាំងស្តុក និងភស្តុភារកម្ម ហើយចិន​និង​គាំទ្រ​​កម្ពុជា ក្នុងការអភិវឌ្ឍគម្រោងផ្លូវដែក។

៣ កសិកម្ម

សិក្សាបង្កើត (ច្រករបៀងមច្ឆា និងអង្ករ) អភិវឌ្ឍន៍កសិកម្មអេកូឡូស៊ី​ទំនើប ពន្លឿនផែនការអភិវឌ្ឍន៍កសិកម្មទំនើប ស្វែងរកកិច្ចសហប្រតិបត្តិការកសិកម្ម​ឌីជីថល និងគាំទ្រការធ្វើទំនើបកម្មវារីវប្បកម្ម ចម្ការត្រូពិក និងវិស័យសក្តានុពល​ផ្សេង​ទៀត។

៤ ថាមពល

ជំរុញកិច្ចសហប្រតិបត្តិការលើថមពលវារីអគ្គិសនី ថាមពលដើរដោយពន្លឺ និងប្រភពថាមពលស្អាតដទៃទៀត ស្វែងរកដំណោះស្រាយកិច្ចសហប្រតិបត្តិការថាមពល​បៃតង ស្ថិរភាព និងពឹងផ្អែកបាន។

៥ សន្តិសុខ

ចាប់យកសក្តានុពល នៃយន្តការកិច្ចសហប្រតិបត្តិការ រវាងយោធាទាំងពីរ តាមរយៈការពង្រឹងការផ្លាស់ប្តូរកងកម្លាំងសមភាគី និងសមយុទ្ធ និងការហ្វឹកហ្វឺនរួមគ្នា និងបន្តកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរ និងចែករំលែកព័ត៌មានរវាងមន្រ្តីអនុវត្តច្បាប់។ វិទ្យាសាស្រ្ត បច្ចេកវិទ្យា ការអប់រំ វប្បធម៌ ទេសចរណ៍ សុខាភិបាល និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។

ភាគីទាំងពីរកម្ពុជា-ចិន ឯកភាពបន្តប្រកាន់ខ្ជាប់ ពហុភាគីនិយម និងគាំទ្រប្រព័ន្ធ​ពាណិជ្ជ​កម្ម​ពហុភាគី ដែលមានអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល។

ចិនអបអរសាទរភាពជោគជ័យរបស់កម្ពុជា ក្នុងភាពជាប្រធានអាស៊ានឆ្នាំ២០២២ និងបន្តជំរុញកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង៕

LEAVE A REPLY

Please enter your comment!
Please enter your name here