ប្រទេសចិនបង្ហាញប្លង់ស្ថាបត្យកម្មអាកាសយានដ្ឋានដ៏ធំថ្មីមួយទៀត

0

ដោយៈ សុខុម

ប៉េកាំង: លោក Ma Yansong ដែលជាស្ថាបត្យករមួយរូបក្នុងចំណោមស្ថាបត្យករ ល្បីល្បាញបំផុតនៅប្រទេសចិន បានបញ្ចេញប្លង់ឌី   ហ្សាញដ៏គួរឱ្យទាក់ទាញរបស់ក្រុមហ៊ុនលោក សម្រាប់ស្ថានីយអាកាសយានដ្ឋានថ្មីដ៏ធំមួយ នៅទីក្រុងChangchun ភាគឦសាននៃខេត្ត Jilin ប្រទេសចិន។

ដោយមានរចនាបថប្លែកអស្ចារ្យ ដែលមើលពីលើឃើញដូច “រោមបក្សីអណ្ដែត” និងមើលឱ្យជិតឃើញរាងដូច“ផ្លិត” ប្លង់ឌីហ្សាញស្ថានីយអាកាសយានដ្ឋាននេះ ត្រូវបានលាតត្រដាងកាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះ បន្ទាប់ពីក្រុមហ៊ុនស្ថាបត្យកម្មMAD Architects របស់លោក Ma Yansong ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បានឈ្នះការប្រកួតប្រជែ​ងជាអន្តរជាតិ ដើម្បីដណ្ដើមគ្រប់គ្រងគម្រោងពង្រីក អាកាសយាន    ដ្ឋានអន្តរជាតិ Longjia International Airport នៅក្រុង Changchun ។

ដោយលាតសន្ធឹងរហូត ដល់ទៅជិត២៧០.០០០ម៉ែត្រការ៉េ អគារស្ថានីយអាកាសយានដ្ឋានដ៏ធំល្វឹងល្វើយនេះ នឹងភ្ជាប់ជាមួយស្ថានីយដែលមានស្រាប់ចំនួន២ នៃអាកាសយានដ្ឋានអន្តរជាតិខាងលើ ហើយវាក៏តភ្ជាប់ដោយផ្ទាល់ទៅនឹងទីប្រជុំជន Changchun តាមរយៈផ្លូវថ្នល់ និងរថភ្លើងក្រោមដីផងដែរ។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃសុក្រ ទី១០ ខែកុម្ភៈ។

នៅពេលសាងសង់បញ្ចប់ជាស្ថាពរ គេរំពឹងថាស្ថានីយនេះនឹងមានសមត្ថភាពអាចផ្ទុកអ្នកដំណើរ បានរហូតដល់ទៅ២២លាននាក់ឯណោះក្នុងមួយឆ្នាំៗ។ តែទោះជាយ៉ាងណា កាលបរិច្ឆេទនៃការដាក់ឱ្យដំណើរការស្ថានីយនេះជាផ្លូវការ គឺមិនទាន់មានការប្រកាសនៅឡើយទេ។

បង្កើតឡើងក្រោមកិច្ចសហការ ជាមួយវិទ្យាស្ថានរៀបចំផែនការ និងឌីហ្សាញអាកាសយានដ្ឋានចិន (China Airport Planning & Design Institute) និងវិទ្យាស្ថានរចនាស្ថាបត្យកម្មទីក្រុងប៉េកាំង (Beijing Institute of Architectural Design) ប្លង់ឌីហ្សាញស្ថានីយនេះគឺស្ថិតក្នុងចំណោមគម្រោង អាកាសយានដ្ឋានថ្មីៗដ៏គួរឱ្យអារម្មណ៍ ឬគម្រោងពង្រីកអាកាសយានដ្ឋាននានានៅទូទាំងប្រទេសចិន។

ទន្ទឹមនេះ ក៏គ្មានការបញ្ជាក់ពីទំហំ នៃការចំណាយសម្រាប់គម្រោងស្ថានីយអាកាសយានដ្ឋានដ៏ធំនេះដែរ៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here