ក្រុមហ៊ុនអចលនទ្រព្យធំៗចំនួន២គ្រោងចាប់ដៃគ្នាសាងសង់គម្រោងបែបអឺរ៉ុប Amata European Smart City

0

ដោយ: គង់ លាងហួរ

បាងកក: ក្រុមហ៊ុនអភិវឌ្ឍន៍ឧស្សាហកម្ម Amata Corporation Plc បានសហការជាមួយក្រុមហ៊ុន B.Grimm Power Plc (BGRIM) ដើម្បីសិក្សាលទ្ធភាព លើការសាងសង់គម្រោង Amata European Smart City ដែលរំពឹងថា វានឹងបម្រើក្រុមហ៊ុនអឺរ៉ុប ដែលបោះទុនវិនិយោគនៅក្នុងច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC)។

លោក Vikrom Kromadit នាយកប្រតិបត្តិនៃក្រុមហ៊ុន Amata Corp បានមានប្រសាសន៍ថា ក្រុមហ៊ុនទាំង២គ្រោងបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា ដើម្បីអភិវឌ្ឍគម្រោងនេះ ដោយកំណត់ទីតាំងនៅលើផ្ទៃដីទំហំ៣២ហិកតា នៅក្នុងតំបន់ Amata City Chon Buri។

លោកបន្តថា “ក្រុមហ៊ុន Amata នឹងកាន់កាប់ភាគហ៊ុន៦០ភាគរយនៅក្នុងការបណ្តាក់ទុនរួមគ្នា ដោយភាគហ៊ុន៤០ភាគរយទៀត ដែលនៅសល់ត្រូវបានផ្តល់មូលនិធិដោយក្រុមហ៊ុន BGRIM”។

ក្រុមហ៊ុនទាំង២ គ្រោងប្រែក្លាយគម្រោងនេះ ដើម្បីគាំទ្រដល់វិស័យថាមពលឆ្លាតវៃ ការដឹកជញ្ជូនឆ្លាតវៃ និងការផលិតឆ្លាតវៃ។

លោកVikrom រំពឹងថា “វិនិយោគិនអឺរ៉ុបនឹងចាប់អារម្មណ៍លើគម្រោងថ្មីនេះ នៅក្នុងច្រករបៀងសេដកិច្ច (EEC) ដែលជាទីតាំងគ្រោងទុករបស់រ ដ្ឋាភិបាលថៃ សម្រាប់អភិវឌ្ឍមជ្ឈមណ្ឌលឧស្សាហកម្ម បច្ចេកវិទ្យាជាន់ខ្ពស់”។

លោក Vikrom បានបន្ថែមថា ក្រុមហ៊ុន Amata ក៏គ្រោងនឹងអភិវឌ្ឍបរិវេណឧស្សាហកម្មថ្មីមួយ ដើម្បីបម្រើដល់វិនិយោគិនកូរ៉េខាងត្បូង នាពេលអនាគតផងដែរ។

លោក Harald Link នាយកប្រតិបត្តិនៃក្រុមហ៊ុន BGRIM រំពឹងថា វិនិយោគិនមកពីបណ្តាប្រទេសដូចជាហ្វាំងឡង់ ចក្រភពអង់គ្លេស និងអាល្លឺម៉ង់នឹងបោះទុនវិនិយោគនៅ Amata European Smart City ព្រោះវាជាគម្រោង ដែលមានសក្តានុពលខ្ពស់នៅក្នុងតំបន់អាស៊ាន។

លោកបន្តថា “ក្រុមហ៊ុនអឺរ៉ុបមួយចំនួន មានទំនោរមើលរំលងប្រទេសថៃ ដោយពួកគេចាប់អារម្មណ៍ វិនិយោគលើប្រទេសឥណ្ឌា និងចិន ពីព្រោះប្រទេសទាំងនោះ មានប្រជាជនច្រើនជាងគេបំផុតក្នុងពិភពលោក”។

លោកបញ្ជាក់ថា យើង​កំពុង​ស្នើ​ឲ្យ​ពួកគេ​ពិចារណា ​លើការ​វិនិយោគ​នៅ​ប្រទេស​ថៃ ព្រោះ​ប្រទេស​នេះ ​អាច​បម្រើ​ជា​ច្រក​ចេញ​ចូល​របស់អាស៊ាន។

លោក Harald Link រំពឹងថា គម្រោង Amata European Smart City នឹងទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេស ដែលវានឹងដើរតួយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចថៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here