អ្នកជំនាញលើកឡើងពីឱកាសចំនួន៣នៃទីផ្សារអចលនទ្រព្យកម្ពុជា ក្នុងឆ្នាំ២០២៣

0

ដោយ: សុផារី

ភ្នំពេញ: ការអូសបន្លាយនៃវិបត្តិជំងឺ និងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានទាញទម្លាក់ឲ្យវិស័យអចលនទ្រព្យ នៅកម្ពុជាឲ្យមានការធ្លាក់ចុះ។ យ៉ាងណាក្តី ចំពោះទីផ្សារអចលនទ្រព្យរបស់កម្ពុជា អ្នកជំនាញនៅតែមើលឃើញពីឱកាសនៃការងើបឡើងនៃទីផ្សារមួយនេះ។

លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ទីផ្សារអចលនទ្រព្យកម្ពុជា នឹងត្រូវបានជំរុញដោយកត្តាសំខាន់ៗចំនួន៣ នៅក្នុងឆ្នាំនេះ។

លោកបានបញ្ជាក់ថា កត្តាជំរុញសំខាន់ទី១ គឺកំណើនល្អប្រសើរនៃសេដ្ឋកិច្ចជារួមរបស់កម្ពុជា ដែលត្រូវបានព្យាករណ៍ដោយ រាជរដ្ឋាភិបាល និងស្ថាប័នធំៗមួយចំនួន ថានឹងមានភាពល្អប្រសើរ ហើយក្នុងនោះទីផ្សារអចលនទ្រព្យ ក៏ជាផ្នែកមួយនៃសេដ្ឋកិច្ចកម្ពុជាផងដែរ។

កត្តាជំរុញសំខាន់ទី២ គឺការបើកសេដ្ឋកិច្ចឡើងវិញ នៃប្រទេសចិន ដែលនឹងជំរុញឲ្យមាននូវចរាចរណ៍ រវាងទេសចរណ៍ វិនិយោគិន និងអ្នករកស៊ីមកពីប្រទេសចិនឡើងវិញ។

លោកបានបញ្ជាក់ថា “នេះគឺជាឱកាសមួយ ដែលនាំឲ្យមានសញ្ញាល្អដល់សេដ្ឋកិច្ចកម្ពុជា សេដ្ឋកិច្ចតំបន់ និងពិភពលោកទាំងមូលផងដែរ”។

លើសពីនេះទៅទៀត ដំណើរទស្សកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិន ដើម្បីពង្រឹងនូវទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ក៏ជាការទាក់ទាញលំហូរទេសចរ និងអ្នកវិនិយោគមកកាន់កម្ពុជាបន្ថែមផងដែរ។

ចំំណែកលោកឧកញ៉ា​តេង រិទ្ធិ អគ្គនាយកក្រុមហ៊ុន R Investment Group បានបញ្ជាក់ថា ក្តីសង្ឃឹមលំហូរទុនវិនិយោគពីចិន មកកាន់ប្រទេសកម្ពុជា ជាកត្តាជំរុញឱ្យទីផ្សារអចលនទ្រព្យ មានសញ្ញាវិជ្ជ​មាន នៅក្នុងឆ្នាំ២០២៣នេះ ដោយសារប្រទេសកម្ពុជារំពឹង និងពឹងផ្អែកច្រើនលើរំហូរទុនវិនិយោគ ពីសំណាក់អ្នកវិនិយោគចិន ដែលកន្លងមកបានចូលមកវិនិយោគច្រើននៅកម្ពុជា និងជំរុញឱ្យមានការរីកចម្រើនដល់សេដ្ឋកិច្ចកម្ពុជា។

អ្នកជំនាញសេដ្ឋកិច្ច និងអចលនទ្រព្យជាច្រើនរូប ក៏មើលឃើញដូចគ្នាដែរ ចំពោះសុទិដ្ឋិនិយមចំពោះការងើបឡើងវិញ នៃទីផ្សារចលនទ្រព្យរបស់កម្ពុជានៅក្នុងឆ្នាំ២០២៣ ដែលជំរុញដោយកត្តាសំខាន់ៗ រួមមាន សេដ្ឋកិច្ចកម្ពុជា និងការបើកត្រឡប់ឡើងវិញនៃប្រទេសចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here