ក្រោយចិនបើកប្រទេស វិនិយោគិនកម្ពុជា និងចិនកាន់តែច្រើនកំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជាឡើងវិញ

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ កម្ពុជា ចាប់ផ្ដើមទទួលបានអត្ថប្រយោជន៍ ជាបន្តបន្ទាប់ឡើងវិញហើយ ក្រោយពីប្រទេសចិនបានបើកសេដ្ឋកិច្ច បើកទូលាយដល់ការធ្វើដំណើររបស់ពលរដ្ឋខ្លួនកាលពីដើមខែមករា ឆ្នាំ២០២៣នេះ។

ជាក់ស្ដែងវិនិយោគិនចិន និងកម្ពុជាបាន និងកំពុងចាប់ដៃគ្នាក្នុងការស្វែងរកឱកាស និងដ៏ដូចជាសិក្សាសក្ដានុពលវិនិយោគ ក្នុងប្រទេសកម្ពុជា ។

យោងតាមសេក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុនអចលនទ្រព្យមួយនៅកម្ពុជាបានឱ្យដឹងថា ដើម្បីរៀបចំឱ្យមានការទាក់ទាញ លើការវិនិយោគអចលនទ្រព្យឡើងវិញ ក្រុមហ៊ុនចិន និងកម្ពុជា បានសហការគ្រោងនឹងរៀប​ចំពិព័រណ៍មួយផ្ដោតលើការធ្វើពាណិជ្ជកម្ម ការផ្គូរផ្គងដៃគូវិនិយោគ សិក្សាពីសក្ដានុពល ដើម្បីពង្រីកទីផ្សារជូនអាជីវករកម្ពុជា និងចិន ព្រមទាំងបង្ហាញពីការឱកាស ក្នុងការវិនិយោគនៅកម្ពុជាឡើងវិញផងដែរ។

លោក He Pan ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុនអចលនទ្រព្យ Compass Real estate  បានថ្លែងនៅក្នុងសន្និសីទមួយកាលពីចុងសប្ដាហ៍កន្លងមកនេះឱ្យដឹងថា កម្មវិធីពិព័រណ៍នេះបែកចែកជា៣ ផ្នែកសំខាន់ៗ ដូចជា អចលនទ្រព្យ រថយន្ត និងសេវាកម្មរស់នៅ គ្រោងមានស្ដង់ក្រុមហ៊ុនចំនួន៦៧ក្រុមហ៊ុន។ លោកបន្តថា ក្នុងដំណាក់កាលកំពុងសិក្សាស្រាវជ្រាវ មានសហគ្រាសល្បីៗប្រមាណ៣០ មានការចាប់អារម្មណ៍យ៉ាងខ្លាំងលើកម្មវិធីពិព័រណ៍នេះ។

កម្មវិធីពិព័រណ៍នេះ គ្រោងនឹងរៀបចំក្រោមប្រធានបទសម្បូរបែប និងទំនាក់ទំនង រួមបញ្ចូលការណែនាំដែលឆ្លុះបញ្ចាំងពីការអភិវឌ្ឍន៍ និងវប្បធម៌ នៃលំនៅដ្ឋានកម្ពុជា ព្រមនិងវេទិកាកំពូលអាជីវកម្ម ការសម្តែងសិល្បៈបែបប្រពៃណីចិន ល្បែងកម្សាន្តសំរាប់គ្រួសារជាដើម។ ទស្សនិកជននឹងអាចទទួលបានបទពិសោធន៍ និងឈ្វេងយល់ពីនិន្នាការ អភិវឌ្ឍន៍នៃអាជីវកម្មនានាដោយសេរី។

លោកបន្តថា “កម្មវិធីពិព័រណ៍នេះ នឹងធ្វើការពិភាក្សាស្រាវជ្រាវ ទៅលើបញ្ហាអាជីវកម្មពាក់ព័ន្ធនឹងអចលនទ្រព្យ រថយន្តនិងសេវាកម្ម ក្នុងការរស់នៅសម្រាប់ប្រជាជនកម្ពុជា ចិន តាមរយៈវេទិកានានា”។លោកបន្តថា “អ្នកជំនាញ នឹងធ្វើការចែករំលែកពត៌មាន អាជីវកម្មទៅកាន់មហាជនដើម្បីស្វែងរកនូវដំណោះស្រាយបញ្ហាប្រឈម និងស្វែងរកនូវកាលានុវត្តភាពថ្មីៗ”។

ដោយឡែកក្រុមហ៊ុនអចលនទ្រព្យចិន និងកម្ពុជាពីរផ្សេងទៀតក៏បានសហការ ក្នុងការបង្កើតនូវសិក្ខាសាលាស្ដីពី របៀបរកស៊ីក្នុងវិស័យអចលនទ្រព្យ ជាពិសេសការរកស៊ីជាមួយធុរជនជនជាតិចិន ដែលបានចូលមកកម្ពុជាឡើងវិញជាបន្តបន្ទាប់ ។

លោកឌឹត ចណ្ណា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យឡាក់គី បាននិយា​យថា ក្រុមហ៊ុនរបស់ខ្លួនបានសហការជាមួយ ក្រុមហ៊ុនរបស់ចិនមួយគ្រោងនឹងរៀបចំនូវការបង្ហាញពីឱកាសរកស៊ី ក្នុងវិស័យអចលនទ្រព្យ ដើម្បីទទួលបានប្រាក់ចំណេញ ជាពិសេសក្រោយពីប្រទេសចិន បានបើកប្រទេសឡើងវិញ ។

លោកបញ្ជាក់ថា “អ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យកម្ពុជា នឹងទទួលបានឱកាស និងដឹងពីរបៀបរកស៊ី ក្នុងវិស័យអចលនទ្រព្យកាន់តែច្បាស់ និងស៊ីជម្រៅបន្ថែមពីអ្នកជំនាញកម្ពុជានិងចិន”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here