Hattha top Banner

រដ្ឋាភិបាលតួកគីស៊ើបអង្កេតលើបណ្ដាក្រុមហ៊ុនម៉ៅការសាងសង់ ខណៈអ្នកស្លាប់ដោយគ្រោះរញ្ជួនដីកើនលើស៣៣.០០០នាក់

0

ដោយៈ សុខុម

តួកគី: អាជ្ញាធរតួកគី កំពុងចាប់ផ្ដើមបើកការស៊ើបអង្កេត លើបណ្ដាក្រុមហ៊ុនម៉ៅការសាងសង់អគារ ដែលបានដួលរលំក្នុងគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកាលពីថ្ងៃទី៦ ខែកុម្ភៈ ដែលបានផ្ដាច់ជីវិតមនុស្សអស់ជាង៣៣.០០០នាក់ ខណៈក្រុមអ្នកជួយសង្គ្រោះបានរកឃើញ អ្នកនៅរស់រានមានជីវិតបន្ថែ​មទៀត នៅក្នុងគំនរបាក់បែកកាលពីថ្ងៃអាទិត្យ កន្លងទៅ។

ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី កម្រិតចន្លោះពី៧.៥រ៉ិចទ័រ ទៅ៧.៨រ៉ិចទ័រ ដែលបានរញ្ជួយរយៈពេល៩ម៉ោង នៅផ្នែកខ្លះនៃប្រទេសតួកគី នាភាគអាគ្នេយ៍ និងប្រទេសស៊ីរី ភាគខាងជើង បានកើនឡើងដល់៣៣.១៨៥នាក់ ហើយប្រាកដណាស់ថា ចំនួននេះនឹងកើនឡើងនៅពេលក្រុមសង្គ្រោះរកឃើញសាកសពបន្ថែមទៀត។

ចំនួនអ្នកស្លាប់ ​បានកើនឡើងយ៉ាងខ្លាំងឥតឈប់ឈរ ខណៈការជួយសង្គ្រោះ ហាក់មានការយឺតយ៉ាវ ដែលធ្វើឱ្យជនរងគ្រោះស្លាប់ជាបន្តបន្ទាប់។ នេះបើយោងតាមសារព័ត៌មាន Korea Times ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១៣ ខែកុម្ភៈ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌តួកគី លោក Bekir Bozdag បានអះអាងថា មនុស្សចំនួន១៣១នាក់ កំពុងស្ថិតក្រោមការស៊ើបអង្កេត ចំពោះការទទួលខុសត្រូវរបស់ពួកគេ ក្នុងការសាងសង់អគារ ដែលគ្មានសមត្ថភាពអាចទប់​ទល់នឹងគ្រោះរញ្ជួយដី។ ខណៈការរញ្ជួយដីទាំងនេះ មានកម្លាំងខ្លាំងក្លា មនុស្សជាច្រើន នៅក្នុងប្រទេសតួកគី បានស្តីបន្ទោសថា មកពីសំណង់គ្មានគុណភាពរឹងមាំគ្រប់គ្រាន់ ទើបបានជាដួលរលំងាយៗ និងបណ្ដាលឱ្យមានមនុស្សស្លាប់ច្រើនដល់ថ្នាក់នេះ។

ច្បាប់ស្ដីពីការសាងសង់នៅក្នុងប្រទេសតួកគី នាពេលបច្ចុប្បន្នតម្រូវ  ឱ្យការសាងសង់អគារនានា បំពេញបានតាមស្តង់ដារវិស្វកម្ម ដែលធន់ទ្រាំនឹងគ្រោះរញ្ជួយដី។

ទោះជាយ៉ាងណា វាមានតែនៅលើក្រដាសប៉ុណ្ណោះ ប៉ុន្តែកម្រនឹងត្រូវបានអនុវត្តន៍ណាស់។ ហើយមានការលើកឡើងថា ដោយសារតែហេតុនេះហើយបានជាគ្រោះរញ្ជួយដីនេះ បង្កឱ្យអគារយ៉ាងច្រើនដួលរលំសង្កត់លើមនុស្សស្លាប់អស់ច្រើនយ៉ាងនេះ។

ទីភ្នាក់ងារព័ត៌មានឯកជន DHA និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតបានផ្សាយថា អ្នកម៉ៅការ២នាក់ដែលជាអ្នកទទួលខុសត្រូវ ចំពោះការបំផ្លិចបំផ្លា​ញអគារនៅ Adiyaman ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ កន្លងទៅនៅឯអាកាសយានដ្ឋានក្រុងអ៊ីស្ទែនប៊ុល ខណៈកំពុងព្យាយាមភៀសខ្លួនចេញពីប្រទេសនេះ។

អ្នកម៉ៅការម្នាក់ដែលត្រូវបានឃាត់ខ្លួនឈ្មោះ Yavuz Karakus បានប្រាប់ទីភ្នាក់ងារព័ត៌មាន DHA ថា “មនសិការរបស់ខ្ញុំ គឺច្បាស់លាស់ណាស់។ ខ្ញុំបានសាងសង់អគារចំនួន៤៤អគាររួចមកហើយ ក្នុងនោះមានតែអគារចំនួន៤ប៉ុណ្ណោះ ដែលត្រូវបានបំផ្លិចបំផ្លាញ។ ខ្ញុំបានធ្វើទៅតាមច្បាប់គ្រប់យ៉ាង”៕ Korea Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here