ផ្ទះយន្តហោះពិតៗ! យន្តហោះ Boeing 737 ត្រូវបានប្រែក្លាយទៅជាវីឡាលម្ហែកាយដ៏ប្រណីតជួលក្នុងតម្លៃកប់ពពក

0

ដោយៈ សុខុម

កោះបាលី: ក្រោយពីចូលនិវត្តឈប់ហោះហើរលើអាកាស យន្តហោះជាធម្មតា ត្រូវគេដោះយកគ្រឿងបន្លាស់សំខាន់ៗ ទុកប្រើប្រាស់ឡើងវិញ ហើយតួរបស់វាត្រូវគេទុកចោល នៅវាលខ្មោចយន្តហោះ ខណៈតួខ្លះទៀតត្រូវគេប្រែក្លាយទៅជាភោជនីយដ្ឋាន សារៈមន្ទីរ ហាងកាហ្វេ និងសូម្បីធ្វើជាកន្លែងជប់លៀងជាដើម។

ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់ និងគួរឱ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ គឺយន្តហោះចូលនិវត្តន៍មួយគ្រឿងនេះ ត្រូវបានប្រែក្លាយទៅជាផ្ទះវីឡាលម្ហែកាយដ៏ប្រណីត ដែលអាចជួលឱ្យភ្ញៀវស្នាក់នៅលម្ហែរកាយ បានក្នុងតម្លៃកប់ពពក។

យោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីចុងសប្ដាហ៍កន្លងទៅឱ្យដឹងថា យន្តហោះចូលនិវត្តន៍នេះ ត្រូវបានស្ទូចដាក់លើចំណោតថ្មភ្នំមួយកន្លែងជិតឆ្នេរខ្សាច់Nyang-Nyang  ក្នុងភូមិសាស្ត្រលើកោះបាលី ប្រទេសឥណ្ឌូនេស៊ី ហើយវាទំនងជាយន្តហោះ ដែលត្រូវបានស្រស់ស្អាតបំផុតមិនធ្លាប់មាន។

ដោយធ្លាប់ជាផ្នែកមួយនៃកងយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ Mandala Airline ដែលពេលនេះលែងមានទៅហើយ យន្តហោះធុន Boeing 737 នេះត្រូវបានក្រុមហ៊ុនអភិវឌ្ឍន៍ Felix Demin ទិញយកក្នុងឆ្នាំ២០២១ ហើយដឹកមកកាន់ទីតាំងនេះ។

វីឡាលម្ហែរកាយដ៏ប្រណីតមានឈ្មោះថា Private Jet Villa by Hanging Garden ដែលស្ថិតនៅលើចំណោតថ្មភ្នំ កម្ពស់១៥០ម៉ែត្រពីកម្រិតទឹកសមុទ្រនេះ មានបន្ទប់គេងចំនួន២ និងអាងហែលទឹក១ ហើយភ្ញៀវជួលបានចាប់ពីខែមេសា ឆ្នាំ២០២៣ ខាងមុខតទៅជាមួយនឹងតម្លៃសស្នាក់នៅក្នុងមួយយប់រហូត ដល់ទៅប្រមាណ៧.០០០ដុល្លារឯណោះ។

លោក Demin ដែលក៏ជាម្ចាស់ម៉ាកយីហោសណ្ឋាគារ Bubble Hotel Bali ផងដែរនោះនិយាយថា ដំបូងឡើងគាត់គិតថាទិញយន្តហោះនេះ ទុកសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនប៉ុណ្ណោះ ប៉ុន្តែដោយមើលឃើញពីសក្ដានុពលរបស់វា គាត់ក៏បានប្រែក្លាយវាទៅជាផ្ទះលម្ហែរកាយ ដ៏ប្រណីតបែបនេះ សម្រាប់ជួលឱ្យភ្ញៀវស្នាក់នៅលម្ហែកាយ៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here