ក្រុមហ៊ុនអចលនទ្រព្យថៃគ្រោងបោះទុនរាប់លានដុល្លារអភិវឌ្ឍខុនដូស្របពេលតម្រូវការរបស់អតិថិជនចិនកើនឡើង

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនអភិវឌ្ឍន៍ Ananda Development Plc គ្រោងបើកដំណើរការគម្រោងថ្មីចំនួន២ ដែលមានតម្លៃ៤៣១,៧៧លានដុល្លារ នៅក្នុងឆ្នាំ២០២៣នេះ ដើម្បីសាងសង់ខុនដូ ក្នុងតម្លៃសរុប៨៥៧,៧៣លានដុល្លារ។

លោក Chanond Ruangkritya ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Ananda បានមានប្រសាសន៍ថា ទីផ្សារអន្តរជាតិ នឹងក្លាយជាកត្តាជំរុញដ៏សំខាន់ សម្រាប់ដំណើរការរបស់ក្រុមហ៊ុន និងទីផ្សារខុនដូទាំងមូលនៅឆ្នាំនេះ ដោយសារមានអតិថិជនជាច្រើន កំពុងស្វែងរកទិញផ្ទះប្រភេទទី២នៅក្រៅប្រទេស។

លោក​បាន​បន្ត​ថា​ “រលក​ដ៏ធំនៃ​អ្នក​ទិញ​ពី​បរទេស​ កំពុង​មក​ដល់​ ហើ​យលំហូរនៃអ្នកជំនួញ និងអ្នកវិនិយោគមកពីប្រទេសចិន មានចំនួនច្រើនណាស់”។

កាលពីខែមុន ក្រុមហ៊ុនAnanda បានកត់ត្រាការលក់មុន(Presale​)សរុបចំនួន២,៤៧ពាន់លានបាត ដោយថវិកាចំនួនពីរភាគបី ឬស្មើនឹង១,៦៥ពាន់លានបាត បានមកពីអតិថិជនអន្តរជាតិ។

ក្រុមហ៊ុននេះ គ្រោងទទួលបានការ​ផ្ទេរ​ប្រាក់​ ពី​ទីផ្សារ​អន្តរជាតិ​ចំនួន៣,១ពាន់​លាន​បាត​នៅ​ចុង​ឆ្នាំ​២០២៣នេះ ដែលកើនឡើង២៩ភាគរយបើ​ធៀប​នឹង​ឆ្នាំ២០២២។

បច្ចុប្បន្ននេះ ក្រុមហ៊ុន Amanda មានខុនដូដែលមិនទាន់បានលក់ និងបានបញ្ចប់ ដែលមានតម្លៃសរុប២៩ពាន់លានបាត នៅក្នុង១៧គម្រោង និងលំនៅដ្ឋានទាបៗដែលមិនទាន់លក់ និងបានបញ្ចប់ការសាងសង់នៅក្នុងគម្រោងចំនួន១១៕

LEAVE A REPLY

Please enter your comment!
Please enter your name here