ខេត្តព្រះសីហនុ សហការជាមួយកុងស៊ុលប្រទេសចំនួន២ផ្សព្វផ្សាយការប្រើប្រាស់ពលកម្មបរទេសដល់ម្ចាស់ក្រុមហ៊ុននានា

0

ដោយៈ គង់ ម៉ាលីនណា

       ព្រះសីហនុៈ លោកគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញផ្សព្វផ្សាយលិខិត បទដ្ឋានគតិយុត្តិពាក់ព័ន្ធការគ្រប់គ្រង និងប្រើប្រាស់ ហត្ថពលកម្មបរទេសដល់រោងចក្រ សហគ្រាស គ្រឹះស្ថាន សណ្ឋា​គារ កាស៊ីណូ ក្នុងខេត្តព្រះសីហនុចំនួន៣៣៥ ដោយមានការចូលរួមពីឯកឧត្តមអគ្គកុងស៊ុលវៀតណាម និងផ្នែកអគ្គកុងស៊ុលចិន ប្រចាំខេត្តព្រះសីហនុ។

លោកយ៉ូវ ខេមរា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ចាជីវៈខេត្តព្រះសីហនុ បានធ្វើបទបង្ហាញជាច្រើនរួមមាន ទី១ ទិដ្ឋភាពច្បាប់ពាក់ព័ន្ធបទដ្ឋានគតិយុត្តនានា ទី២ បែបបទនិតិវិធីនៃការស្នើសុំប័ណ្ណការងារជនបរទេ​សប្រចាំឆ្នាំ ទី៣ ការចុះធ្វើអធិការកិច្ចចម្រុះហត្ថពលកម្មបរទេស ទី៤ ការផាកពិន័យ ៥.ការប្រើប្រាស់សេវាសាធារណរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:។

ទី៦ បញ្ហាប្រឈម ទី៧សំណូមពរ។ ការផ្សព្វផ្សាយនេះ វាមានសារសំខាន់ណាស់ ដើម្បីឱ្យម្ចាស់សណ្ឋាគារ កាស៊ីណូបោះទីតាំងក្នុងខេត្តព្រះសីហនុចូលរួមអនុវត្តច្បាប់កម្ពុជាឱ្យមានប្រសិទ្ធិភាព។

អភិបាលខេត្តព្រះសីហនុ លោកគួច ចំរើនបានមានប្រសាសន៍ថា នេះជាការផ្សព្វផ្សាយលើកទី២ ដល់ម្ចាស់រោងចក្រ សហគ្រាស សណ្ឋាគារ និងកាស៊ីណូ អ្វីដែលរដ្ឋបាលខេត្តចង់បាន គឺការចូលរួមគោរពច្បាប់ទាំងអស់គ្នាដែលមន្ទីរការងារ បានធ្វើការបកស្រាយពន្យល់ បង្ហាញលេខទូរសព្ទទំនាក់ទំនង ដើម្បីមានភាពងាយស្រួលធ្វើការទំនាក់ទំនង ជាមួយក្រុមការងាររបស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត។

លោកអភិបាលខេត្ត សង្ឃឹមថាបងប្អូនអាចយល់ដឹង កាន់តែច្បាស់ ដែលមន្ត្រីរបស់យើង ធ្វើការពន្យល់បកស្រាយតាមមាត្រា និងនីតិវិធីក្នុងការស្នើសុំសៀវភៅការងារ។ រដ្ឋបាលខេត្តនៅតែលើកទឹកចិត្ត សម្រាប់សហគ្រាស រោងចក្រ ដែលកំពុងដំណើរការ នៅក្នុងខេត្តព្រះសីហនុ យើងមិនចង់ធ្វើការផាកពិន័យ ចំពោះហត្ថពលកម្មបរទេស ដែលមកធ្វើការនៅខេត្តព្រះសីហនុ ប៉ុន្តែអស់លោក លោកស្រីត្រូវតែសុំសៀវភៅការងារឱ្យបានគ្រប់ៗ   គ្នា។

លោកគួច ចំរើនបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការសកម្មភាពបង្ការ ទប់ស្កាត់នូវរាល់បទល្មើស នៃការជួញដូរកម្លាំងពលកម្ម ជួញដូរមនុស្ស ជួញដូគ្រឿងញៀន ការប្រើប្រាស់អាវុធខុសច្បាប់ និងល្បែងភ្នាល់ខុសច្បាប់ផ្សេងទៀត ដើម្បីការពារគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណសង្គម ហើយបទល្មើសទាំងអស់នេះ វាបានផ្តើមចេញពីហត្ថពលកម្មបរទេស ដែលរស់នៅដោយខុស កើតជាអំពើឆបោក ការបង្ខិតបង្ខាំងទាប្រាក់ជាដើម។

លោកបន្តថា ថ្មីៗនេះរាជរដ្ឋាភិបាល បានដឹកនាំការបង្រ្កាបបទល្មើសទ្រង់ទ្រាយធំនៅទូទាំងប្រទេស ពិសេសនៅខេត្តព្រះសីហនុ ហើយបទល្មើសផ្តើមចេញពីអ្នកគេចវេស ហត្ថពលកម្មបរទេសខុសច្បាប់នេះ ដើម្បីឈានទៅការគ្រប់គ្រងសន្តិសុខ និងទប់ស្កាត់ការឆបោក គឺត្រូវចូលរួមមគោរពច្បាប់ការងារ របស់ព្រះរាជាណាចក្រកម្ពុជា។ ប្រសិនបើពលកម្មបរទេស ដែលមិនមានសៀវភៅការងារពួកគេ នឹងងាយរងគ្រោះ នៃការគំរាមកំហែង និងការអូសទាញឆបោក មានន័យថាបើពលករបរទេសរស់នៅស្របច្បាប់ មានសៀវភៅការងារ អំពើល្មើសនិងត្រូវកាត់បន្ថយ។ ស្របពេលការគម្រាមកំហែងដោយកូវីដ-១៩ ប្រទេសនៅលើពីភពលោកបានបើកសេដ្ឋកិច្ច និងបើកទេសចរឡើងវិញ ខេត្តព្រះសីហនុ ក៏ជាខេត្តទេសចរមួយផងដែរ។

តាមការរំពឹងទុកលំហូរភ្ញៀវទេសចរ និងអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុនៅពេលខាងមុខ ទន្ទឹមនោះយើងមានភារកិច្ចការពារសុខសុវត្ថិភាពជូនភ្ញៀវទេសចរ និងអ្នកវិនិយោគដែលមកបំពេញការងារ ប្រកបដោយសុវត្ថិភាព និងរកប្រាក់ចំណូលប្រកបដោយភាពសុខសាន្ត។ យើងបន្តលើកទឹកចិត្តឱ្យហត្ថពលកម្មរបរទេស ចូលរួមគោរពច្បាប់ព្រះរាជាណាចក្រកម្ពុជា យើងនឹងមានសុខដុមនីយកម្មទាំងអស់គ្នា ផ្តល់អត្ថប្រយោជន៍ដល់គ្នាទៅវិញទៅមក នេះជាពេលវេលានៃការផ្សព្វផ្សាយ ផ្តល់ឱ្យយើងមានការយល់ដឹងពីច្បាប់ការងារ។ ដូច្នេះលោក លោកស្រីត្រូវធ្វើការពន្យល់ដល់អ្នកគ្រប់គ្រងរោងចក្រ សហគ្រាស សណ្ឋាគារ កាស៊ីណូ។

លោកអភិបាលខេត្ត ក៏បានស្នើសុំឱ្យអគ្គកុងស៊ុលនៃប្រទេសទាំងពីរជួយបន្តការផ្សព្វផ្សាយ ដល់សហគ្រាសទាំងអស់ ចូលរួមគោរពច្បាប់ទាំងអស់គ្នា ចូលរួមកាត់បន្ថយបទល្មើស និងល្បែងភ្នាល់ខុសច្បាប់ ការជួញដូមនុស្ស ជួញដូរពលកម្មជាដើម ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គមឱ្យល្អប្រសើរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here