វៀតណាមជំរុញគាំទ្រ និងដោះស្រាយបញ្ហាអ្នកធុរកិច្ចនិងវិនិយោគិន របស់ខ្លួននៅកម្ពុជា

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១៤ ខែកុម្ភៈ បានរៀបចំកិច្ចប្រជុំ ជាមួយអ្នកធុរកិច្ចវៀតណាម ដែលកំពុងប្រតិបត្តិការនៅកម្ពុជា ដើម្បីពិភាក្សាអំពីវិធានការជួយដោះស្រាយឧបសគ្គ ចំពោះការវិនិ យោគ និងអាជីវកម្មរបស់ពួកគេ។

ថ្លែងនៅក្នុងជំនួបនោះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang បានមានប្រសាសន៍ថា “ទោះបីឆ្នាំ២០២២ ជួបបញ្ហាប្រឈមយ៉ាងណាក្តី ក៏អ្នកធុរកិច្ចវៀតណាម នៅបន្តឈរជើងយ៉ាងរឹងមាំ និងជំនះពុះពារលើបញ្ហាប្រឈមនានា ព្រមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងវៀតណាម និងកម្ពុជា”។

នៅក្នុងសន្និសីទនេះ អង្គភាពក្រោមការទូត និងក្លឹបធុរកិច្ចវៀតណាមប្រចាំនៅកម្ពុជា (VBCC) បានផ្តល់ព័ត៌មានចុងក្រោយបំផុតស្តីពី ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា គោលនយោបាយទាក់ទាញការវិនិយោគ កិច្ចសហប្រតិបត្តិការវៀតណាម-កម្ពុជា ព្រមទាំងគោលនយោបាយចុងក្រោយរបស់កម្ពុជាលើផ្នែកពន្ធ ក្រមការងារ និងគោលនយោបាយវិនិយោគសម្រាប់អាជី​វកម្មវៀតណាម។

តំណាងអ្នកធុរកិច្ចវៀតណាម បានលើកឡើងពីបញ្ហា ដែលពួកគេប្រឈមនៅពេលវិនិយោគ និងធ្វើអាជីវកម្មនៅកម្ពុជា ដោយអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ច នៃប្រទេសទាំង២ជួយដោះស្រាយបញ្ហាទាំងនោះ។

លោកឯកអគ្គរដ្ឋទូត Tang បានអះអាងថា ស្ថានទូតនឹងប្រមូលអនុសាសន៍ និងសំណើរបស់អង្គភាពអាជីវកម្ម ហើយដាក់ជូនកិច្ចប្រជុំគណៈកម្មាធិការចម្រុះវៀតណាម -កម្ពុជាលើកទី២០ និងសន្និសីទលើកទី១២ ស្តីពីកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ខេត្តព្រំដែន រវាងប្រទេសទាំងពីរនៅឆ្នាំ២០២៣ ដើម្បីពិចារណា និងដោះស្រាយ។

នៅឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេរភាគី រវាងវៀតណាម-កម្ពុជា បានកើនឡើងជិត១១ភាគរយ រហូតដល់១០,៥៨ពាន់លានដុល្លារអាមេរិក។

ទាក់ទិននឹងការវិនិយោគវិញ នៅក្នុងឆ្នាំ២០២២ ប្រទេសវៀតណាមបានអភិវឌ្ឍ គម្រោងវិនិយោគថ្មីចំនួន១២ នៅកម្ពុជា ដែលមានដើមទុនចុះបញ្ជីសរុប៧លានដុល្លារ ខណៈទុន២៣លានដុល្លារ ត្រូវបានបញ្ចូលទៅក្នុងគម្រោងដែលមានស្រាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here