ដោយៈ គង់ សូរិយា
ភ្នំពេញៈ ថ្លែងក្នុងពិធីបើកសន្និបាតនាឱកាសនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈមការ និងដឹកជញ្ជូនបានបានលើកឡើងពីសមិទ្ធផលនានា ដែលក្រសួងសម្រេចបានក្នុងឆ្នាំ២០២២ ក៏ដូចជាគម្រោងការងារកំពុងអនុវត្តនាពេលបច្ចុប្បន្ន។
លោកស៊ុន ចាន់ថុលក៏បានលើកឡើងពីការងារនាពេលខាងមុខធំៗ ជាច្រើនរួមមាន ទី១ ការងារសាធារណការ និងគ្រប់គ្រងបច្ចេកទេស ទី២ការងារដឹកជញ្ជូនផ្លូវគោក និងសុវត្ថិភាពចរាចរណ៍ ទី៣ ការងារដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ទី៤ ការងារផ្លូវដែក និងការដឹកជញ្ជូនសាធារណៈ ទី៥ ការងារភ័ស្តុភារកម្ម ទី៦ ការងារគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់ ទី៧ ការងារកំណែទម្រង់ និងការបណ្តុះបណ្តាល និងទី៨ ការងារភាពជាដៃគូក្នុងការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
លោកទេសរដ្ឋមន្ត្រី ក៏បានស្នើដល់អង្គសន្និបាតទាំងមូល ចូលរួមផ្ដល់យោបល់ឱ្យបានផុលផុស ក្នុងការពិនិត្យពិភាក្សាលើបញ្ហានានា ដើម្បីជាធាតុចូលក្នុងការអនុវត្តទិសដៅរបស់ក្រសួង ប្រកបដោយប្រសិទ្ធភាពការងារខ្ពស់ ស្របទៅតាមទិសស្លោកដែលបានដាក់ចេញ ដើម្បីធានាបាននូវផែនការដែលមានភាពប្រាកដប្រជា ព្រមទាំងអាចអនុវត្តបាន ប្រកបដោយជោគជ័យផ្លែផ្កាក្នុងឆ្នាំ២០២៣ និងទៅអនាគតបន្តទៀត។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តីក៏បានបន្តលើកឡើង ពីការបន្តលើកកម្ពស់គុណភាព នៃការកសាងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធដឹកជញ្ជូន ប្រកបដោយ ប្រសិទ្ធភាព ចីរភាព បរិយាប័ន្ន និងការអភិវឌ្ឍធនធានមនុស្ស” ត្រូវបានលើកជាទិសស្លោក សម្រាប់សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន
អង្គសន្និបាតត្រូវបានប្រាព្ធឡើង ក្នុងគោលបំណងចម្បងដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើស្នាដៃ និងលទ្ធផលការងារ ដែលថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ ក្រោមឱវាទក្រសួង បានអនុវត្តរយៈពេលមួយឆ្នាំ២០២២ កន្លងទៅ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២៣ នេះ ជាមួយនឹងទិសស្លោក “បន្តលើកកម្ពស់គុណភាព នៃការកសាងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធដឹកជញ្ជូន ប្រកបដោយប្រសិទ្ធភាព ចីរភាព បរិយាប័ន្ន និងការអភិវឌ្ឍធនធានមនុស្ស”៕