ដោយៈ គង់ ម៉ាលីន
បាត់ដំបងៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង លោកសុខ លូ បានទទួលជួបជាមួយក្រុមហ៊ុន Agribusiness Asia Group ដើម្បីពិភាក្សាការងារអំពីការវិនិយោគក្នុងខេត្តបាត់ដំបង។
ដោយៈ គង់ ម៉ាលីន
បាត់ដំបងៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង លោកសុខ លូ បានទទួលជួបជាមួយក្រុមហ៊ុន Agribusiness Asia Group ដើម្បីពិភាក្សាការងារអំពីការវិនិយោគក្នុងខេត្តបាត់ដំបង។
តាមរយៈជំនួបនេះ ថ្នាក់ដឹកនាំក្រុមហ៊ុន Agribusiness Asia Group បានលើកឡើងថា ក្រុមហ៊ុនបានធ្វើការសិក្សា អស់រយៈពេលជាង៦ខែរួចមកហើយ មុននឹងសម្រេចជ្រើសរើសខេត្តបាត់ដំបង ជាខេត្តគោលដៅរបស់ក្រុមហ៊ុន ដោយសារខេត្តបាត់ដំបង ជាខេត្តដែលមានសក្ដានុពលខ្ពស់ ដីមានជីវជាតិល្អ មានប្រព័ន្ធទឹកគ្រប់គ្រាន់ អាកាសធាតុអំណោយផល មានផ្ទៃដីធំ និងជាពិសេសជាខេត្ត ដែលមានទីតាំងភូមិសាស្រ្ដល្អ ជិតនឹងព្រំដែនអន្តរជាតិកម្ពុជា-ថៃជាច្រើន ដែលបង្កភាពងាយស្រួល ក្នុងការនាំចេញផលិតផលពោតទៅកាន់ប្រទេសថៃផងដែរ។
ដោយទទួលបានលទ្ធផលបែបនេះហើយ ទើបក្រុមហ៊ុនមានបំណងចង់ធ្វើការវិនិយោគនៅខេត្តបាត់ដំបងនេះ គួបផ្សំជាមួយនឹងតម្រូវការផ្គត់ផ្គង់ពោតមានការកើនឡើងឥតឈប់ឈរ និងមិនទាន់គ្រប់តម្រូវការនៅឡើយទេ។
ក្រុមហ៊ុន Agribusiness Asia Group ជាក្រុមហ៊ុនដែលកំពុងមានប្រតិបត្តិការណ៍នៅប្រទេសអូស្រ្ដាលី និងព្រះរាជាណាចក្រថៃ ហើយជាក្រុមហ៊ុនដែលប្រើប្រាស់នូវបច្ចេកវិទ្យា ពាក់ព័ន្ធនឹងផ្នែកផ្កាយរណប ដែលបច្ចេកទេសនេះ អាចជួយឱ្យការដាំដុះទទួលផល៣ដងក្នុងមួយឆ្នាំ។
លោកសុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង មានប្រសាសន៍ថ្លែងនូវការស្វាគមន៍ និងគាំទ្រចំពោះគម្រោងរបស់ក្រុមហ៊ុន Agribusiness Asia Group ដែលមានបំណងចង់ធ្វើការវិនិយោគលើផ្នែកដំណាំពោតនៅខេត្តបាត់ដំបង ព្រោះខេត្តបាត់ដំបងជាខេត្តដែលមានសក្ដានុពលខ្ពស់ មានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្រ្ដខ្វាត់ខ្វែង ទន្ទឹមនឹងនោះរដ្ឋាភិបាល ក៏បានធ្វើការដាក់ទិសពាយ័ព្យ ជាខេត្តប៉ូលសេដ្ឋកិច្ចទី៤ផងដែរ ។
លោកបានបន្តថា ចំពោះការវិនិយោគនេះផងដែរ ក៏ជាផ្នែកមួយក្នុងការលើកកម្ពស់វិស័យកសិកម្ម ក្នុងខេត្តបាត់ដំបង ឱ្យកាន់តែមានការរីកចម្រើនកាន់តែទំនើប និងក៏ដូចជាបង្កើនប្រាក់ចំណូល ជូនប្រជាកសិករឱ្យកាន់តែល្អប្រសើរផងដែរ៕