ដោយៈ សុផារី
កំពតៈ គម្រោងវិនិយោគកំពង់ផែពហុបំណងកំពត នឹងក្លាយជាកំពង់ផែទឹកជ្រៅ និងធំមួយទៀតនៅកម្ពុជា និងដ៏ទំនើបលំដាប់អន្តរជាតិ នៅក្នុងតំបន់អាស៊ាន។
ការដ្ឋានសាងសង់កំពង់ផែនេះ កំពុងដំណើរការទៅយ៉ាងរលូន និងសស្រាក់សស្រាំ ដោយបច្ចុប្បន្ននេះក្រុមហ៊ុនសាងសង់ កំពុងដំណើរការការចាក់ដីបំពេញព្រែក ដើម្បីសាងសង់គ្រឹះ។នេះបើយោងតាមការបញ្ជាក់របស់លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
-->
លោកអភិបាលខេត្តបានឲ្យដឹងថា កំពង់ផែខ្នាតធំខេត្តកំពតនេះមានជម្រៅទឹកពី១៦ ទៅ១៨ម៉ែត្រ ដែលអាចធានាដល់ការចូលចតនាវាខ្នាតធំៗ មានចំណុះរហូតដល់ទៅ១៥ម៉ឺនតោនអាចប្រើប្រាស់បាន។
លោកឱ្យដឹងទៀតថា បច្ចុប្បន្ននេះ កំពង់ផែខ្នាតអន្តរជាតិនេះ កំពុងដំណើរការស្ថាបនា យ៉ាងសស្រាក់សស្រាំ ដើម្បីរៀបចំទៅតាមលក្ខណៈបច្ចេកទេសសំណង់។ ក្រុមហ៊ុនកំពុងជំរុញនូវការចាក់ដី ដើម្បីបញ្ចប់បាតគ្រឹះសំណង់កំពង់ផែខ្នាតធំនេះទៅតាមលក្ខណៈបច្ចេកទេស។

លោកម៉ៅ ធនិនបានបញ្ជាក់ថា ការសាងសង់កំពង់ផែអាចប្រព្រឹត្តទៅបានតាមការកំណត់ឬទេ វាអាស្រ័យនឹងកត្តាអាកាសធាតុផងដែរ ដោយសារកំពង់ផែមានទីតាំងជាប់នឹងទឹកសមុទ្រ ហើយមានការធ្លាក់ភ្លៀងជាញឹកញាប់ដែលអាចរំខានដល់ការសាងសង់បាន។
ឆ្លើយតបនឹងសំណួរថា តើកំពង់ផែអន្តរជាតិខេត្តកំពតនឹងមានបញ្ហាប្រឈមដែរឬទេ ខណៈពេលខេត្តជិតខាងរបស់កំពត គឺខេត្តព្រះសីហនុ ក៏កំពុងសាងសង់កំពង់ផែទឹកជ្រៅដែរនោះ លោកអភិបាលខេត្តកំពត បានមានប្រសាសន៍ថា នេះមិនមែនជាបញ្ហាប្រឈមនោះទេ ព្រោះថាគោលនយោបាយរបស់រាជរដ្ឋាភិបាលបានយល់ច្បាស់ អំពីតម្រូវការរបស់ជាតិលើបញ្ហានេះ។

លោកបានបញ្ជាក់ថា “ជុំវិញបញ្ហានេះ គឺមិនមានបញ្ហាប្រឈមនោះទេ។ ការរៀបចំកំពង់ផែទាំងអស់ នៅក្នុងខេត្តកំពត គឺជាតម្រូវការរបស់ប្រទេស”។លោកគូសបញ្ជាក់ថា “កំពង់ផែនេះ ប្រសិនបើសាងសង់រួច នឹងក្លាយទៅជាកំពង់ផែ ដែលមានខ្នាតធំសម្រាប់ប្រទេសកម្ពុជា ហើយមានទីតាំងក្នុងខេត្តកំពតទៀតនោះ សក្តានុពលខេត្តកាន់តែមានការអភិវឌ្ឍបន្ថែមទៀត ហើយអាចជំរុញឲ្យជីវភាពនិង GDP ប្រជាពលរដ្ឋនៅក្នុងខេត្តកាន់តែខ្ពស់”។
គម្រោងវិនិយោគនេះ មានផែនការអនុវត្តជា៣ដំណាក់កាល ជាមួយនឹងដើមទុនវិនិយោគសរុបប្រមាណ១.៥០០លានដុល្លារអាមេរិក ដែលនៅក្នុងផែនការដំណាក់កាលទី១ គឺមានចំនួនប្រមាណ២០០លានដុល្លារអាមេរិក។ គម្រោងនេះនឹងរួមមាន ទីលានកុងតឺន័រ តំបន់សេដ្ឋកិច្ចពិសេស តំបន់ពាណិជ្ជកម្មសេរី មជ្ឍមណ្ឌល ភស្តុភារកម្ម ឃ្លាំងស្តុកទំនិញគ្រប់ប្រភេទ ឃ្លាំងភណ្ឌាគារគយ រោងចក្រផលិត និងចែកចាយ រោងចក្រចម្រាញ់ប្រេងឥន្ធនៈ និងមជ្ឈមណ្ឌលប្រេងឥន្ធនៈ តំបន់លំនៅឋាន និងចំណតនាវាដឹកអ្នកដំណើរទេសចរណ៍៕
