គំរោងកម្រិតជាតិធំៗចំនួន៤នឹងលើកកំពស់សក្តានុពលសេដ្ឋកិច្ច ខេត្តបាត់ដំបងកាន់តែខ្លាំង

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ គំរោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋ ការរៀបចំជាប៉ូលសេដ្ឋកិច្ច និងការរៀបចំខ្លួនជាទីក្រុងឆ្លាតវៃ នឹងធ្វើឲ្យទឹកដីខេត្តបាត់ដំបង រីកចម្រើនកាន់តែខ្លាំងនាពេលអនាគត។

អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោកសុខ លូ បានរំលេចឱ្យដឹងថា រហូតមកដល់ពេលនេះ ខេត្តបាត់ដំបង កំពុងរៀបចំក្រុងបាត់ដំបង ជាក្រុងSmart City និងការរៀបចំប្រព័ន្ធលូ ផ្លូវ ហើយត្រូវបានរាជរដ្ឋាភិបាល ដាក់បញ្ចូលខេត្តបាត់ដំបង ជាប៉ូលសេដ្ឋកិច្ចទី៤ របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងនោះខេត្តបាត់ដំបង គ្រោងនឹងបង្កើតផ្លូវរថភ្លើង ល្បឿនលឿនមួយខ្សែបាត់ដំបង ភ្នំពេញ និងព្រលានយន្តហោះប្រភេទ4C រួមនិងកិច្ចអភិវឌ្ឍន៍ជាច្រើនទៀត ដើម្បីធ្វើឱ្យខេត្តបាត់ដំបង កាន់តែមានការរីកចម្រើនលើគ្រប់វិស័យ។

លោកបន្តថា “គំរោងទាំងអស់នេះ សុទ្ឋតែជាតម្រូវការចាំបាច់របស់ប្រ​ជាពលរដ្ឋ និងវិនិយោគិនទាំងថ្នាក់ជាតិ តំបន់ និងអន្តរជាតិធ្វើការដាក់ទុនវិនិយោគ លើគ្រប់វិស័យនៅក្នុងខេត្តបាត់ដំបងក៏ដូចជាប្រទេសកម្ពុជា”។

លោកសុខ លូបានលើកឡើងបែបនេះ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងរដ្ឋបាលខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា និង គណៈប្រតិភូខេត្តចន្ទបុរី នៃព្រះរាជាណាចក្រថៃ ដែលដឹកនាំដោយលោក មន្ដសិទ្ធិ៍ ផៃសានធនវ័ត្ន អភិបាលខេត្តចន្ទបុរី នៃព្រះរាជាណាចក្រថៃ ក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្ដិការ រវាងខេត្ដទាំងពីរ (បាត់ដំបង-ចន្ទបុរី) ឱ្យកាន់តែតែជិតស្និទ្ធិបន្ថែមទៀត។

លោកសុខ លូ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងការងាររួមគ្នា ដើម្បីបង្កើនការយោគយល់គ្នា និងមិត្តភាពរវាងខេត្តបាត់ដំបង និងខេត្តចន្ទបុរី ដែលបានជួយដល់កំណើនសេដ្ឋកិច្ចរបស់ ប្រជាពលរដ្ឋ នៅតាមតំបន់ព្រំដែនឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ហើយចំណងមិត្តភាព និងសាមគ្គីភាពរវាងប្រជាជនកម្ពុជា និងប្រជាជនថៃ គឺជាចំណងមិត្តភាពប្រពៃណីដ៏ល្អ។

លោកបន្តថា តាមរយៈនេះ ខេត្តបាត់ដំបង និងបណ្តាខេត្ត ដែលជាប់ពំ្រដែនជាមួយគ្នា បានជំរុញកិច្ចសហប្រតិបត្តិការគ្នា លើគ្រប់វិស័យ ដែលស្របទៅនឹងគោលនយោបាយរបស់ រាជរដ្ឋាភិបាល និងអនុស្សរណៈយោគយល់គ្នារបស់ភាគីទាំងពីរ និងស្របទៅតាមគោលបំណងរួម ដែលភាគីទាំងពីរបានឯកភាពគ្នាកន្លងមក។

ជាមួយគ្នានេះ លោកមន្តសិទ្ធ ផៃសានធនវ័ត្ត អភិបាលខេត្តចន្ទបូរី បានធ្វើការ ស្វាគមន៍ចំពោះកិច្ចការងារសំខាន់ៗ ទាំងអស់របស់កម្ពុជា ដែលកំពុងមានការវិវឌ្ឍន៍ រីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ហើយរាល់កិច្ចសហប្រតិបត្តិការដែលធ្លាប់មានកន្លងមក ក្នុងនាមអាជ្ញាធរខេត្តចន្ទបូរី នៅតែបន្តរក្សារគោលជំហរបែបនេះតទៅមុខទៀត ។

លោកបានបញ្ជាក់ថា អាជ្ញាធរខេត្តចន្ទបូរី នឹងបន្តការជួយអន្តរាគមន៍ដល់ពលករកម្ពុជា ដែលបាននឹងកំពុងធ្វើការងារនៅថៃ ពេលជួបនឹងបញ្ហាអ្វីផ្សេងៗ ហើយអាជ្ញាធរខេត្តចន្ទបូរី សន្យានឹងធ្វើកិច្ចប្រតិបត្តិការក្នុងការបង្រ្កា​បបទល្មើសផ្សេងៗ នៅតាមព្រំដែន ក៏ដូចជា បង្រ្កាបបញ្ហាគ្រឿងញៀនឆ្លងដែនផងដែរ ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here