ប្រទេស៤ សន្យានឹងជំរុញវិនិយោគិនរបស់ខ្លួនឱ្យមកបណ្តាក់ទុន នៅកម្ពុជាកាន់តែច្រើន

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ចាត់ទុកជា​ដំណឹងល្អមួយសម្រាប់កម្ពុជា ដែលមានប្រទេស​៤បានសន្យា​ថា នឹង​ជំរុញវិនិយោគិន​របស់ខ្លួន​ មកបណ្ដាក់ទុន​នៅកម្ពុជា​បន្ថែមទៀត ក្រោយពីស្ថានភាពកូវីដ១៩មានភាពធូរស្រាលឡើង​វិញ។

ប្រទេស​ទាំង៤នោះ រួមមានប្រទេសស៊ុយអ៊ែត ប្រទេសន័រវ៉េ ប្រទេសដាណឺម៉ាក និងប្រទេសហ្វាំងឡង់ ។ នេះបើតាមការ​បញ្ជាក់របស់អគ្គរាជទូត​និងរដ្ឋទូត​នៃប្រទេស​ទាំង​៤​ ក្នុងជំនួប​ជាមួយ​លោក​បណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាលពីព្រឹកថ្ងៃទី​១៦ កុម្ភៈ ២០២៣។

លោកបណ្ឌិត អ៉ិត សំហេង បានសំដែងការអរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ ជាមួយប្រទេសស៊ុយអែត លើគម្រោងជាច្រើនជាពិសេសទៅលើគម្រោងកសាងសមត្ថភាព ក្នុងការផ្តល់សេវាទីផ្សារការងារ និងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសការងារ តាមរយ:ការលើកកម្ពស់សិទ្ធិការ​ងារ សេរីភាពអង្គការវិជ្ជាជីវ:  និងលក្ខខណ្ឌការងារ ដែលបានជួយគាំទ្រលើការអភិវឌ្ឍវិស័យសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា និង វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលធ្វើឱ្យទទួលស្គាល់ជាប្រទេស ដែលអនុវត្តបានកាន់តែប្រសើរ អនុលោមទៅតាមបទដ្ឋានការងារអន្តរជាតិ ដែលជាកត្តាដ៏សំខាន់ ក្នុងការផ្តល់នូវជំនឿទុកចិត្ត ដល់បណ្តាអ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ទំនិញ។

លោកមានប្រសាសន៍ថា “កម្ពុជាបាននិងកំពុង បន្តពង្រឹងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងធ្វើវិសោធនកម្មច្បាប់ ស្តីពីការងារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការធានាបាននូវលក្ខខណ្ឌការងារល្អប្រសើរ និងភាពសុខដុមក្នុងទំនាក់ទំនងវិជ្ជាជីវៈ”។ លោកបន្តថា “កម្ពុជាពង្រឹងការអនុវត្តច្បាប់ស្តីពីសហជីព ដើម្បីធានានូវសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ដែលតំណាងឱ្យសម្លេង និងឆន្ទៈពិតប្រាកដរបស់កម្មករនិយោជិត និយោជក ក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់គាត់ និងជាដៃគូសន្ទនាដ៏មានប្រសិទ្ធភាពក្នុងកិច្ចសន្ទនាសង្គម កិច្ចព្រមព្រៀងជាសកល (Global Deal Initiative)”។

ជាមួយគ្នានេះ កម្ពុជាក៏ចូលរួមបន្តអនុវត្តន៍ បានយ៉ាងល្អនូវយន្តការត្រីភាគីក្នុងចរចា និងដោះស្រាយបញ្ហានានាប្រកបដោយជោគជ័យ គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា និងការបន្តពង្រឹងយន្តការក្រុមប្រឹក្សាអាជ្ញាកណ្តាលសុទ្ធ ជាធាតុផ្សំនៃការកសាងជំនឿទុកចិត្ត របស់អ្នកវិនិយោគទុនប្រទេសទាំងនេះនៅកម្ពុជា។

ឯកអគ្គរាជទូត និងរដ្ឋទូតទាំង៤ បានសំដែងនូវកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពរីកចម្រើនរបស់កម្ពុជាលើគ្រប់វិស័យ ជាពិសេសក្នុងដំណាក់កាលនៃការរាតត្បាតជំងឺកូវីដ-១៩ រដ្ឋាភិបាលកម្ពុជា បានគ្រប់​គ្រងបានយ៉ាងល្អ ដែលអាចជួយសង្គ្រោះអាយុជីវិតប្រជាជន ហើយឈានទៅបើកដំណើរការសកម្មភាពសេដ្ឋកិច្ច សង្គមឡើងវិញពេញលេញលើគ្រប់វិស័យ។

ទន្ទឹមនឹងនេះ ក៏បានសំដែងនូវការកោតសសើរ ចំពោះការវិវត្តន៍រីកចម្រើននៃវិស័យការងារ ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការធ្វើឱ្យប្រសើឡើងនូវកិច្ចសន្ទាសង្គម សិទ្ធិសេរីភាព អង្គការវិជ្ជាជីវៈ សិទ្ធិការងារ កាត់បន្ថយបាននូវិវាទការងារ មានយន្តការត្រីភាគីច្បាស់លាស់ ដោះស្រាយការងារដោយឯករាជ្យ និងតម្លាភាព។

ឆ្នាំ២០២៣នេះ ជាឆ្នាំដែលកម្ពុជាកំពុងទន្ទឹងរង់ចាំ ការវិលត្រលប់នៃវិនិយោគិនបរទេសចូលមកកម្ពុជាវិញ ជាមួយនឹងរំហូរវិនិយោគទុនពីបរទេ​សចូលមកកម្ពុជាផងដែរ ដោយកម្ពុជាបានត្រៀមខ្លួន និងលក្ខណៈសម្បត្តិមួយចំនួនរង់ចាំស្វាគមន៍ ការមកដល់នៃវិនិយោគិនទាំងអស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here