ដោយ: គង់ លាងហួរ
ហ្សាការតា: ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានទទួលស្វាគមន៍ទីម័រខាងកើត ក្នុងនាមជាសមាជិកអាស៊ាន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា រវាងប្រទេសជិតខាងនៅក្នុងសប្តាហ៍នេះ។
លោក Taur Matan Ruak នាយករដ្ឋមន្ត្រីទីម័រខាងកើត បានធ្វើដំណើរទៅកាន់ទីក្រុងហ្សាកាតា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ បន្ទាប់ពីមានដំណើរទស្សនកិច្ចរបស់លោក Ramos Horta ប្រធានាធិបតីទីម័រខាងកើតកាលពីខែកក្កដា ឆ្នាំ២០២២កន្លងទៅ។
-->
លោកនាយករដ្ឋមន្ត្រី Taur Matan Ruak ត្រូវបានទទួលស្វាគមន៍នៅឯវិមាន Bogor ក្នុងខេត្ត West Java បន្ទាប់ពីប្រទេសនេះ បានចូលរួមក្នុងសមាគមន៍អាស៊ាន ជាគោលការណ៍ក្នុងកិច្ចប្រជុំកំពូលអាស៊ាន កាលពីឆ្នាំមុន។

គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២ សមាគមន៍អាស៊ានបានយល់ព្រមអនុ ញ្ញាតឱ្យប្រទេសទីម័រខាងកើត ក្លាយជាសមាជិកជាគោលការណ៍ ហើយថែមទាំងអនុញ្ញាត ឱ្យតំណាងរបស់ប្រទេសនេះ ចូលរួមសង្កេតការណ៍ក្នុងកិច្ចប្រជុំអាស៊ានកម្រិតខ្ពស់ផងដែរ។
លោកប្រធានាធិបតី Ramos-Horta បានធ្វើយុទ្ធនាការជាយូរមកហើយ សម្រាប់ការចូលជាសមាជិក របស់ប្រទេសរបស់លោក ជាមួយអាស៊ាន ដោយបានដាក់ពាក្យសុំចូលជាសមាជិកនៅឆ្នាំ២០១១។
បន្ទាប់ពីកិច្ចប្រជុំនេះ ប្រទេសឥណ្ឌូនេស៊ី និងទីម័រខាងកើតក៏បានព្រមព្រៀងគ្នាផងដែរ ក្នុងការពន្លឿនការដោះស្រាយព្រំដែនដីគោក និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរបស់ពួកគេ ដោយប្រទេសឥណ្ឌូនេស៊ីបានបោះទុនវិនិយោគចំនួន៨១៨លានដុល្លារ នៅក្នុងប្រទេសនេះរួចទៅហើយ៕