ក្រសួងសាធារណៈការជ្រើសរើសយកឆ្នាំ២០២៣ ជាឆ្នាំបន្តលើកកំពស់គុណភាព និងការកសាងហេដ្ឋារចនាសម្ព័ន្ឋ

0

   ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានថ្លែងថា មន្ត្រីរាជការទាំងអស់ ក៏បានឯកភាពរួមគ្នាផងដែរដោយកំណត់យកឆ្នាំ២០២៣ ជាឆ្នាំ “បន្តលើកកម្ពស់គុណភាព នៃការកសាងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព ចីរភាព បរិយាប័ន្ន និងការអភិវឌ្ឍធនធានមនុស្ស”។

លោកបានមានប្រសាសន៍បែបនេះ ក្នុងពិធីបិទសន្និបាតក្រសួងកាលពីរសៀលថ្ងៃទី១៦ កុម្ភៈកន្លងមកនេះ ក្រោមការអញ្ជើញចូលរួមជាអធិបតីពីលោកបណ្ឌិតអូន ព័ន្ឋមុនីរ័ត្នរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោកស៊ុន ចាន់ថុលបានបន្តថា ការកំណត់យកប្រធានបទនេះមកធ្វើជាទិសដៅរួម គឺដើម្បីឆ្លើយតបទៅនឹងបរិបទ នៃការរីកចម្រើនរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ន និងយោងតាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។

ចូលរួមក្នុងឱកាសនោះ លោកអូន ព័ន្ឋមុនីរ័ត្នបានផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ចំនួន១១ចំណុចធំៗ ដល់អង្គសន្និបាត ដែលមានខ្លឹមសារជាសង្ខេ​បដូចជា ទី១ បន្តជំរុញកិច្ចសហការជិតស្និទ្ធ ជាមួយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដើម្បីបញ្ចប់ផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា និងជំរុញការដឹកជញ្ជូនឆ្លងកាត់ព្រំដែន។ ទី២.ជំរុញការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា ដែលកំពុងដំណើរការសាងសង់ និងគម្រោងជាអាទិភាព និងជាទិសដៅសម្រាប់អនុវត្ត នៅក្នុងឆ្នាំ២០២៣ដើ​ម្បី​បញ្ចប់ឱ្យបានទាន់ពេលតាមផែនការគ្រោងទុក។

ទី៣.យកចិត្តទុកដាក់ពន្លឿននីតិវិធី ក្នុងការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ ដែលត្រូវបានចុះហត្ថលេខាជាផ្លូវការរួចហើយ លើកម្ចីសម្បទានជាមួយភាគីមិត្ត។ ទី៤.ជំរុញការសិក្សាឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ លើគម្រោងផ្លូវដែកអាទិភាព។ ទី៥.ជំរុញកិច្ចសហការជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការកសាង និង អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូទឹកកខ្វក់ និងទឹកភ្លៀង និងបន្តជំរុញពន្លឿនការរៀបចំ និងអនុម័តច្បាប់, ផែនការយុទ្ធសាស្ត្រ និងបទប្បញ្ញត្តិបច្ចេកទេសនានា។

ទី៦ជំរុញការរៀបចំ និងអនុម័តគោលនយោបាយ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យ សាធារណការ និងដឹកជញ្ជូន ដោយប្រើប្រាស់យានយន្តអគ្គិសនី (EV)។ ទី៧.ជំរុញការអភិវឌ្ឍលើប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងការធ្វើអាជីវកម្មកំពង់ផែ ឱ្យកាន់តែល្អប្រសើរឡើង។

ទី៨ ជំរុញការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ ទី៩ ជំរុញកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីពន្លឿនការរៀបចំច្បា​ប់​​ស្តីពី ការដឹកជញ្ជូនផ្លូវគោក ច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និង កំពង់ផែ; ច្បាប់ស្តីពីផ្លូវដែក; គោលនយោបាយ យុទ្ធសាស្រ្ត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ ទី១០.បន្តជំរុញការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធន​ធានមនុស្សថ្នាក់ឧត្តមសិក្សា និងវគ្គជំនាញបច្ចេកទេសសាធារណការ និង ដឹកជញ្ជូន តាមរយៈការបណ្តុះបណ្តាល នៅវិទ្យាស្ថានតេជោសែនសាធារ​ណការ និង ដឹកជញ្ជូន រួមទាំងការពង្រឹងសមត្ថភាពផ្នែកពិសោធន៍ សំណង់ហេដ្ឋារចនាសម្ព័ន្ធ នៅតាមមន្ទីរពិសោធន៍សំណង់ និង សាធារណការ ជាដើម។

ទី១១.បន្តលើកកម្ពស់គុណភាព នៃការផ្តល់សេវាសាធារណៈ ឱ្យបានកាន់តែល្អប្រសើរជូនប្រជាជន និង បង្ខិតសេវាសាធារណៈ ឱ្យកាន់តែទៅជិតប្រជាជន ព្រមទាំងបន្តដាក់ចេញ និងអនុវត្តន៍ប្រព័ន្ធស្វ័យប្រវត្តិកម្ម សម្រាប់ផ្តល់សេវាសាធារណៈថ្មីៗ ដែលស្ថិតនៅក្រោមការ- គ្រប់គ្រងរបស់ក្រសួងសាធារណការ និង ដឹកជញ្ជូនបន្ថែមទៀត៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here