អាជ្ញាធរក្រុងហុងកុង ចេញច្បាប់ថ្មីមិនអនុញ្ញាតការលក់ដីឱ្យទៅអ្នកទិញណាដែលបង្កបញ្ហា

0

ដោយៈ សុខុម

ហុងកុង: អចលនទ្រព្យនៅក្រុងហុងកុង ត្រូវបានគេទទួលស្គាល់ថាមានតម្លៃខ្ពស់បំផុតក្នុងពិភពលោក ប៉ុន្តែអ្វីដែលបណ្ដាវិនិយោគិនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅសប្តាហ៍នេះ គឺមិនមែនភ្ញាក់ផ្អើលចំពោះតម្លៃខ្ពស់កប់ពពកនោះឡើយ។

ការដេញថ្លៃជាសាធារណៈមួយ បានទម្លាយសេចក្ដីលម្អិតអំពីការលក់ដីរបស់រដ្ឋាភិបាលក្នុងសង្កាត់ Kowloon នៃក្រុងហុងកុង ដែលចែងថា អ្នកទិញនឹងបាត់បង់សិទ្ធិទិញ អចលនទ្រព្យនៅក្នុងទីក្រុងនេះ ប្រសិនបើរកឃើ​ញថា ពួកគេឬ ក្រុមហ៊ុនមេរបស់ពួកគេ ចូលរួមក្នុងសកម្មភាពដែល “បង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ” ឬ ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។

សារព័ត៌មាន CNN បានចុះកាលពីថ្ងៃពុធ ទី១៥ ខែកុម្ភៈ ថា នៅពេលកាសែតជាភាសាចិន Hong Kong Economic Times បានចុះផ្សាយជាលើកដំបូងអំពីការដាក់បញ្ចូលចំណុច សន្តិសុខជាតិនេះកាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ សន្ទស្សន៍អចលនទ្រព្យHang Seng ដែលជាអ្នកតាមដានសកម្មភាព របស់បណ្ដាក្រុមហ៊ុនអចលនទ្រព្យ ដែលបានចុះបញ្ជីក្នុងផ្សារហ៊ុនហុងកុង បានធ្លាក់ចុះដល់ទៅ៤,៩%។

ប៉ុន្តែទោះជាយ៉ាងណា សន្ទស្សន៍ផ្សារហ៊ុននេះ បានងើបឡើងវិញបន្តិចនៅថ្ងៃបន្ទាប់។

ច្បាប់សន្តិសុខដែលមានវិសាលភាពដ៏ធំទូលាយ និងដែលដាក់ទោសទណ្ឌចំពោះសកម្មភាពបំបែកខ្លួន វិទ្ធង្សនា សកម្មភាពភេរវករ និងការឃុបឃិតជាមួយកងកម្លាំងបរទេសនេះ ត្រូវបានដាក់ចេញក្នុងឆ្នាំ២០២០ និងត្រូវជាប់ពន្ធនាគារអតិបរមាមួយជីវិត។

ជាលទ្ធផល បណ្ដារដ្ឋាភិបាលបរទេស និងអង្គការសិទ្ធិមនុស្សបានរិះគន់យ៉ាងខ្លាំងចំពោះច្បាប់នេះ។

ជាការឆ្លើយតប អាជ្ញាធរហុងកុង បានអះអាងម្ដងហើយម្ដងទៀតថា ច្បាប់នេះបានជួយស្ដារសណ្ដាប់ធ្នាប់ និងស្ថរិភាព បន្ទាប់ពីផ្ទុះមហាបាតុកម្មប្រឆាំងរដ្ឋាភិបាល និងមហាបាតុកម្ម គាំទ្រលទ្ធិប្រជាធិបតេយ្យ នៅក្នុងទីក្រុងនេះក្នុងឆ្នាំ២០១៩៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here