ក្រុមហ៊ុនប្រេងលំដាប់យក្ស PTT ពង្រីកកិច្ចសហការជាមួយប្រទេសជិតខាងដើម្បីពង្រីកការរុករកប្រេង

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនប្រេងខ្នាតយក្សPTT Exploration and Production Plc (PTTEP) បន្តពង្រីកវិសាលភាពរបស់ខ្លួន និងស្វែងរកប្រភពប្រេងថ្មី នៅក្នុងប្រទេសម៉ាឡេស៊ី ដោយសហការជាមួយក្រុមហ៊ុនម៉ាឡេស៊ីចំនួន២។

ក្រុមហ៊ុនថាមពល PTT Plc បានបង្កើតការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនប្រេង និងឧស្ម័នរដ្ឋម៉ាឡេស៊ីPetronas និងក្រុមហ៊ុនPetroleum Sarawak Exploration & Production Sdn (PSEP) ដើម្បីចាប់ផ្តើមការរុករកប្រេង នៅឯនាយសមុទ្រក្នុងប្លុក SK325 ដែលមានទីតាំងនៅឆ្នេរសមុទ្រសារ៉ាវ៉ាក។

លោក Montri Rawanchaikul នាយកប្រតិបត្តិនៃក្រុមហ៊ុន PTTEP បានមានប្រសាសន៍ថា “យើងរីករាយដែលបានចូលរួមជាមួយក្រុមហ៊ុន Petronas និង PSEP នៅក្នុងឱកាសរុករកប្រេង ដ៏មានសក្តានុពលនេះ”។

លោកបានបន្តថា “ការវិនិយោគនេះ មិនត្រឹមតែបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនPTTEP ក្នុងការជំរុញកំណើននៅក្នុងតំបន់ ផ្តោតជាយុទ្ធសាស្រ្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងភាពជាដៃគូរបស់យើង ជាមួយក្រុមហ៊ុន Petronas និង PSEP ផងដែរ”។

ក្រុមហ៊ុនមេ PTTEP តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន PTTEP Sarawak Oil កាន់កាប់ភាគហ៊ុន៣២,៥ភាគរយ ក្នុងការបណ្តាក់ទុនរួមគ្នា ដោយភាគហ៊ុន៦០ភាគរយ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Petronas ដែលជាប្រតិបត្តិករនៃគម្រោង និង៧,៥ភាគរយកាន់កាប់ដោយក្រុមហ៊ុន PSEP ។

ក្រុមហ៊ុនដៃគូទាំងនេះ គ្រោងនឹងធ្វើការស្ទង់មតិរញ្ជួយដី3D និងការសិក្សាបច្ចេកទេសផ្សេងទៀតនៅឆ្នាំនេះ និងបន្ទាប់ដើម្បីវាយតម្លៃសក្តានុពលសម្រាប់ការផលិតប្រេង។

ការរុករកឃើញប្រេងឥន្ធនៈដោយជោគជ័យ ត្រូវបានធ្វើឡើងនៅក្នុងប្លុកជុំវិញ រួមទាំងប្លុក SK309 និងប្លុក SK311 ដែលដំណើរការដោយក្រុមហ៊ុន PTTEP ។

កាលពីមុននេះ ក្រុមហ៊ុន PTTEP ធ្លាប់បានចុះហត្ថលេខាលើកិច្ចសន្យាចែករំលែកផលិតកម្មជាមួយក្រុមហ៊ុន Petronas សម្រាប់ការរុករកប្រេងនៅឯនាយសមុទ្រនៅក្នុងប្លុក SK325 ក្នុងឆ្នាំ២០២២ផងដែរ។

ទោះបីជាយ៉ាងនេះក្តី ក្រុមហ៊ុន PTTEP មិន​បាន​បង្ហាញ​ពី​ថ្លៃចំណាយ​លើ​ការ​រុក​រក​របស់​ខ្លួន​សម្រាប់​គម្រោង SK325 នោះទេ។  ប្រាក់នោះនឹងត្រូវបែងចែក នៅក្រោមថវិកាវិនិយោគរយៈពេល៥ឆ្នាំ របស់ក្រុមហ៊ុន ដែលមានតម្លៃ២៩,១ពាន់លានដុល្លារអាមេរិក ដែលគ្រោងនឹងប្រើប្រាស់នៅចន្លោះឆ្នាំ២០២៣ និងឆ្នាំ២០២៧៕

LEAVE A REPLY

Please enter your comment!
Please enter your name here