ការវិនិយោគអចលនទ្រព្យនៅកម្ពុជាបច្ចុប្បន្នកាន់តែធ្វើពិធិធកម្មទីផ្សារ

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ការវិនិយោគលើវិស័យនានា ជាពិសេសនៅក្នុងវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ ឃើញថាមានការកើនឡើងគួរឱ្យកត់សម្គាល់ និងមានច្រើនទម្រង់ ច្រើនរបៀប ដែលអាចឱ្យអ្នកវិនិយោគមានជ្រើសច្រើន។

ការណ៍នេះធ្វើឡើង ដើម្បីរកប្រាក់ចំណេញរបស់ខ្លួន ដូចជាការទិញលក់ភ្លាម ការវិនិយោគក្នុងផ្សារហ៊ុន និងអភិវឌ្ឍ៍អចលនទ្រព្យលក់យកចំណេ​ញជាដើម។

លោកង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុ និងជាអ្នកវិនិយោគអចលនទ្រព្យមួយរូបនៅកម្ពុជាបានមានប្រសាសន៍ឱ្យដឹងថា កាលពីមុនការវិនិយោគអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជាភាគច្រើនឃើញ តែទម្រង់ទិញផ្ទះដើម្បីលក់យកចំណេញ ហើយប្រជាពលរដ្ឋនិងវិនិយោគិនក្នុងស្រុក តែងតែធ្វើបែបនេះ ។

កាលនោះដែរ បើនិយាយពីការវិនិយោគអចលនទ្រព្យ គឺគេផ្ដោតទៅលើតែការវិនិយោគពីខាងក្រៅប្រទេស ដោយមិនទាន់មានវិនិយោគិនក្នុងស្រុកដាក់ទុនវិនិយោគទូលំទូលាយនៅឡើយ។

លោកង៉ែត ជូនបានបន្តថា បច្ចុប្បន្នរូបភាព នៃការវិនិយោគអចលនទ្រព្យមានកាន់តែច្រើន និងមានក្រុមហ៊ុនវិនិយោគ លើអចលនទ្រព្យក៏ច្រើនដែរ។ ជាមួយគ្នានេះដែរ បណ្ដាធនាគារដែលគាំទ្រ ដល់ការវិនិយោគអចលនទ្រព្យ ក៏ឃើញថាមានច្រើនដូចគ្នា រហូតដល់មានក្រុមហ៊ុនមួយចំនួនឡើងផ្សារហ៊ុនផងដែរ ។

លោកបន្ថែមថា ទន្ទឹមនឹងការរីកចម្រើន និងការវិវត្តន៍ថ្មីនៃការវិនិយោគនេះដែរ ក៏មានហានិភ័យសម្រាប់អ្នកវិនិយោគផងដែរ ដូច្នេះហើយទាមទារឱ្យវិនិយោគិនដែលចង់ដាក់ទុនលើអ្វីមួយ មិនថាអចលនទ្រព្យឬវិស័យផ្សេងត្រូវការរៀនសូត្រ និងទទួលបទពិសោធន៍វិនិយោគជាមុនសិន។

លោកបន្តថា “បើនិយាយពីហានិភ័យ ទោះយើងធ្វើអ្វីក៏វាមានហានិភ័យដែរ ជាក់ស្ដែងបើសិនជាទុកដាក់ប្រាក់ នៅផ្ទះក៏មានហានិភ័យ ដាក់ធនាគារក៏មានហានិភ័យដែរ គ្រាន់តែដាក់នៅធនាគារ​មានហានិភ័យទាប តែបើសិនជាយើងមិនវិនិយោគអ្វីសោះ នោះហានិភ័យកាន់តែខ្ពស់ដែលនាំឱ្យសង្គមជាតិមានបញ្ហាដែរ”។

សម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជានេះ ការវិនិយោគដែលពេញនិយមនាពេលបច្ចុប្បន្ននេះ គឺការអភិវឌ្ឍលំនៅឋានសម្រាប់ផ្គត់ផ្គង់ជូនអតិថិជន ដែលមានតម្រូវការជាក់ស្ដែង នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុ​ប្បន្ននេះ តម្រូវការលំនៅឋានលើទីផ្សារមានកាន់តែច្រើន។ ដូច្នេះហើយទើបមានអ្នកវិនិយោគក្នុង និងក្រៅស្រុកជាច្រើន បានបណ្ដាក់ទុនវិនិយោគលើលំនៅឋាន កាន់តែច្រើនទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តនានា ។

លោកលី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងថា តម្រូវការលំនៅឋាននៅក្នុងប្រទេសកម្ពុជា នឹងកាន់តែមានច្រើនឡើងៗ ស្របនឹងប្រជាពលរដ្ឋកម្ពុជា ដែលរៀបការថ្មីៗនិងបែកពីគ្រួសារកាន់តែច្រើន។ ពួកគេទាំងនេះហើយដែលជាអតិថិជន នៃការស្វែងរកលំនៅឋានសម្រាប់ស្នាក់នៅ ។

លោកបន្តថា “យើងក្រលេកទៅមើលនៅរាជធានីភ្នំពេញ អ្នកជួលផ្ទះស្នាក់នៅមានច្រើនណាស់ ហើយនៅពេលពួកគេមានជីវភាព កាន់តែធូរឬនៅពេលពួកគេមានស្វាមី ភរិយា ពួកគេនឹងត្រូវការផ្ទះមួយសមរម្យ ដែលទាំងនេះហើយជាតម្រូវការ និងទាមទារឱ្យមានការវិនិយោគ លំនៅឋានកាន់តែច្រើនផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here