វៀតណាម នឹងផ្ដោតលើការអភិវឌ្ឍលំនៅដ្ឋានសម្រាប់ពលរដ្ឋមានប្រាក់ចំណូលទាបដើម្បីដោះស្រាយវិបត្តិ

0

 ដោយៈ សុខុម

ហាណូយ: រដ្ឋាភិបាលវៀតណាម នឹងបង្កើតគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានមួយ ជាពិសេសសម្រាប់ពលរដ្ឋដែលមានប្រាក់ចំណូលទាប ដើម្បីដោះស្រាយវិបត្តិផ្គត់ផ្គង់ក្នុងទីផ្សារអចលនទ្រព្យ។ នេះបើយោងតាមសារព័ត៌​មាន Vietnam News ចុះផ្សាយកាលពីចុងសប្ដាហ៍កន្លងទៅ។

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chính បានគូសបញ្ជាក់ថា ផែនការនេះនឹងជួយធ្វើឱ្យមានតុល្យភាពទីផ្សារ រវាងការផ្គត់ផ្គង់ និងតម្រូវការ ហើយរីកចម្រើនប្រកបដោយនិរន្តរភាព។

នាយករដ្ឋមន្ត្រី Pham Minh Chính បានថ្លែងបែបនេះក្នុងសន្និសទីថ្នាក់ជាតិមួយ នៅទីក្រុងហាណូយ កាលពីថ្ងៃសុក្រ សប្ដាហ៍មុន ដែលរៀបចំឡើង ក្នុងគោលបំណងលុបបំបាត់ឧបសគ្គ ក្នុងទីផ្សារអចលនទ្រព្យក្នុងស្រុក និងលើកកម្ពស់ការអភិវឌ្ឍរបស់ខ្លួន ប្រកបដោយសុវត្ថិភាព ភាពរឹងមាំ និងនិរន្តរភាព។

នាយករដ្ឋមន្ត្រីវៀតណាម រូបេះបានគូសបញ្ជាក់ថា ទីផ្សារអចលនទ្រព្យក្នុងស្រុកកំពុងប្រឈមនឹងបញ្ហាមួយចំនួន។

ទីផ្សារអចលនទ្រព្យវៀតណាម បានជួបបញ្ហាអតុល្យភាពដ៏ធ្ងន់ធ្ងររវាងការផ្គត់ផ្គង់ និងតម្រូវការ ដោយអចលនទ្រព្យតម្លៃថ្លៃ ត្រូវបានផ្គត់ផ្គង់ច្រើនក្នុងចំនួនច្រើនលើសលប់ ខណៈខ្វះលំនៅដ្ឋានធូរថ្លៃ សម្រាប់អ្នកដែលមានប្រាក់ចំណូលទាប។ ទន្ទឹមនេះ តម្លៃអចលនទ្រព្យក៏ថ្លៃហួសហេតុដែរ បើធៀបនឹងចំណូលមធ្យមក្នុងមនុស្សម្នាក់ៗ។

ការរាំងស្ទះផ្នែកច្បាប់ក៏កំពុងរារាំងផងដែរ ដល់ការអភិវឌ្ឍគម្រោងអចលនទ្រព្យ ដែលប៉ះពាល់ដល់ការផ្គត់ផ្គង់ គួបផ្សំនឹងការលំបាកក្នុងការទទួលបានដើមទុន រួមទាំងប្រភពពីឥណទាន មូលបត្របំណុលសាជីវកម្ម និងផ្សេងៗទៀតផងដែរ។

នាយករដ្ឋមន្ត្រី Pham Minh Chính ថ្លែងថា “បញ្ហាទីផ្សារអចលនទ្រព្យចាំបាច់ ត្រូវតែដោះស្រាយដោយស្មារតីចុះសម្រុង ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក និងការចែករំលែកហានិភ័យរវាងរដ្ឋ ប្រជាជន និងសហគ្រាស”។

លោកបានបន្ថែមទៀតថា “វាមានសារៈសំខាន់ណាស់ ដែលទីផ្សារអចលនទ្រព្យ ត្រូវស្វែងរកតុល្យភាពសម្រាប់ការផ្គត់ផ្គង់ និងតម្រូវការដែលនឹងឆ្លុះបញ្ចាំងនៅក្នុងតម្លៃ។ តម្លៃត្រូវតែជាកម្លាំងជំរុញដើម្បីជំរុញការអភិវឌ្ឍ មិនធ្វើឱ្យខូចដល់ការអភិវឌ្ឍនោះឡើយ”៕ Vietnam News៕

LEAVE A REPLY

Please enter your comment!
Please enter your name here