ក្រុមហ៊ុនចិនមួយគ្រោងវិនិយោគសួនឧស្សាហកម្មធំមួយផ្តោតលើបច្ចេកវិទ្យានិងគ្រឿងបន្លាស់រថយន្តនៅកម្ពុជា

0

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រុមហ៊ុនសញ្ញាតិចិនធំមួយបានបង្ហាញចំណាប់អារម្មណ៍ ក្នុងការមកវិនិយោគលើគម្រោងសួនឧស្សាហកម្មធំមួយ ដែលផ្តោតលើវិស័យបច្ចេកវិទ្យា និងគ្រឿងបន្លាស់រថយន្ត នៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុននោះគឺ ក្រុមហ៊ុន China City Industrial Group Co., Ltd. (CCIG) គ្រោងវិនិយោគគម្រោងបង្កើតសួនឧស្សាហកម្ម តំបន់វិនិយោគ ពហុបំណង មានជាការផលិតឧបករណ៍អេឡេចត្រូនិច គ្រឿងបន្លាស់រថយន្ត រួមទាំងគ្រឿងបន្លាស់ឧបករណ៍ផ្សេងៗ។ សង្វាក់នៃដំណើរការងារ គឺត្រូវការប្រើប្រាស់បុគ្គលិកប្រមាណពី ៥.០០០ទៅ ១០.០០០នាក់។

នេះបើយោងតាមការបង្ហើបឲ្យដឹងដោយលោក Li Ji Ling នាយកក្រុមហ៊ុន ក្នុងឱកាសជំនួបពិភាក្សាការងារជាមួយលោក ខៀវ កាញារីទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រុមហ៊ុន CCIG គ្រប់គ្រងដោយរដ្ឋនៅក្នុង ប្រទេសចិន ដែលភាគច្រើនបានចូលរួមក្នុងការផលិតរថយន្តថាមពលថ្មី ឧបករណ៍ប្រតិបត្តិការ គ្រឿងចក្រកសិកម្ម ជណ្តើរយន្ត ឧបករណ៍អគ្គិសនី និងគ្រឿងបន្លាស់រថយន្ត ការវិនិយោគភាគហ៊ុនឧស្សាហកម្ម ។

តាមរយៈគម្រោងវិនិយោគនេះដែរ ក្រុមហ៊ុនក៏នឹងធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈ តាមជំនាញនីមួយៗ ដើម្បីគាំទ្រដល់ដំណើរការអភិវឌ្ឍក្នុងវិស័យ កសិឧស្សាហកម្ម ផ្នែកបច្ចេកវិទ្យា ការដឹកជញ្ជួន អនាម័យបរិស្ថាន ហេដ្ឋារចនាសម្ពន្ធ័ ស្ពាន ថ្នល់ បំលាស់ផ្លូវរថភ្លើង ។

លោក Li Ji Ling បានមានប្រសាសន៍ថា នាចុងខែកុម្ភៈ ឆ្នាំ២០២៣នេះ លោក Gu Yifeng ប្រធានក្រុមហ៊ុន CCIG នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់ ពីគោលនយោបាយ និងបរិស្ថាននៃការវិនិយោគឧស្សាហកម្មនេះ និងចូលជួបសំដែងការគួរសមជាមួយថ្នាក់ដឹកនាំតាមបណ្តា ក្រសួង ស្ថាប័ន ពាក់ពន្ធ័ក្នុងវិស័យនិយោគទុន។

លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងនូវការស្វាគមន៍ចំពោះគម្រោងវិនិយោគរបស់ ក្រុមហ៊ុន China City Industrial Group Co. Ltd. នៅក្នុងប្រទេសកម្ពុជា ហើយកិច្ចការងារនេះ លោកបានស្នើឱ្យក្រុមការងាររបស់ក្រុមហ៊ុនទៅជួបពិភាក្សាការងារជាមួយ ក្រុមហ៊ុនប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ដែលមានភារកិច្ច ពិនិត្យសម្រេចលើគម្រោងអភិវឌ្ឍន៍ និងវិនិយោគនានា នៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here