កម្ពុជាកំពុងស្វែងរកដៃគូវិនិយោគលើគម្រោងផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ ប៉ោយប៉ែត

0

 ដោយៈ វឌ្ឈនៈ

ភ្នំពេញៈ គម្រោងផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបានសិក្សាចប់សព្វគ្រប់ហើយនោះ កំពុងស្វះស្វែងរកដៃគូវិនិយោគ ពីវិនិយោគិននានា ដែលមានចំណាប់អារម្មណ៍ក្នុងការអភិវឌ្ឍគម្រោងដ៏ធំមួយនេះ។

ក្នុងជំនួបជាមួយ Cherdkiat ATTHAKOR ឯកអគ្គរាជទូតថៃប្រចាំ កម្ពុជាកាលពីថ្ងៃទី២០ កុម្ភៈ២០២៣នេះ លោកស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានថ្លែងឱ្យដឹងថា កម្ពុជាកំពុងស្វែងរកដៃគូវិនិយោគ ការសាងសង់ផ្លូវដែកល្បឿនលឿនពីភ្នំពេញ ទៅប៉ោយប៉ែត ដែលមានតម្លៃជាង៤ពាន់លានដុល្លារ និងមានចម្ងាយ៣៨២គីឡូម៉ែត្រ ខណៈបច្ចុប្បន្នគម្រោងផ្លូវដែកនេះ បានសិក្សាចប់សព្វគ្រប់ហើយ ។

លោកបន្តថា ក្នុងជំនួបរវាងសម្តេចតេជោ នាយករដ្ឋមន្ត្រី និងលោកប្រធានាធិបតីចិន ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិន នាពេលកន្លងទៅថ្មីៗនេះ លោកប្រធានាធិបតីចិនបានគាំទ្រយ៉ាងខ្លាំង ចំពោះគម្រោ​ងផ្លូវដែកល្បឿនលឿនតភ្ជាប់ទៅថៃ តភ្ជាប់ទៅឡាវ និងតភ្ជាប់ទៅចិន និងបានផ្តល់ជំនួយ៤៥លានដុល្លារដល់កម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់ នៃគម្រោងផ្លូវដែកល្បឿនលឿនរបស់កម្ពុជានេះ។

លោកស៊ុន ចាន់ថុលបានឱ្យដឹងថា កម្ពុជា និងថៃ ក៏ដូចជាប្រទេសនានា ក្នុងមហាអនុតំបន់ទន្លេមេគង្គ អាចនឹងទាញបានអត្ថប្រយោជន៍យ៉ាងច្រើន ពីការដឹកជញ្ជូន តាមរយៈផ្លូវដែកល្បឿនលឿននេះ ដោយសារកម្ពុជាស្ថិតនៅចំកណ្តាល ដែលរំពឹងទុកថានឹងក្លាយជាមជ្ឈមណ្ឌលផលិត និងស្តុកទុកទំនិញឆ្លងកាត់ ពីប្រទេសមួយទៅប្រទេសមួយ នាពេលខាងមុខ ហើយក្រៅដឹកទំនិញផ្លូវដែកល្បឿនលឿននេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការដឹកជញ្ជូនភ្ញៀវទេសចរផងដែរ។

លោកក៏បានសំណូមពរឱ្យភាគីថៃ ពិនិត្យលទ្ធភាព ក្នុងការលើកកម្រិតផ្លូវដែកបច្ចុប្បន្ន ឱ្យទៅជាផ្លូវដែក ដែលមានខ្នាតទទឹងប្រវែង១.៤៣៥មីលីម៉ែត្រ ដើម្បីសម្រួលដល់ការដឹកជញ្ជូន ឱ្យកាន់តែមានប្រសិទ្ធភាព ងាយស្រួលក្នុងការតភ្ជាប់ និងកាត់បន្ថយការចំណាយពេលវេលាច្រើន។

លោកឧកញ៉ាស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាបានថ្លែងផងដែរថា បើសិនជាកម្ពុជាមានផ្លូវដែកល្បឿនលឿន នឹងធ្វើឱ្យការដឹកជញ្ជូ​នក្នុងប្រទេសកម្ពុជា កាន់តែមានភាពប្រកួតប្រជែង ជាមួយប្រទេសក្នុងតំបន់ក៏ដូចជាប្រទេសជិតខាងយើង ជាពិសេសនោះ គឺនឹងធ្វើឱ្យតម្លៃដឹកជញ្ជូនរបស់កម្ពុជាធ្លាក់ចុះមួយកម្រិត អ្វីដែលពិសេសទៀតនោះគឺការដឹកជញ្ជូនមានភាពលឿនរហ័ស ជំរុញកំណើនសេដ្ឋកិច្ចកាន់តែកើនឡើងថែមទៀតផង ។

លោកឧកញ៉ាបន្តថា បច្ចុប្បន្ននេះកម្ពុជាមានផ្លូវល្បឿនលឿន ពីភ្នំពេ​ញ ទៅក្រុងព្រះសីហនុហើយ ហើយកម្ពុជាក៏នឹងសាងសង់ផ្លូវល្បឿនលឿនមួយខ្សែទៀត ដែលផ្លូវល្បឿនលឿននេះ បានជួយសម្រួលដល់ការដឹកជញ្ជូនបានច្រើន ដោយចំណាយពេលវេលាខ្លី និងថវិកាតិច។ ចំណែកឯគម្រោងផ្លូវរថភ្លើងល្បឿនលឿន ក៏នឹងជួយកម្ពុជាឱ្យបង្កើនការដឹកជញ្ជូនបានច្រើនជាងមុន ធ្វើឱ្យសេដ្ឋកិច្ចដើរបានលឿនជាងមុនទៀតផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here