ដោយៈ ច្រាយ ចំណាន
ភ្នំពេញៈ លោកជំទាវមិថុនា ភូថង អភិបាលខេត្តកោះកុង បានអះអាងថា អាកាសយានដ្ឋានអន្ដរជាតិតារាសាគរ ស្ថិតក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង នឹងបើកការហោះហើរខ្លួនជាផ្លូវការ នៅពាក់កណ្ដាលឆ្នាំ២០២៣នេះ ដោយមិនពន្យារពេលទៀតនោះឡើយ។
លោកជំទាវបានថ្លេងបែបនេះ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី “ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តកោះកុង” ។
លោកស្រីមិថុនា ភូថងបានគូសបញ្ជាក់ថា “បច្ចុប្បន្ននេះអាកាសយានដ្ឋានអន្ដរជាតិតារាសាគរ បានសាងសង់រួចរាល់ទាំងស្រុង១០០ភាគរយហើយ រង់ចាំតែពេលវេលាបើកការហោះហើរប៉ុណ្ណោះ”។
អភិបាលខេត្តកោះកុង បានថ្លែងយ៉ាងដូច្នេះថា ព្រលានយន្ដហោះនៅតារាសាគរ គឺសាងសង់រួចរាល់១០០ភាគរយហើយ។ ក្រុមហ៊ុនបានបញ្ជាក់ថា នឹងកំណត់ការហោះហើរនៅពាក់កណ្ដាលឆ្នាំ២០២៣ ដោយមិនពន្យាពេលទៀតនោះឡើយ។
អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតក្នុងស្រុកបុទមសាគរ ខេត្តកោះកុង ជាវិនិយោគដោយក្រុមហ៊ុនចិន Union Development Group ក្នុងទំហំទឹកប្រាក់២០០លានដុល្លារ (ដំណាក់កាលទី១) ជាការវិនិយោគសម្រាប់គាំទ្រ ដល់ពហុបំណង វិស័យទេសចរណ៍។
អាកាសយានដ្ឋាននេះ មានសមត្ថភាពផ្តល់ការចុះចតប្រភេទយន្តហោះលំដាប់4E បាន ដូចជា យន្តហោះប្រភេទ Boeing-777 និង Airbus A-340/A-350។

អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះផងដែរថា ក្រុមហ៊ុនពិតជាបានជូនដំណឹងពីការបញ្ចប់ និងគ្រោងបើកដំណើរការព្រលានយន្តហោះនេះ នៅខែមិថុនា ខាងមុខពិតប្រាកដមែន ប៉ុន្តែប្រសិនជាមានការប្រែប្រួលបែបណាទៀត យើងមិនអាចបញ្ជាក់ជាមុនបាននោះទេ៕