ក្រសួងដឹកនាំក្រុមប្រតិបត្តិករទេសរណ៍ទៅកាន់សហគមន៍អេកូទេសចរណ៍ចំនួន៥ ដើម្បីរៀបចំកញ្ចប់ទស្សនកិច្ច

0

    ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្រុមមន្រ្តីក្រសួងទេសចរណ៍ នឹងដឹកនាំក្រុមការី និងប្រតិបត្តិករទេសចរណ៍ ដើម្បីសិក្សាស្វែងយល់ពីសហគមន៍ទេសចរណ៍សំខាន់ៗចំនួន៥ មុននឹងផ្សព្វផ្សាយនិងដាក់ចូលកញ្ចប់ទស្សនកិច្ចរបស់ពួកគេ។

លោកជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃច័ន្ទទី២០ កុម្ភៈថា ក្រុមការងារក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិ គម្រោងព្រៃឡង់បៃតង អង្គការកម្មវិធីផ្លាស់បទពិសោធន៍ អនុផលព្រៃឈើកម្ពុជា (NTFP-EP/Cambodia) នឹងសហការដឹកនាំការីទេសចរណ៍សំខាន់ៗ ធ្វើទស្សនកិច្ចទៅកាន់សហគមន៍ អេកូទេសចរណ៍ចំនួន៥ រួមមាន សហគមន៍ទេសចរណ៍ទឹកធ្លាក់តាំងយូ សហគមន៍ទេសចរណ៍ដាតាវឹក និងសហគមន៍ទេសចរណ៍ទឹកធ្លាក់ចាក់អង្រែ ដែលស្ថិតនៅតំបន់ភ្នំត្បែងមានជ័យ ខេត្តព្រះវិហារ សហគមន៍អេកូទេសចរណ៍កោះសាមសិប នៅខេត្តក្រចេះ និងសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន នៅខេត្តស្ទឹងត្រែង។

លោកបន្តថា ការធ្វើទស្សនកិច្ចនេះ គឺចាប់ពីថ្ងៃទី២១-២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីឱ្យការីទេសចរណ៍ ដែលជាអ្នករៀបចំកញ្ចប់ទស្សនកិច្ច បានឃើញពីផលិតផលទេសចរណ៍នៅតាមសហគមន៍ និងអេកូទេសចរណ៍ទាំង៥នោះ សំដៅទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ បង្កើនការមកទស្សនាគោលដៅទាំងនោះ។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកថោង ខុនបានលើកឡើងនូវអនុសាសន៍ណែនាំឱ្យវិស័យឯកជន ពិសេសក្រុមហ៊ុនទេសចរណ៍ និងការីទេស​ចរណ៍ទាំង ក្នុងក្របខណ្ឌសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) សមាគមទីភ្នាក់ងារ ទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) និងបណ្តាអ្នករៀបចំកញ្ចប់ទស្សនកិច្ចឯកជន ជួយបញ្ចូលគោលដៅសហគមន៍ទាំង៥ខាងលើ ទៅក្នុងកញ្ចប់ទស្សនកិច្ចរបស់ខ្លួន ក៏ដូចជា ជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅដល់ភ្ញៀវទេសចរ និងស្នើឱ្យពង្រឹងការគាំទ្រជួយដល់សហគមន៍ តាមរយៈការប្រើប្រាស់សេវា របស់សហគមន៍ឱ្យបានច្រើន ដែលជាការលើកទឹកចិត្តដល់ការចូលរួម របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here