កម្ពុជាស្នើថៃផ្តល់ជំនួយតភ្ជាប់ផ្លូវជាតិលេខ៥៥និងលើកកម្ពស់ផ្លូវ ដែកភ្ជាប់ប្រទេសទាំងពីរ

0

ដោយៈ សុផារី

ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើសុំឱ្យប្រទេសថៃពិភាក្សាក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលនៅសល់ត្រឹមតែមួយគីឡូម៉ែត្រទៀតប៉ុណ្ណោះ ដើម្បីភ្ជាប់មកផ្លូវជាតិលេខ៥៥របស់កម្ពុជា និងលើកកម្រិតផ្លូវដែកបច្ចុប្បន្នឱ្យទៅជាផ្លូវដែក ដែលមានខ្នាតទទឹងវែង ដើម្បីតភ្ជាប់ប្រទេសទាំងពីរ។

ការស្នើសុំនេះធ្វើឡើងក្នុងឱកាស ដែលលោកទេសរដ្ឋមន្ត្រីជួបពិភា​ក្សាជាមួយលោក Cherdkiat ATTHAKOR ឯកអគ្គរាជទូតថៃ ប្រចាំនៅកម្ពុជា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។

លោកស៊ុន ចាន់ថុល ក៏បានសំណូមពរឱ្យភាគីថៃ ពិនិត្យលទ្ធភាព ជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលនៅសល់ត្រឹមតែមួយគីឡូ​ម៉ែត្រទៀតប៉ុណ្ណោះ ដើម្បីភ្ជាប់មកផ្លូវជាតិលេខ៥៥ របស់កម្ពុជា។

លោកទេសរដ្ឋមន្ត្រីក៏បានសំណូមពរឱ្យភាគីថៃ ពិនិត្យលទ្ធភាព ក្នុងការលើកកម្រិតផ្លូវដែកបច្ចុប្បន្ន ឱ្យទៅជាផ្លូវដែក ដែលមានខ្នាតទទឹងប្រវែង១.៤៣៥មីលីម៉ែត្រ ដើម្បីសម្រួលដល់ការដឹកជញ្ជូន ឱ្យកាន់តែមានប្រសិទ្ធភាព ងាយស្រួលក្នុងការតភ្ជាប់ និងកាត់បន្ថយការចំណាយពេលវេលាច្រើន ស្របពេលដែលកម្ពុជា កំពុងស្វែងរកដៃគូវិនិយោគ ការសាងសង់ផ្លូវដែកល្បឿនលឿនពីភ្នំពេញ ទៅប៉ោយប៉ែត ដែលមានតម្លៃជាង៤ពាន់លានដុល្លារ មានចម្ងាយ៣៨២គីឡូម៉ែត្រ ខណៈបច្ចុប្បន្នគម្រោងផ្លូវដែកនេះ បានសិក្សាសមិទ្ធលទ្ធភាពចប់សព្វគ្រប់ហើយ។

កន្លងមក រាជរដ្ឋាភិបាលថៃ បានផ្តល់ជំនួយលើការអភិវឌ្ឍវិស័យហេ ដ្ឋារចនាសម្ព័ន្ធខេត្ត ស្ថិតនៅតាមខ្សៃបន្ទាត់ព្រំដែន ដូចជា ផ្លូវជាតិលេខ៤៨ លេខ៦៧ និងលេខ៦៨ ជាដើម ដែលរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន និងបម្រើឱ្យផលប្រយោជន៍របស់ប្រជាជន និងប្រទេ​សទាំងពីរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here