អភិបាលខេត្តកោះកុងៈផ្លូវជាតិលេខ១០ពីកោះកុងទៅបាត់ដំបងសម្រេចវឌ្ឍនភាពសាងសង់ជិត៧០ភាគរយហើយ

ចែករំលែក

ដោយៈ សុផារី

កោះកុងៈ គិតមកដល់ពេលនេះ ការសាងសង់ផ្លូវជាតិលេខ១០ ពីខេត្តកោះកុង ទៅកាន់ខេត្តបាត់ដំបង សម្រេចវឌ្ឍនភាពសាងសង់បានជិត៧០ភាគរយហើយ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំក្រោយ។

នេះបើតាមការបញ្ជាក់របស់លោកជំំទាវ មិថុនា ភូថងអភិបាលនៃគណៈអភិបាលខេត្តកោះកុង ដែលបានថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។

លោកស្រីអភិបាលខេត្តបានឱ្យដឹងថា “ការសាងសង់ផ្លូវជាតិលេខ១០ ដែលចេញលាតសន្ធឹងពីខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង មានប្រវែង១៩៧,៣៧គីឡូម៉ែត្រ ទទឹងតួផ្លូវសរុបចំនួន៩ម៉ែត្រ ប្រភេទផ្លូវកៅស៊ូពីរស្រទាប់ (DBST) កំពុងបន្តការសាងសង់ និងសម្រេចបានប្រ​មាណ៦៩,២៨%”។

ជាមួយគ្នានេះ លោក សុខ លូ អភិបាលខេត្តបាត់ដំបងបានបញ្ជាក់កាលពីពេលថ្មីៗនេះថា ផ្លូវជាតិលេខ១០ នឹងក្លាយជាផ្លូវដ៏សំខាន់មួយជួយសម្រួល ដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាមួយប្រទេសជិតខាងផងដែរ។

ផ្លូវជាតិលេខ១០នេះ មានប្រវែងសរុបជាង១៩៧គីឡូម៉ែត្រ ដែលនឹងត្រូវចំណាយថវិកា សរុបប្រមាណ១៨៨លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានពីរដ្ឋាភិបាលចិន ត្រូវបានបើកការដ្ឋានសាងសង់កាល ពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពរបស់សម្តេចតេជោហ៊ុន សែន៕


ចែករំលែក