តើអ្នកធុរកិច្ចជប៉ុនវិនិយោគលើវិស័យសំខាន់ៗអ្វីខ្លះនៅកម្ពុជា?

0

  ដោយៈ ជេស៊ីកា

       ភ្នំពេញៈ គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគជប៉ុនចំនួន១៥០គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ២.៩ប៊ីលានដុល្លារ។

គម្រោងវិនិយោគជប៉ុនដែលលេចធ្លោ មានដូចជា គម្រោងវិនិយោគផ្សារទំនើប គម្រោងវិនិយោគបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ត គម្រោងវិនិយោគបង្កើតរោងចក្រផលិតម៉ូទ័រខ្នាតតូច គម្រោងវិនិយោគបង្កើតរោងចក្រ ផលិតឧបករណ៍អគ្គិសនី និងគម្រោងវិនិយោកលើវិស័យសំំណង់ និងអាជីវកម្មមន្ទីរពេទ្យជាដើម។

លោកYogo Kanda ប្រធានសមាគមធុរកិច្ចជប៉ុនប្រចាំកម្ពុជា (JBAC) បានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំលើកទី២៥ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្រោមអធិបតីភាពរបស់លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការ CDC និងលោកAtsushi UENO ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប្រទេសជប៉ុន (JICA) អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) និងតំណាងក្រុមហ៊ុនជប៉ុន ដែលមានប្រតិបត្តិការវិនិយោគនៅកម្ពុជា។

លោកបានលើកឡើងពីតម្លាភាព ភាពអាចប៉ាន់ប្រមាណទុកជាមុនបាន និងស្ថិរភាពនយោបាយនៅកម្ពុជា។

លោកលោកYogo Kanda ក៏បានសម្តែងនូវក្តីសោមនស្សរបស់ខ្លួន ក្នុងនាមតំណាងក្រុមហ៊ុនជប៉ុន ដែលកំពុងមានប្រតិបត្តិការធុរកិច្ច និងវិនិយោគនៅកម្ពុជា ដោយបានលើកជូនអង្គប្រជុំ អំពីភាពជោគជ័យរបស់ក្រុមហ៊ុនជប៉ុនមួយចំនួនដូចជា ក្រុមហ៊ុន AEON Mall (Cambodia) Co., Ltd. ដែលបានបើកឱ្យដំណើរការផ្សារទំនើប AEON សាខាទី៣, ក្រុមហ៊ុន MinebeaMitsumi ដែលបានប្រារព្វពិធីអបអរសាទរខួបលើកទី១១ នៃប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា និងក្រុមហ៊ុន Sumi Wiring ដែលបានពង្រីកបន្ថែមរោងចក្រទី៣ កាលពីឆ្នាំ២០២២ ជាដើម។

លោកបញ្ជាក់ថា “ភាពជោគជ័យរបស់ធុរជន និងវិនិយោគិនជប៉ុននៅកម្ពុជា នឹងក្លាយជាកាតាលីករដ៏សំខាន់ ក្នុងការទាក់ទាញធុរជន និងវិនិយោ​គិនជប៉ុន មកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត”៕

  

LEAVE A REPLY

Please enter your comment!
Please enter your name here