មកស្គាល់ឈ្មោះឧទ្យានជាតិ និងតំបន់ការពារធនធានធម្មជាតិគ្របដណ្តប់លើផ្ទៃដីជាង១លានហិកតានៅខេត្តកោះកុង

0

  ដោយៈ គង់ សូរិយា

       ភ្នំពេញៈ អភិបាលខេត្តកោះកុង លោកជំទាវមិថុនា ភូថងបានមានប្រ​សាសន៍ឲ្យដឹងថា ក្នុងមូលដ្ឋានខេត្ដកោះកុង មានតំបន់ការពារធម្មជាតិចំនួន១០តំបន់ ដែលមានផ្ទៃដីទំហំជាង១លានហិកតា។

តើតំបន់ការពារធម្មជាតិ និងឧទ្យានជាតិទាំង១០នោះមានឈ្មោះអ្វីខ្លះ? ទី១ ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ៨៩ អនក្រ.បក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦។ គ្របដណ្តប់លើ៤ខេត្តគឺ កោះកុង ពោធិ៍សាត់ កំពង់ស្ពឺ និងព្រះសីហនុ មានផ្ទៃដីសរុប ៤១០,៣៩២ហិកតា។ គ្របដណ្តប់លើខេត្តកោះកុងទំហំ ៣៦០,៥៩៤ហិកតា។

ទី២ ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ៨១ អនក្រ.បក ចុះ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦។ គ្របដណ្តប់លើ៣ខេត្តគឺ កោះកុង ពោធិ៍សាត់ និងកំពង់ស្ពឺ មានផ្ទៃដីសរុប ៤០១,៣១៣ហិកតា។ គ្របដណ្តប់លើខេត្តកោះកុង ទំហំ២៣១,៦០៧ហិកតា។

ទី៣៖ ដែនជម្រកសត្វព្រៃតាតៃ ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ៨០ អនក្រ.បក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ គ្របដណ្តប់លើ៤ស្រុក និង១ក្រុង នៃខេត្តកោះកុង គឺ កោះកុង បុទុមសាគរ មណ្ឌលសីមា ថ្មបាំង និងក្រុងខេមរភូមិន្ទ មានផ្ទៃដីសរុប ១៤៤,២៧៥ហិកតា។

ទី៤ របៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ (ជួរភ្នំក្រវាញ) ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ០៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ មានផ្ទៃដីសរុប ១៦៩,៤៦៩ហិកតា គ្របដណ្តប់លើខេត្តកោះកុងទំហំដី១៣,១២១ហិកតា។

ទី៥ ឧទ្យានជាតិសមុទ្រកោះរ៉ុង ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ១៤ អនក្រ.បក ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ គ្របដណ្តប់លើ២ខេត្តគឺ កោះកុង និងព្រះសីហនុ មានផ្ទៃដីសរុប៥២,៤៤៨ហិកតា។

ទី៦ ឧទ្យានជាតិបុទុមសាគរ ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ គ្របដណ្តប់លើ៣ស្រុក នៃខេត្តកោះកុងគឺ គិរីសាគរ កោះកុង និងបុទុមសាគរ មានផ្ទៃដីសរុប១៧១,២៥០ហិកតា។

ទី៧ តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ គ្របដណ្តប់លើ២ស្រុក នៃខេត្តកោះកុងគឺ ស្រែអំបិល និងបុទុមសាគរ មានផ្ទៃដីសរុប២៧,៧០០ហិកតា។

ទី៨ ដែនជម្រកសត្វព្រៃពាមក្រសោប ទី៩ តំបន់រ៉ាមសារកោះការពិ ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣។ គ្របដណ្តប់លើ២ស្រុក និង១ក្រុង នៃខេត្តកោះកុងគឺ មណ្ឌលសីមា កោះ​កុង និង ក្រុងខេមរភូមិន្ទ មានផ្ទៃដីសរុប២៣,៧៥០ហិកតា។

ទី១០ ដែនជម្រកសត្វព្រៃភ្នំសំកុស ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣។ គ្របដណ្តប់លើ២ខេត្តគឺ កោះកុង និងពោធិ៍សាត់។ គ្របដណ្តប់លើខេត្តកោះកុង ទំហំដីសរុប១៦,៦៧០ហិកតា៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here