ដោយ: គង់ លាងហួរ
ភ្នំពេញ: ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានជំរុញឱ្យសមភាគីថៃ ពន្លឿនការសាងសង់អគាររដ្ឋបាល នៅច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន និងរៀបចំឯកសារពាក់ព័ន្ធ ដើម្បីភាគីទាំងពីរអាចបើកច្រកព្រំដែនទ្វេរភាគីនាពេលខាងមុខ។
ការលើកឡើងនេះ បានធ្វើឡើងក្នុងជំនួបកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ រវាងក្រុមមន្ត្រីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា (MPWT) ដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងគណៈប្រតិភូការទូតថៃ ដឹកនាំដោយលោក Cherdkiat Atthakor ដែលជាឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាអំពីវឌ្ឍនភាព និងការអភិវឌ្ឍនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេរភាគីលើគ្រប់វិស័យ ជាពិសេសការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការវិនិយោគ។
-->
លោក ស៊ុន ចាន់ថុល បានបញ្ជាក់ប្រាប់លោក Atthakor ថា “ការសាងសង់ច្រកទ្វារអន្តរជាតិស្ទឹងបត់ថ្មី ក្នុងក្រុងប៉ោយប៉ែត កំពុងដំណើរការទៅតាមផែនការ ហើយរំពឹងថានឹងបើកឱ្យដំណើរការដឹកជញ្ជូនធុនធ្ងន់ រវាងកម្ពុជា និងថៃ ដើម្បីសម្រួលដល់ពាណិជ្ជកម្មទំនិញ ហើយការឆ្លងកាត់នេះនឹងរួមចំណែកកាត់បន្ថយការកកស្ទះ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត”។

លោក វ៉ាស៊ីម សូរិយា អនុរដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា “មន្ត្រីថៃបាននឹងកំពុងធ្វើការជាមួយអ្នកម៉ៅការសំណង់នៅព្រំដែនអន្តរជាតិ Ban Non Ian ក្នុងស្រុក Aranyaprathet នៃខេត្តស្រះកែវរបស់ប្រទេសថៃ”។
លោកបានបន្តថា “តាមអ្វីដែលខ្ញុំដឹង ពួកគេត្រូវពិនិត្យឡើងវិញនូវកិច្ចសន្យាផ្ទៃក្នុងរវាងពួកគេ និងអ្នកម៉ៅការ”។
លោកបានបញ្ជាក់ថា “ប្រហែលជាពួកគេអាចរៀបចំឯកសារ ដើម្បីស្វែងរកក្រុមហ៊ុនថ្មីមួយដើម្បីកាន់កាប់ ឬបន្តការសាងសង់អគាររដ្ឋបាលច្រកទ្វារអន្តរជាតិរបស់ពួកគេ”។
លោក ស៊ុន ចាន់ថុល បានស្នើឱ្យសមភាគីថៃ ធ្វើឱ្យប្រសើរឡើងនូវទទឹងផ្លូវដែកដល់១,៤៣៥ម៉ែត្រ ដើម្បីបង្កើនការដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព ដែលនឹងមានភាពងាយស្រួលក្នុងការតភ្ជាប់ និងកាត់បន្ថយការចំណាយពេលវេលា ក្នុងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
លោកស៊ុន ចាន់ថុល ក៏បានស្នើឱ្យសមភាគីថៃ ពិចារណាលើការសាងសង់ផ្លូវ ដែលនៅសល់មួយគីឡូម៉ែត្រទៀត ក្នុងប្រទេសថៃ នៅក្បែរព្រំដែន ដើម្បីតភ្ជាប់ទៅផ្លូវជាតិលេខ៥៥របស់កម្ពុជាផងដែរ៕