អ្នកជំនាញលើកឡើងពីប្រភេទវិនិយោគិននិងប្រភេទអចលនទ្រព្យដែលសក្តិសមសម្រាប់វិនិយោគនៅឆ្នាំ២០២៣

0

ដោយ៖ សុផារី

ភ្នំពេញ៖ ការវិនិយោគអចលនទ្រព្យ គឺជាមុខរបរមួយ ដែលមានច្រើនទម្រង់ហើយក៏អាចផ្តល់ផលចំណេញខុសៗគ្នា ទៅតាមប្រភេទការវិនិយោគនីមួយៗ។ អ្នកជំនាញអចលនទ្រព្យបានប្រាប់ពីប្រភេទនៃអ្នកវិនិយោគចំនួនបីប្រភេទ និងប្រភេទនៃអចលនទ្រព្យ ដែលសក្តិសមសម្រាប់ការវិនិយោគ នៅក្នុងឆ្នាំ២០២៣នេះ។

លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា CVEA បានបែងចែកអ្នកវិនិយោគចេញជាបីប្រភេទ។ អ្នកវិនិយោគប្រភេទទី១ គឺអ្នកវិនិយោគ ដែលសម្លឹងមើលពីហានិភ័យទាប ដូច្នេះផលទទួលបានត្រលប់មកវិញក៏ទាបទៅតាមនោះដែរ។

លោកមានប្រសាសន៍ថា សម្រាប់ប្រភេទនេះ ផលចំណេញ ដែលទទួលបានត្រលប់មកវិញ ប្រហែល៥%ទៅ១៥% គឺមានការកើនឡើងតម្លៃតិច ហើយក៏ទទួលបានប្រាក់ជួលត្រឡប់មកវិញ ដូចជា ខុនដូ ផ្ទះ អាផាតមិន ការិយាល័យ ជាដើម។

លោកបន្តថា ចំណែកឯ ប្រភេទអ្នកវិនិយោគទី២ គឺគាត់សម្លឹងមើលឃើញពីផលចំណេញដែលទទួលបានត្រលប់មកពីចន្លោះ១៥% ទៅ៣០% ។ សម្លឹងមើលនៅតំបន់ ដែលកំពុងអភិវឌ្ឍន៍ ដូចជា តំបន់ជាយក្រុងជាដើម ដែលសុទ្ធតែជាតំបន់មានសក្តានុពលទទួលបានផលចំណេញត្រលប់មកវិញ ប៉ុន្តែការលក់អាចនឹងងាយលក់ ឬរៀងយូរបន្តិចទើបអាចលក់ចេញ អាស្រ័យទៅតាមទីតាំង ហើយអចលនទ្រព្យប្រភេទនឹងជួលអត់សូវបានទេ បើមានការជួលក៏ជួលបានតិចតួចដែរ។

លោកបន្ថែមថា អ្នកវិនិយោគទី៣ គឺសម្លឹងមើលទៅលើការទទួលបានផលចំនេញខ្ពស់ តែក៏មានហានិភ័យខ្ពស់ដូចគ្នាដែរ។ ហានិភ័យលើអចលនទ្រព្យប្រភេទនេះ មិនមែនជាការខាតបង់ទាំងអស់នោះទេ គឺជាហានិភ័យដែលជាប់គាំងលក់អត់ចេញ ត្រូវវិនិយោគយូរឆ្នាំ ទម្រាំគេអភិវឌ្ឍន៍ដល់ ទើបងាយស្រួលក្នុងការលក់ចេញ។

លោកបញ្ជាក់ថា “ភាគច្រើនអ្នកវិនិយោគប្រភេទហ្នឹងគាត់មានព័ត៌មាននៅក្នុងដៃ កន្លែងណា ដែលគេនឹងអភិវឌ្ឍន៍នាពេលអនាគត ហើយអចលនទ្រព្យភាគច្រើនជាប្រភេទ ដី តែជួលមិនសូវបាននោះទេ តែផលចំនេញ ដែលទទួលបានគឺខ្ពស់ ចន្លោះពី៣០% ដល់៥០%”។

 

អ្នកនាង គឹម គិនកេសា ប្រធានជាន់ខ្ពស់នៃក្រុមហ៊ុនCBRE Cambodiaបានមានប្រសាសន៍ថា មុនពេលសម្រេចចិត្តវិនិយោគ វិនិយោគិនគួរស្វែងយល់អោយបានច្បាស់លាស់លើទីតាំងភូមិសាស្ត្រ និងសេដ្ឋកិច្ច ក្នុងតំបន់នោះ ដោយទីតាំងនីមួយៗអាចមានចលករសេដ្ឋកិច្ចខុសៗគ្នា ហើយត្រូវពិចារណាលើរយៈពេលវិនិយោគក្នុងវិស័យទាំងនេះ អាចមានរយៈពេលមធ្យម និងវែង និងធ្វើការសិក្សានូវនិន្នាការទីផ្សារឱ្យបានល្អិតល្អន់មុនពេលវិនិយោគ៕

LEAVE A REPLY

Please enter your comment!
Please enter your name here