អ្នកឧកញ៉ា គិត ម៉េង ជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាចិនសម្រាប់លើកកម្ពស់ពាណិជ្ជកម្មអន្ដរជាតិ

0

ដោយ : ចរិយា

(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាចិនសម្រាប់ការលើកកម្ពស់ និងពាណិជ្ជកម្មអន្តរជាតិ ខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយលោក ឈិន ហុងឡាំង អនុប្រធានប្រធាន ក្រុមប្រឹក្សាចិនសម្រាប់ការលើកកម្ពស់ និងពាណិជ្ជកម្មអន្តរជាតិ ខេត្តហៃណាន ព្រមទាំងមានការអញ្ជើញចូលរួមពីធុរជន វិនិយោគិន ពីប្រទេសចិន និងកម្ពុជា ប្រមាណ៨០នាក់។ ជំនួបធុរកិច្ចនេះ ផ្តោតជាសំខាន់ទៅលើការជំរុញធុរកិច្ច និងវិនិយោគរវាងខេត្តហៃណា ប្រទេសចិន និងកម្ពុជា។

ក្នុងឱកាសនេះ ក៏មានការចុះអនុស្សរណយោគយល់រវាងសភាពាណិជ្ជកម្មកម្ពុជា និងក្រុមក្រុមប្រឹក្សាចិន សម្រាប់ការលើកកម្ពស់ និងពាណិជ្ជកម្មអន្តរជាតិ ខេត្តហៃណានផងដែរ ក្នុងគោលបំណងពន្លឿន កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបង្កើនវិសាលភាពការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា និងខេត្តហៃណាន ប្រទេសចិន។

អ្នកឧកញ៉ាប្រធាន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូខេត្តហៃណាន មកកាន់កម្ពុជា ស្របពេលនឹងខួបលើកទី៦៥ឆ្នាំ នៃទំនាក់ទំនងកាទូតកម្ពុជា-ចិន។ អ្នកឧកញ៉ា បានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរលើគ្រប់វិស័យ និងបានអញ្ជើញវិនិយោគិន ខេត្តហៃណាន សិក្សាស្វែងយល់ និងពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជា។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំហំពាណិជ្ជកម្មកម្ពុជាចិន កើនឡើងជាលំដាប់ គឺលើសពីទំហំគោលដៅកំណត់ ដោយរដ្ឋាភិបាលនៃប្រទេសពីរទៅទៀត។ ចំណែកឯការវិនិយោគដោយផ្ទាល់វិញ ចិនបានវិនិយោគទៅលើវិស័យសំខាន់ៗ រួមមាន ដូចជា វិស័យកាត់ដេរសម្លៀកបំពាក់ សំណង់ រ៉ែ ថាមពល កសិកម្ម និងទេសចរណ៍។

អ្នកឧកញ៉ាប្រធាន បានជម្រាបជូន គណៈប្រតិភូខេត្តហៃណាន អំពីដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅនេះ នៅសាធារណរដ្ឋប្រជាមានិតចិន ហើយរដ្ឋាភិបាលប្រទេសទាំងពីរ បានឯកភាពបង្កើតក្របខណ្ឌសហប្រតិបត្តិការត្បូងពេជ្រ ដែលផ្តោតជាសំខាន់ទៅលើវិស័យអាទិភាពចំនួន៦ រួមមាន៖ កិច្ចសហប្រតិបត្តិការនយោបាយ គុណភាព និងសមត្ថភាពផលិតកម្ម វិស័យកសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។

អ្នកឧកញ៉ា គិត ម៉េង បានសង្កត់ធ្ងន់ថា ក្របខណ្ឌសហប្រតិបត្តិការថ្មីនេះ រួមនិងយន្តការដែលមានស្រាប់ ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជាចិន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ និងកិច្ចសហប្រតិបត្តិការមេគង្គឡានឆាង ពិតជាផ្តល់នូវកាលានុវត្តភាពធុរកិច្ចបន្ថែមទៀត សម្រាប់វិស័យឯកជន។

ក្នុងឱកាសនោះផងដែរ អ្នកឧកញ៉ាប្រធាន បានចែករំលែកពីសក្តានុពលពាណិជ្ជកម្ម និងការរីកចម្រើនសេដ្ឋកិច្ច ដែលធ្វើឲ្យកម្ពុជាក្លាយជាទឹកដី នៃឱកាស និងបានអញ្ជើញធុរជនខេត្តហៃណានមកបំពេញទស្សនកិច្ចជាបន្តបន្ទាប់ទៀតនៅកម្ពុជា។ អ្នកឧកញ៉ាប្រធាន នឹងដឹកនាំគណៈប្រតិភូធុរកិច្ចកម្ពុជាបំពេញទស្សនកិច្ច នៅខេត្តហៃណាន នាខែឧសភាខាងមុខ។

លោក ឈិន ហុងឡាំង អនុប្រធានប្រធានក្រុមប្រឹក្សាចិន សម្រាប់ការលើកកម្ពស់ និងពាណិជ្ជកម្មអន្តរជាតិ ខេត្តហៃណាន បានថ្លែងអំណរគុណចំពោះ អ្នកឧកញ៉ា គិត ម៉េង ដែលបានទទួលស្វាគមន៍គណៈប្រតិភូចិនខេត្តហៃណាន យ៉ាងកក់ក្តៅ និងបានរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ដែលពិតជាចូលរួមចំណែកដល់ការពង្រឹងទំនាក់ទំនង រវាងស្ថាប័នទាំងពីរ និង ទំនាក់ទំនងធុរកិច្ចកម្ពុជា និងខេត្តហៃណាន។

លោកសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូខេត្តហៃណាននាពេលនេះ គឺជាលើកទី១ក្នុងរយៈពេល៣ឆ្នាំ ហើយកម្ពុជាគឺជាប្រទេសទី១ ដែលគណៈប្រតិភូខេត្តហៃណានបំពេញទស្សនកិច្ច។ នេះបញ្ជាក់ឲ្យឃើញថា កម្ពុជា គឺជាប្រទេសអាទិភាពសម្រាប់គណៈប្រតិភូហៃណាន។ លោកក៏បានធ្វើការចែករំលែកពីសក្តានុពលកំពង់ផែពាណិជ្ជកម្មសេរីហៃណាន ដែលជាច្រកនៃការវិនិយោគនៅក្រៅប្រទេស ដែលនឹងបន្តពង្រឹង ទំហំនាំចេញ-នាំចូល ព្រមទាំងទេសចរណ៍។

លោកបានគោរពអញ្ជើញ អ្នកឧកញ៉ា គិត ម៉េង ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចូលរួមកម្មវិធី សំខាន់ៗដូចជា ១៖ វេទិកាធុរកិច្ចអាស៊ីខាងកើតលើកទី៨, ២៖ ពិព័រណ៍កូនហ្គោល ទេសចរណ៍ និងវប្បធម៍អន្តរជាតិចិន (ហៃណាន), ៣៖ សប្តាហ៍ជំរុញការរចនាច្នៃប្រឌិតអន្តរជាតិចិន និង៤៖ ពិព័រណ៍ឧស្សាហកម្មសមុទ្រអន្តរជាតិចិន។ កិច្ចប្រជុំបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ ក្នុងបរិយាកាសស្និទ្ធស្នាលជាភាតរៈ៕

LEAVE A REPLY

Please enter your comment!
Please enter your name here